ដោយៈ ប.ខុន / ភ្នំពេញៈ អាជ្ញាធរខេត្តព្រះសីហនុ និងមន្ត្រីជំនាញកសិកម្ម រួមជាមួយដៃគូអភិវឌ្ឍន៍ ចុះពិនិត្យបណ្តុំអាជីវកម្ម ចិញ្ចឹមត្រីអណ្តែង បណ្តុំអាជីវកម្មបកក្តាម និងប្រមូលទិញសាច់ក្តាម នៅស្រុកព្រៃនប់ ដែលកំពុងចាប់ផ្តើម ប្រមូលផល និងធ្វើអាជីវកម្ម។
លោក នេន ចំរើន ប្រធានមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តព្រះសីហនុ បានប្រាប់ឱ្យរស្មីកម្ពុជាដឹង នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ថាៈ កាលពីថ្ងៃទី៩ ធ្នូ លោក (នេន ចំរើន) និងលោក គង់ វិតាណៈ អភិបាលរង ខេត្តព្រះសីហនុ តំណាងឱ្យលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ រួមជាមួយមន្ត្រីជំនាញ និងប្រធានក្រុមទីប្រឹក្សា Aspire ចុះពិនិត្យមើល ការប្រមូលផលស្រូវ របស់កសិករ នៅឃុំទឹកល្អក់ និងពិនិត្យមើលបណ្តុំ អាជីវកម្មចិញ្ចឹមត្រី នៅឃុំសាមគ្គី, បណ្តុំអាជីវកបកក្តាម និងបណ្តុំអាជីវកម្មចិញ្ចឹមមាន់ នៅឃុំទឹកថ្លា ក្នុងស្រុកព្រៃនប់។
មន្ត្រីខាងលើ បានបញ្ជាក់ថាៈ បណ្តុំអាជីវកម្មចិញ្ចឹមត្រីអណ្តែង មាន ៦៣ គ្រួសារ ក្នុងនេះមានចំនួន ៦ គ្រួសារ បានប្រមូលផលវគ្គទី១ និងបានដាក់កូនត្រី សារជាថ្មីម្តងទៀតវគ្គទី២។ កសិករចំនួន ៥៧ គ្រួសារទៀត ប្រមូលផលវគ្គទី១ បានប្រមាណជា ៥០ ភាគរយ ដោយមានតម្លៃចន្លោះពី ៧.០០០ រៀល ទៅ ៨.០០០ រៀល ក្នុងមួយគីឡូក្រាម។
ចំពោះបណ្តុំអាជីវកម្មបកក្តាម និងប្រមូលទិញសាច់ក្តាម លោក នេន ចំរើន បាននិយាយថាៈ មានចំនួន ៤៥ គ្រួសារ ប្រមូលសាច់ក្តាម បានជាមធ្យម ចន្លោះពី ៧០ ទៅ ៨០ គីឡូក្រាម ក្នុងមួយថ្ងៃ ដោយសាច់ក្តាមលេខ១ មានតម្លៃ ១០ ម៉ឺនរៀល និងលេខ២ តម្លៃ ២ ម៉ឺនរៀល ផ្តល់ឱ្យទៅឈ្មួញ នៅខេត្តកោះកុង៕/V