Home ព័ត៌មានជាតិ សង្គម អង្គការជីវិតន...

អង្គការជីវិតនៅកម្ពុជា ៖ ប្រើបច្ចេកវិទ្យាថ្មី ក្នុងការផ្លាស់ប្ដូរផ្នត់គំនិត ស្ដីបន្ទោសជនរងគ្រោះ

ដោយៈ បញ្ញាសាស្រ្ត / ភ្នំពេញៈ អង្គការជីវិតនៅកម្ពុជា មានទីតាំងនៅខេត្តសៀមរាប ហើយជាអង្គការ ដែលត្រូវបានគេស្គាល់ថា ជាអ្នកឈ្នះពានរង្វាន់ប្រចាំឆ្នាំ សម្រាប់យុទ្ធនាការ បញ្ឈប់អំពើហិង្សា និងការយាយីយែនឌ័រ នៅក្នុងប្រទេសកម្ពុជា។ ជារៀងរាល់ឆ្នាំ អង្គការជីវិតនៅកម្ពុជា ចូលរួមក្នុងទិវា ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សាយេនឌ័រ ដែលបានចាប់ផ្តើម នៅថ្ងៃទី ២៥ ខែវិច្ឆិកា និងបញ្ចប់នៅថ្ងៃ១០ ធ្នូ  ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ។

ក្នុងរយៈពេល ៣ ឆ្នាំមកនេះ សមាសធាតុសំខាន់ នៃយុទ្ធនាការប្រចាំឆ្នាំ គឺជាខ្សែភាពយន្តខ្លី រយៈពេល ២នាទី។ នៅឆ្នាំ ២០១៨ ខ្សែភាពយន្ដ ដែលមានចំណងជើងថា “ការការពារ” ទទួលបានការទស្សនា ជាង ១,១ លានដង ព្រមទាំងបានទទួលពានរង្វាន់អន្តរជាតិ ចំនួន៥ ។ បន្ទាប់ពីនេះ ខ្សែភាពយន្ត “គុណធម៌អ្នកប្រយុទ្ធ” ឆ្នាំ២០១៩ ដែលចូលរួមសម្តែង ដោយលោក ចាន់ រតនា និងកញ្ញា នូវ ដាណា ទទួលបានការទស្សនា ដល់ទៅជាង ១,៣ លានដង និងឈ្នះពានរង្វាន់អន្តរជាតិ ចំនួន ៤ ផ្សេងទៀត រួមមាន ពានរង្វាន់អន្តរជាតិ សម្រាប់យុទ្ធនាការល្អបំផុត ដែលប្រើថវិកាតិច។ នៅឆ្នាំ២០២០នេះ ខ្សែភាពយន្តខ្លី ចំណងជើងថា “មិនមែនកំហុសនាង” ហាក់បីដូចជានឹងទទួលការគាំទ្រ លើសយុទ្ធនាការមុនៗ។

ដើម្បីឲ្យប្រជាជនកម្ពុជា ជាច្រើននាក់ បានយល់ដឹង ពីយុទ្ធនាការនេះ យុទ្ធនាការផ្សព្វផ្សាយ អំពីអំពើហិង្សាក្នុងគ្រួសារ ឆ្នាំ២០២០ របស់អង្គការជីវិតនៅកម្ពុជា សង្កត់ធ្ងន់លើ ការមិនស្តីបន្ទោស ជនរងគ្រោះ ហើយខ្សែភាពយន្តខ្លី “មិនមែនកំហុសនាង” ត្រូវបានគេមើលជិត ១,៤ លានដងហើយ (គិតត្រឹមថ្ងៃទី ៧ ខែធ្នូ ឆ្នាំ ២០២០) ។ ខ្សែភាពយន្តខ្លី និងយុទ្ធនាការ ពាក់ព័ន្ធស្នើឱ្យប្រជាជនកម្ពុជាទាំងអស់ ងាកមកផ្ដល់ការគាំទ្រដល់ស្ត្រី ជាជាងធ្វើការស្ដីបន្ទោសពួកគាត់។

