ដោយៈញ៉ែមសុផល/ភ្នំពេញៈក្រសួងចំនួនបីគឺក្រសួងសាធារណការនិងដឹកជញ្ជូន ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិ សម្បទានិងក្រសួងសុខាភិបាលបានចេញប្រកាសអន្តរក្រសួងមួយស្តីពីលក្ខខណ្ឌនៃការចេញប័ណ្ណបើកបរសម្រាប់ជនមានពិការភាព។
ប្រកាសនេះបានត្រូវរចុះហត្ថលេខាកាលពីថ្ងៃទី៣ធ្នូកន្លងទៅដោយរដ្ឋមន្ត្រីទាំងបីក្រសួងគឺ លោក ស៊ុន ចាន់ថុល ទេសរដ្ឋមន្ត្រី រដ្ឋមន្ត្រី ក្រសួងសាធារណការនិងដឹកជញ្ជូន លោកសាស្ត្រាចារ្យ ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួងសុខាភិបាលនិងលោក វង សូត ក្រសួងសង្គមកិច្ច អតីតយុទ្ធជននិងយុវនីតិសម្បទា។
ប្រកាសអន្តរក្រសួងដែលមាន១២មាត្រានេះមានគោលបំណងលើកកម្ពស់សិទ្ធិជនមានពិការភាពដែលមានសមត្ថភាពអាចបើកបរយានយន្តនៅក្នុងព្រះរាជាណាចក្រកម្ពុជានិងមានមានវិសាលភាពអនុវត្តចំពោះជនមានពិការភាពដែលមានបំណងបើកបរយានយន្ត នៅកម្ពុជា។
ប្រកាសនេះមានគោលដៅកំណត់លក្ខខណ្ឌនៃការចេញប័ណ្ណបើកបរសម្រាប់ជនមានពិការភាពដូចជា ប្រភេទជនមានពិការភាពដែលអនុញ្ញាតឱ្យបើកបរ,ប្រភេទយានយន្តសម្រាប់ជនមានពិការភាពបើកបរនិង ផ្នែកនៃយានយន្តដែលត្រូវកែច្នៃ។
ជនពិការភាពអាចនឹងមានសិទ្ធបើកបរបានទៅតាមប្រភេទពិការភាពនិងយានយន្ត(រូបឯកសារ)
ប្រភេទជនមានពិការភាព ត្រូវបានចែកជា៣(បី)កម្រិត ដូចខាងក្រោម ៖
-កម្រិតទី១ៈជនមានពិការភាពកម្រិតធ្ងន់ធ្ងរជាទូទៅគ្មានសមត្ថភាពប្រឡងយកប័ណ្ណបើកបរយានយន្តឡើយប៉ុន្តែលើកលែងករណីមួយចំនួនប៉ុណ្ណោះដែលត្រូវការការបណ្តុះបណ្តាលហ្វឹកហ្វឺនថែទាំចិត្តសង្គមនិងស្តារកាយសម្បទាជាមុនទើបអាចមានសមត្ថភាពប្រឡងយកប័ណ្ណបើកបរយានយន្តកែច្នៃបាន
-កម្រិតទី២៖ជនមានពិការភាពកម្រិតមធ្យមដែលមានសមត្ថភាពប្រឡងយកប័ណ្ណបើកបរនិងអនុញ្ញាតឱ្យបើកបរដោយតម្រូវឱ្យកែច្នៃផ្នែកនៃយានយន្ត
-កម្រិតទី៣៖ជនមានពិការភាពកម្រិតស្រាលដែលមានសមត្ថភាពប្រឡងយកប័ណ្ណបើកបរនិងអនុញ្ញាតឱ្យបើកបរដោយមិនចាំបាច់កែច្នៃយានយន្ត។
សូមជម្រាបថាប្រភេទយានយន្តសម្រាប់ជនមានពិការភាពដែលតម្រូវឱ្យមានប័ណ្ណបើកបរ មានដូចជា ៖ ១- ទោចក្រយានយន្ត ដែលមានទំហំស៊ីឡាំងលើសពី១២៥(មួយរយម្ភៃប្រាំ)សង់ទីម៉ែត្រគូបឬមានថាមពលអគ្គិសនីលើសពី១១(ដប់មួយ)គីឡូវ៉ាត់។
២- ទោចក្រយានយន្តសណ្តោងរ៉ឺម៉ក ត្រីចក្រយានយន្ត និងម៉ូតូកង់បួន។៣-រថយន្តដឹកអ្នកដំណើរមិនលើសពី៩(ប្រាំបួន)នាក់ ដោយគិតទាំងអ្នកបើកបរ និងរថយន្តដឹកទំនិញដែលមានទម្ងន់សរុបអតិបរមាមិនលើសពី៣,៥(បីស្លៀសប្រាំ)តោន។
ផ្នែកសំខាន់ៗនៃយានយន្តដែលត្រូវកែច្នៃ មានដូចជា ហ្វ្រាំង ហ្គារ ចង្កឹះលេខ ដៃចង្កូត កៅអីសម្រាប់រថយន្ត និងកែច្នៃពីកង់ពីរ ទៅកង់បីសម្រាប់ទោចក្រយានយន្ត ត្រូវមានភាពសមស្រប បង្កលក្ខណៈងាយស្រួល និងធានាសុវត្ថិភាព។
នីតិវិធីនៃការប្រឡងយកប័ណ្ណបើកបរសម្រាប់ជនមានពិការភាពដែលជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេសត្រូវអនុវត្ត ដូចការប្រឡងយកប័ណ្ណបើកបរទូទៅដែរ។ ដោយឡែកការប្រឡងអនុវត្តបើកបរសម្រាប់បេក្ខជនដែលមាន ពិការភាពកម្រិតទី២ ត្រូវមានយានយន្តស្របតាមប្រភេទនៃការភាពសម្រាប់មកប្រឡងអនុវត្តបើកបរ។
ចំណែកការដាក់ពាក្យសុំប្រឡងយកប័ណ្ណបើកបរជាតិសម្រាប់ជនមានពិការភាពត្រូវធ្វើតាមប្រព័ន្ធស្វ័យប្រវត្តិកម្មផ្តល់បណ្ណបើកបរយានយន្តដែលមានអាសយដ្ឋានគេហទំព័រhttps://driverlicense.mpwt.gov.khឬទៅទីតាំងផ្តល់សេវា សាធារណៈដែលកំណត់ដោយក្រសួងសាធារណការ និងដឹកជញ្ជូន តាមគំនូសបំព្រួញអំពីដំណើរការចេញ បណ្ណបើកបរសម្រាប់ជនមានពិការភាព ដូចមានចែងក្នុងឧបសម្ព័ន្ធទី២ នៃប្រកាសនេះ ឬទៅអង្គភាពច្រកចេញចូលតែមួយនៃរដ្ឋបាលរាជធានី ខេត្ត។
ប្រកាសអន្តរក្រសួងនេះ បានឱ្យដឹងទៀតថា៖សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ដែលបានប្រឡងជាប់មាន សុពលភាពរយៈពេល១០(ដប់)ឆ្នាំ ដូចប្រជាពលរដ្ឋទូទៅដែរ។សុពលភាពបណ្ណបើកបរសម្រាប់ជនមានពិការភាពជាជនបរទេស ដែលត្រូវប្តូរមកបណ្ណបើកបរកម្ពុជា មាន សុពលភាពរយៈពេល ០១(មួយ)ឆ្នាំម្តង។រីឯនីតិវិធីនៃការប្តូរ និងទុតិយតាបណ្ណបើកបរសម្រាប់ជនមានពិការភាពដែលជាប្រជាពលរដ្ឋខ្មែរ ឬជនបរទេស ត្រូវអនុវត្តដូចប្រជាពលរដ្ឋទូទៅដែរ។
កម្រៃសេវាសាធារណៈក្នុងការផ្តល់បណ្ណបើកបរជាតិសម្រាប់ជនមានពិការភាព ត្រូវកំណត់ដោយប្រកាស អន្តរក្រសួងរវាងរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងរដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន៕សរន