ដោយៈ សរិទ្ធ / កោះកុងៈ អនុវត្តតាមដីកាបញ្ជាឲ្យចូលខ្លួនរបស់លោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូងខេត្ត សមត្ថកិច្ចខេត្តកោះកុង កំពុងតាមចាប់ខ្លួនមេខ្លោងធំៗ បីនាក់ នៃក្រុមហ៊ុនដីឡូត៍ខ្យល់ B.I.D ដែលបានបោកប្រាស់ ប្រជាពលរដ្ឋជាង ៧០ គ្រួសារ ស្មើនឹងទឹកប្រាក់ប្រមាណជាមួយលានដុល្លារ ចំពោះការលក់ដីