ដោយៈ ដេប៉ូ / ភ្នំពេញៈ ក្រសួងបរិស្ថាន ដែលក្នុងនេះមានលោក សៅ សុភាព រដ្ឋលេខាធិការ ក្រសួងបរិស្ថាន និងជាប្រធានអង្គភាព អនុវត្តគម្រោង «និរន្តរភាពតំបន់ទេសភាព និងទេសចរណ៍ ធម្មជាតិកម្ពុជា» បានដឹកនាំកិច្ចប្រជុំ តាមអនឡាញ ដើម្បីបូកសរុបលទ្ធផល បេសកកម្មគាំទ្រ ការអនុវត្តគម្រោងលើកទី៤ កាលពីថ្ងៃទី៩ ធ្នូ កន្លងមកនេះ ។
លោក សៅ សុភាព បានឱ្យដឹងថាៈ កិច្ចប្រជុំបានផ្តោតលើការវាយតម្លៃ លទ្ធផលនៃបេសកកម្ម លើកទី៤ ដែលបានអនុវត្ត ចាប់ពីថ្ងៃទី ២-៩ ខែធ្នូ ឆ្នាំ២០២០ និងពិនិត្យលើវឌ្ឍនភាព នៃការអនុវត្តគម្រោង មកទល់បច្ចុប្បន្ន ក្នុងនោះមាន ការរៀបចំផែនការគ្រប់គ្រង តំបន់ការពារធម្មជាតិ គោលដៅទាំង ៧ ប្រព័ន្ធព័ត៌មានគាំទ្រ ដល់ការធ្វើសេចក្តីសម្រេចចិត្ត ការជំរុញឱកាស ដើម្បីអភិវឌ្ឍន៍ទេសចរណ៍ធម្មជាតិ និងខ្សែច្រវ៉ាក់តម្លៃអនុផលព្រៃឈើ ការស្តារផ្លូវលំ នៅជនបទ ដើម្បីតភ្ជាប់ទេសចរណ៍ធម្មជាតិ ទឹកស្អាត និងអនាម័យ ការគ្រប់គ្រងអនុវត្តគម្រោង សុវត្ថិភាពបរិស្ថាន និងសង្គម ការត្រួតពិនិត្យ និងវាយតម្លៃ និងប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុ របស់គម្រោង។
លោកបានមានប្រសាសន៍ថាៈ តាមរយៈបេសកកម្មនេះ ក្រុមការងារធនាគារពិភពលោក បានវាយតម្លៃខ្ពស់ ចំពោះលទ្ធផលល្អប្រសើ និងវឌ្ឍនភាព គួរឱ្យកត់សម្គាល់ នៃការអនុវត្តគម្រោង មកទល់បច្ចុប្បន្ន ទោះបីកម្ពុជា កំពុងប្រឈម ក្នុងស្ថានភាពជំងឺកូវីដ-១៩ និងផលប៉ះពាល់ ដោយទឹកជំនន់ក្តី។
គួរបញ្ជាក់ថា ក្នុងពិធីនេះ ធនាគារពិភពលោក ក៏បានផ្តល់អនុសាសន៍ មួយចំនួនផងដែរ ដើម្បីពន្លឿនការអនុវត្តគម្រោង និងជំហានបន្ទាប់ ដែលក្នុងនោះរួមមាន ការពង្រឹងនូវការគិតគូរ ដល់សុវត្ថិភាពបរិស្ថាន និងសង្គម ការពន្លឿនសកម្មភាពខ្សែច្រវ៉ាក់ អនុផលព្រៃឈើ ,ការគ្រប់គ្រង និងពន្លឿន ការអនុវត្តគម្រោង៕/V