ដោយ៖ដេប៉ូ / ភ្នំពេញ៖ ក្រសួងអប់រំយុវជននិងកីឡានៅថ្ងៃទី១០ខែធ្នូឆ្នាំ២០២០នេះ បានចេញសេចក្តីជូនដំណឹងជាថ្មីមួយបន្ថែមទៀត ពីការបន្តផ្អាកសកម្មភាពអប់រំនិងកីឡា ក្រោយព្រឹត្តិការណ៍២៨វិច្ឆិកា ដែលជាការរីករាលដាលឆ្លងជំងឺកូវីដ-១៩នៅតាមសហគមន៍រួចមក។
ក្នុងសេចក្តីជូនដំណឹងខាងលើនេះ ក្រសួងអប់រំនិងកីឡាបានបញ្ជាក់ថាដើម្បីចៀសវាងការឆ្លងជំងឺកូវីដ១៩ ចូលក្នុងគ្រឹះស្ថានសិក្សា និងរីករាលដាលក្នុងសហគមន៍ក្រសួងអប់រំ បានដាក់ចេញនូវវិធានការដូចជា៖ ចាប់ពីថ្ងៃជូនដំណឹងនេះតទៅ រហូតដល់ព្រឹត្តិការណ៍សហគមន៍២៨បានបញ្ចប់៖ ១៖ផ្អាករាល់សកម្មភាពជួបជុំ សិក្ខាសាលា និងកិច្ចប្រជុំដែលមានអ្នកចូលរួមលើសពី២០នាក់។ ២៖ផ្អាកដំណើរការគ្រឹះស្ថានឧត្តមសិក្សាសាធារណៈនិងគ្រឹះស្ថានសិក្សាឯកជន ជាបណ្តោះអាសន្នដោយបន្តការបង្រៀននិងរៀនតាមអនឡាញ។ ៣៖ផ្អាករាល់ការហាត់ប្រាណនិងលេងកីឡាដែលមានលក្ខណៈប្រមូលផ្តុំ។
ក្រសួងអប់រំបានបញ្ជាក់បន្ថែមលើសេចក្តីជូនដំណឹងរបស់ខ្លួនដែរដោយកំណត់ឱ្យមន្ទីរអប់រំ យុវជន និងកីឡារាជធានី ខេត្ត គណៈគ្រប់គ្រងគ្រឹះស្ថានសិក្សា បុគ្គលិក មាតាបិតា អ្នកអាណាព្យាបាល និស្សិត សិស្សានុសិស្សគ្រប់រូប ចូលរួមសហការអនុវត្តប្រកបដោយស្មារតីទទួលខុសត្រូវខ្ពស់៕