ដោយ៖បញ្ញាសាស្ត្រ / ភ្នំពេញ៖ ថ្វីត្បិតតែបាត់មុខពីសិល្បៈរាងយូរបន្តិចមែន ប៉ុន្តែ តារាចម្រៀង សន វិជ្ជបុត្រ នៅតែផ្សារភ្ជាប់ខ្លួនជាមួយនឹងសិល្បៈជាហូរហែរ គ្រាន់តែមិនសូវបង្ហាញមុខតាមរយៈការសម្តែងឬ ច្រៀងកម្មវិធីផ្សេងៗប៉ុណ្ណោះ។ បើទោះបីជាមានបញ្ហារឿងមុខជំនួញក្នុងសម័យកូវីដ តែតារាចម្រៀង ដែលមានទឹកចិត្តសប្បុរសរូបនេះ នៅតែបង្ហាញកាយវិការមនុស្សធម៌របស់ខ្លួនជានិច្ច។
ជាក់ស្តែងកាលពីថ្ងៃទី០៨ ខែធ្នូនេះឯកឧត្តម សន វុជ្ជបុត្រ បានធ្វើដំណើរផ្ទាល់ទៅកាន់ទឹកដីនៃខេត្តស្វាយរៀងដើម្បីសួរសុខទុក្ខសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ថែមទាំងបាននាំយកនូវអំណោយជាសម្ភារៈគ្រឿងឧបភោគបរិភោគរួមទាំងថវិកាមួយចំនួនទៅឧបត្ថម្ភជូនដល់គាត់ផងដែរ។ឯកឧត្តម បញ្ជាក់ថាសិល្បករជើងចាស់ផ្នែកចាប៉ីដងវែងលោកតា អ៊ិន សារុន ដែលជាមរតកមនុស្សរស់ ដែលបច្ចុប្បន្នលោកតាកំពុងរស់នៅយ៉ាងកម្សត់នៅភូមិត្រពាំងរុន២ ចន្ត្រី ស្រុករមាសហែក ខេត្តស្វាយរៀង ដែលលំនៅដ្ឋានគាត់ឆ្ងាយពីទីប្រជុំវជនមានការលំបាកខ្លាំង។
ការចុះសួរសុខទុក្ខ លើកទឹកចិត្ត និងបាននាំយកអំណោយខ្លះៗជួយដល់គាត់គ្រាន់សម្រាលការលំបាកបានមួយគ្រា ហើយបើទោះបីមិនច្រើនប៉ុន្តែជាទឹកចិត្តដែល លោក អាចជួយបាន បើទោះបីជាពេលនេះមុខជំនួញរបស់លោក ក៏ដូចជាប្រជាពលរដ្ឋជាច្រើនមានបញ្ហាប្រឈមផ្ទាល់ និងប្រយោលដោយជំងឺកូវីដ១៩ក៏ដោយ។
ក្រោយពីជួបសួរសុខទុក្ខវីរសិល្បករខាងលើ តារាចម្រៀង សន វិជ្ជបុត្រ ក៏បន្តដំណើរទៅចែកកង់ចំនួន៦គ្រឿងចែកជូនដល់សិស្សក្រីក្រដែលគ្មានលទ្ធភាពទិញកង់ធ្វើដំណើរទៅសិក្សា ក្នុងនោះក៏មានទាំងសម្ភារៈសិក្សាដល់សិស្សរៀននៅសាលាបឋមសិក្សាភូមិធំថ្មី ក្នុងទឹកដីភូមិព្រះធាតុ ស្រុកកំពង់ត្របែក ខេត្តព្រៃវែងផងដែរ។
គួរបញ្ជាក់ដែរថា នេះមិនមែនជាលើកទី១ទេ ដែលតារាចម្រៀង សន វិជ្ជបុត្រ បង្កើតឲ្យមានសកម្មភាពមនុស្សធម៌ឡើង ដែលកន្លងទៅគេបានឃើញតារាចម្រៀងរូបនេះ ធ្លាប់បានចុះចែកអំណោយដោយការចំណាយថវិកាផ្ទាល់ខ្លួន និងទទួលបានពីសប្បុរសជនក្នុងនិងក្រៅប្រទេសជាហូរហែ ទាំងការជួយដល់ក្មេងកំព្រា គ្រួសារជនរងគ្រោះក្រីក្រ ចាស់ជរាគ្មានទីពឹងជាដើម៕