ដោយ: សរិទ្ធ / ភ្នំពេញ: សមាគមអ្នកសារព័ត៌មានកម្ពុជា-ចិន (ស.ស.ក.ច – CCJA ) បានសហការជាមួយមន្ទីរព័ត៌មានខេត្តកានស៊ី នៃប្រទេសចិន នឹងប្រារព្ធកម្មវិធីពិព័រណ៍រូបថត ដែលមានប្រធានបទ «ការអញ្ជើញតាមវិថីសូត្រ» ដែលជាការផ្លាស់ប្តូរវប្បធម៌ប្រជាប្រិយជនជាតិកានស៊ី នៃប្រទេសចិន ក្នុងប្រទេសកម្ពុជា។
ក្នុងកម្មវិធីនេះ មានលោកស្រីបណ្ឌិតសភាចារ្យ ភឿង សកុណា រដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ នឹងអញ្ជើញជាអធិបតីដ៏ខ្ពង់ខ្ពស់តំណាងប្រទេសកម្ពុជា លោក Wang Wen Tian ឯកអគ្គរដ្ឋទូតចិន ប្រចាំកម្ពុជា នឹងអញ្ជើញជាអធិបតីតំណាងសាធារណរដ្ឋប្រជាមានិតចិន ដើម្បីថ្លែងសុន្ទរកថាបើកជានិមិត្តរូប។
ដោយសារបញ្ហាជំងឺកូវីដ១៩ ដែលកំពុងរាតត្បាតជាសកល កម្មវិធីពិព័រណ៍រូបថតលើកនេះ នឹងធ្វើឡើងតាម Online ព្រមគ្នាជាមួយប្រទេសចិន។
កម្មវិធីនេះ នឹងប្រព្រឹត្តទៅពីថ្ងៃទី១៨ ដល់ ២៤ ខែធ្នូ ឆ្នាំ២០២០។ ដោយចាប់ផ្តើមនៅថ្ងៃទី១៨ ខែធ្នូ ឆ្នាំ២០២០ វេលាម៉ោង ១០ព្រឹក ជាកម្មវិធីបើកពិព័រណ៍ផ្លូវការនៅអគារសមាគមសម្ព័ន្ធខ្មែរចិន នៅកម្ពុជា ជាន់ផ្ទាល់ដីស្ថិតក្នុងបុរីរុងរឿង សង្កាត់ព្រែកលៀប ខណ្ឌជ្រោយចង្វា រាជធានីភ្នំពេញ មានការចូលរួមពីសាធារណៈជន និងអ្នកសារព័ត៌មានជាតិ-អន្តរជាតិ ទស្សនានិងយកព័ត៌មាន។
ការតាំងពិព័រណ៍រូបថតលើកនេះ នឹងបង្ហាញរូបភាពចំនួន ៨០ផ្ទាំង និងផ្ទាំងគំនូរផាំងខា ដែលជាផ្ទាំងគំនូរបត់ Original Paint មួយចំនួនផងដែរ។ ពិព័រណ៍រូបថតនេះ មានគោលបំណងពីរផ្នែក៖ ផ្នែកទី១ គឺដើម្បីឆ្លុះបញ្ចាំងពីបរិស្ថាន ធម្មជាតិ និងវប្បធម៌ ទំនៀមទម្លាប់ របស់ជនជាតិកានស៊ី នៃប្រទេសចិន និងផ្នែកទី២ បង្ហាញពីប្រសិទ្ធភាពនៃការកាត់បន្ថយភាពក្រីក្រក្នុងតំបន់ស្វយ័តកានណាន ជាទីវប្បធម៌ដ៏ចំណាស់របស់ជនជាតិភាគតិចទីបេ និងរបៀបនៃការផ្លាស់ប្តូរអន្តរកម្មរវាងជនជាតិភាគតិចនីមួយៗ នៅក្នុងខេត្តកានស៊ី ដែលជាខេត្តមួយដ៏សំខាន់នៃវិថីសូត្រក្នុងប្រទេសចិន៕