Home ព័ត៌មានជាតិ អប់រំ ក្រសួងអប់រំ ប...

ក្រសួងអប់រំ បានកំណត់យកថ្ងៃទី១១ មករា ២០២១ ជាកាលបរិច្ឆេទប្រឡងបាក់ឌុប

 

ដោយៈ ដេប៉ូ / ភ្នំពេញៈ ទីបំផុត ក្រសួងអប់រំ យុវជន និងកីឡា បានកំណត់យកថ្ងៃទី១១ ខែមករា ឆ្នាំ២០២១ ខាងមុខនេះ ជាកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឬហៅថា បាក់ឌុប សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០។ ទោះបីយ៉ាងណា ក្នុងការប្រឡងនេះដែរ ក្រសួងអប់រំ បានប្រគល់សិទ្ធិ និងការទទួលខុសត្រូវ ឲ្យមន្ទីរអប់រំ និងសាលា ជាអ្នករៀបចំការប្រឡង។

យោងតាមលិខិតរបស់ លោករដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោកបណ្ឌិតសភាចារ្យ ហង់ ជួន ណារ៉ុន ដែលបានផ្ញើជូនដល់ សមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ បានបញ្ជាក់ថាៈ បន្ទាប់ពីទទួលបាន គោលការណ៍ពី សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា ក្រសួងអប់រំ នឹងរៀបចំការប្រឡង សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ សម្រាប់ឆ្នាំសិក្សា ២០១៩-២០២០ នៅតាមគ្រឹះស្ថានមធ្យមសិក្សា (ទុតិយភូមិ) តាមលំនាំ នៃការប្រឡង សញ្ញាបត្រមធ្យមសិក្សាបឋមភូមិ។

លិខិតខាងលើនេះ បានបញ្ជាក់បន្ថែមថាៈ ក្រសួង នឹងប្រគល់សិទ្ធិអំណាច និងការទទួលខុសត្រូវ ទាំងស្រុង ទៅដល់មន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត និងគណៈគ្រប់គ្រង នៃគ្រឹះស្ថានមធ្យមសិក្សា ទាំងក្នុងដំណាក់កាលរៀបចំ ដំណាក់កាលសំណេរ ដំណាក់កាលកំណែ ដំណាក់កាលបូកស្រង់ និងការប្រកាសលទ្ធផល។ ក្រសួងអប់រំ នឹងទទួលស្គាល់លទ្ធផល នៃការប្រឡង តាមគ្រឹះស្ថានមធ្យមសិក្សា ដើម្បីជាមូលដ្ឋាន សម្រាប់ការចេញ សញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ។

ក្នុងលិខិតដដែលនេះ បានបញ្ជាក់បន្ថែមថាៈ ហេតុនេះ ក្រសួង សម្រេចកំណត់ សម័យប្រឡង ១១ មករា ២០២១ ជាកាលបរិច្ឆេទ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ឆ្នាំសិក្សា ២០១៩-២០២០។ ក្រសួង នឹងចេញសេចក្តីណែនាំលម្អិត ស្តីពីការរៀបចំ និងការប្រព្រឹត្តទៅ នៃការប្រឡងសញ្ញាបត្រ មធ្យមសិក្សាទុតិយភូមិ ក្នុងពេលឆាប់ៗនេះ។

ជាមួយគ្នានេះ ក្រសួងអប់រំ ក៏បានស្នើសុំឱ្យសមាគមគ្រឹះស្ថាន ឧត្តមសិក្សាកម្ពុជា មេត្តាសម្របសម្រួលផ្ទៃក្នុង និងផ្តល់ព័ត៌មានត្រឡប់ អំពីគ្រឹះស្ថានសិក្សាឯកជន ដែលមិនមានលទ្ធភាព រៀបចំការប្រឡង ដោយខ្លួនឯង មកក្រសួងវិញ ត្រឹមថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២០ ដើម្បីធ្វើការពិនិត្យ និងសម្រេច៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular