ដោយ:គូលែន/សៀមរាប: កាលពីព្រឹកថ្ងៃទី០៩ ខែធ្នូ ឆ្នាំ២០២០ រដ្ឋបាលសង្កាត់សៀមរាប ដោយមានលោក ម៉ៃ សាមេត ចៅសង្កាត់សៀមរាប បានបន្តប្រើប្រាស់ថវិកាសេវាសង្គម ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ ទិញសម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ចែកជូនសិស្សានុសិស្ស និងគ្រួសារពលរដ្ឋ ដែលមានជីវភាពខ្វះខាតចំនួន២៧គ្រួសារ មកពីភូមិចំនួន៨ភូមិ ក្នុងសង្កាត់សៀមរាប។
លោកចៅសង្កាត់សៀមរាប បានបញ្ជាក់ថា សម្ភារៈប្រើប្រាស់ប្រចាំថ្ងៃ ដែលនាំមកចែកជូន រួមមានកង់ចំនួន១៥គ្រឿង សម្រាប់សិស្សានុសិស្សចំនួន១៥នាក់ ដែលមានលំនៅដ្ឋានឆ្ងាយសាលារៀន និងធុងចម្រោះទឹកស្អាតចំនួន១២ឈុត សម្រាប់គ្រួសារពលរដ្ឋដែលមានជីវភាពខ្វះខាត ដើម្បីរួមចំណែកលើកស្ទួយសុខមាលភាពគ្រួសារទាំងនេះមានភាពប្រសើរឡើងផងដែរ។
លោកបានបន្តថា ថវិកាសេវាសង្គម ប្រចាំត្រីមាសទី៤ ឆ្នាំ២០២០ ដែលនៅសល់ លោកចៅសង្កាត់ នឹងបន្ត ទិញសម្ភារៈប្រើប្រាស់ចែកជូនដល់បងប្អូនប្រជាពលរដ្ឋ ដែលមានជីវភាពខ្វះខាតនៅថ្ងៃទី១០និង១១ ខែធ្នូ ឆ្នាំ២០២០ខាងមុខបន្តទៀត ៕