ការស្តីបន្ទោសជនរងគ្រោះ បានក្លាយជាផ្នែកមួយ នៃវប្បធម៌ខ្មែរ ដោយសារការប្រើប្រាស់ សុភាសិតខ្មែរ មួយចំនួន។ ខ្សែភាពយន្ត “មិនមែនកំហុសនាង” ផ្តោតលើសុភាសិតមួយគឺ៖ “ទំពក់វាទៅ ទើបព្នៅវាមក”។ សុភាសិតនេះ មានន័យថា គ្មានអ្វីកើតឡើង ដោយគ្មានមូលហេតុឡើយ។ នៅក្នុងបរិបទ នៃអំពើហិង្សា និងការយាយីយែនឌ័រ ត្រូវបានប្រើក្នុងន័យថា ស្ត្រីជនរងគ្រោះ ប្រាកដជាបានធ្វើអ្វីមួយ ដែលបណ្តាលឱ្យភាគីបុរស ប្រើអំពើហិង្សា ឬយាយីនាង។ និយាយឲ្យចំ គឺវាជាកំហុសរបស់នាង។ នៅពេលដែលវប្បធម៌ ត្រូវបានប្រើ ដើម្បីពង្រឹងការស្តីបន្ទោសជនរងគ្រោះនោះ ការផ្លាស់ប្តូរផ្នត់គំនិត របស់មនុស្ស មិនមែនជាការងាយនោះទេ។ ដើម្បីផ្លាស់ប្តូរផ្នត់គំនិតនេះ អង្គការជីវិតនៅកម្ពុជា បានសង្កត់ធ្ងន់ លើវប្បធម៌ដែលមិនគាំទ្រ ការស្តីបន្ទោសលើជនរងគ្រោះ និងដោះស្រាយ ការមាក់ងាយ ពីសង្គមលើពួកគេ ដែលទាក់ទងនឹងអំពើហិង្សា និងការយាយីយែនឌ័រ។

អង្គការជីវិតនៅកម្ពុជា បានប្រមូលផ្តុំរឿងរ៉ាវ របស់ស្ត្រីជាច្រើន ហើយបានជ្រើសរើសយករឿង ចំនួន ២៤ ជាតំណាងឲ្យស្ថានភាពផ្សេងគ្នា ក្នុងជីវិតប្រចាំថ្ងៃ របស់ស្រ្តី និងក្មេងស្រី។ រឿងទាំងនេះ ត្រូវបានប្រើ ដើម្បីបង្កើតការតាំងពិព័រណ៍ តាមអ៊ិនធើណេតមួយ ដែលបង្ហាញ ពីពេលវេលាខុសៗគ្នា នៅផ្នែកផ្សេងៗគ្នា ក្នុងផ្ទះខ្មែរមួយខ្នង។ អ្នកទស្សនាពិព័រណ៍ តាមអ៊ិនធើណេតនេះ អាចមើលជុំវិញផ្ទះនេះបាន ហើយពួកគេនឹងប្រទះឃើញសម្លៀកបំពាក់របស់ស្ត្រី និងក្មេងស្រី ជាច្រើន នៅទីតាំងផ្សេងៗគ្នា។ ពួកគេអាចអាន ឬស្តាប់រឿងរ៉ាវក្នុងសម្លៀកបំពាក់នីមួយៗបានជាភាសាខ្មែរ ឬអង់គ្លេស។ Kasia Sumislawska ជាអ្នកបង្កើត ពិព័រណ៍នេះបានបន្ថែមថា “ការតាំងពិព័រណ៍បែបនេះមិនធ្លាប់មានពីមុនមកនៅប្រទេសកម្ពុជាទេ”។ អ្នកថតរូប៣៦០ដឺក្រេ ជូលៀន ថូម៉ាស បាននិយាយថា “ឱកាសចូលរួមចំណែក ក្នុងយុទ្ធនាការបែបនេះ ពិតជាអស្ចារ្យណាស់!” ។

លោក Billy Gorter នាយកប្រតិបត្តិ នៃអង្គការជីវិតនៅកម្ពុជា បានមានប្រសាសន៍ថាៈ “យើងសង្ឃឹមថា ការតាំងពិព័រណ៍នេះ នឹងមានអ្នកចូលរួមច្រើន ព្រោះវា នឹងអនុញ្ញាតឱ្យយើង ផ្សព្វផ្សាយសារ ដ៏សំខាន់ថា អ្វីដែលស្ត្រី ឬក្មេងស្រីម្នាក់ ស្លៀក នៅពេលនាងរងគ្រោះ ពីអំពើហិង្សា ការយាយី ឬការរំលោភបំពាន គឺមិនពាក់ព័ន្ធអ្វីនឹងគ្នាឡើយ” ។

លោកបានបន្តថាៈ អង្គការជីវិតនៅកម្ពុជា មិនប្រើត្រឹមតែប្រព័ន្ធផ្សព្វផ្សាយសង្គម និងការតាំងពិព័រណ៍ ដើម្បីដោះស្រាយ អំពើហិង្សាប្រឆាំងនឹងស្ត្រី និងកុមារ នៅក្នុងប្រទេសកម្ពុជា ប៉ុណ្ណោះទេ។ តែពួកគេ ក៏មានក្រុមការងារ ដែលខិតខំប្រឹងប្រែង ធ្វើការជារៀងរាល់ថ្ងៃ ដើម្បីដោះស្រាយអំពើហិង្សា ប្រឆាំងយែនឌ័រ នៅក្នុងសហគមន៍ ខេត្តសៀមរាប ផងដែរ។ កម្មវិធីជីវិតគ្មានអំពើហិង្សា របស់ពួកគេ ធ្វើការដើម្បីកាត់បន្ថយអត្រា អំពើហិង្សាប្រឆាំងនឹងស្ត្រី និងកុមារ នៅក្នុងប្រទេសកម្ពុជា និងផលប៉ះពាល់ទៅលើ ស្ត្រី ក្មេងស្រី កុមារ គ្រួសារ និងសហគមន៍ទាំងមូល។

សូមជម្រាបថា អស់រយៈពេលដប់ពីរ (១២) ឆ្នាំមកនេះ អង្គការជីវិតនៅកម្ពុជា បានសួរសហគមន៍កម្ពុជា អំពីបញ្ហាប្រឈមដ៏ធ្ងន់ធ្ងរបំផុត ដែលពួកគេបានជួបប្រទះ ហើយអំពើហិង្សា ក្នុងគ្រួសារ តែងតែជាបញ្ហាមួយ ក្នុងចំណោមបញ្ហាចម្បងបី ដែលពួកគេលើកឡើង។ ការលើកឡើងនេះ មិនមានអ្វីគួរឲ្យភ្ញាក់ផ្អើលនោះទេ។ 

បុរសកម្ពុជាម្នាក់ ក្នុងចំណោមបីនាក់ បានសារភាពថា ពួកគេធ្លាប់ប្រើអំពើហិង្សា ទៅលើដៃគូរបស់គេ ដែលនេះ បង្ហាញពីទំហំ នៃបញ្ហាអំពើហិង្សានៅកម្ពុជា។ ក្នុងចំណោមស្ត្រីទាំងអស់ ដែលទទួលរង នូវអំពើហិង្សា មានតែស្ត្រីចំនួន ២៤% ប៉ុណ្ណោះ ដែលស្វែងរកជំនួយនេះ អាចបណ្ដាលមកពីចំនួន អ្នកយល់ដឹងថា ការប្រើអំពិហិង្សា ជាអំពើល្មើសច្បាប់ ដែលមានតែចំនួន ៨% ប៉ុណ្ណោះ។

កញ្ញា ហុង សារិទ្ធិ អ្នកសម្របសម្រួល កម្មវិធីជីវិតគ្មានអំពើហិង្សា បានអោយដឹងថាៈ «អំពើហិង្សាកើតឡើង ជាប្រចាំ ក្នុងគ្រួសារ និងជាកត្តារារាំង ដល់ការអភិវឌ្ឍ នៅក្នុងសហគមន៍ទាំងមូល ដូច្នេះយើងធ្វើការជាមួយ គណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារ និងអាជ្ញាធរមូលដ្ឋាន រួមទាំងប៉ូលិសផងដែរ ដើម្បីសហការជាមួយពួកគាត់ ក្នុងការជួយដល់ក្រុមគ្រួសារ ដោះស្រាយបញ្ហាអំពើហិង្សា។ យើងក៏ផ្តល់ការគាំទ្រ ដល់ការគ្រប់គ្រងករណី និងគណៈកម្មាធិការ ទទួលបន្ទុកកិច្ចការនារី និងកុមារផងដែរ»។

ការតាំងពិព័រណ៍តាមអ៊ិនធើណេត នឹងត្រូវចាប់ផ្តើម នៅថ្ងៃទី១០ ខែធ្នូ ដែលជាទិវាសិទ្ធិមនុស្សអន្តរជាតិ ហើយក៏ជាថ្ងៃចុងក្រោយ នៃយុទ្ធនាការ ១៦ថ្ងៃ ដើម្បីបញ្ចប់អំពើហិង្សា ទាក់ទងនឹងយេនឌ័រផងដែរ។ លោកអ្នក អាចចូលរួម ការតាំងពិព័រណ៍តាមអ៊ិនធើណែត https://thislife.ngo/not-her-fault  ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular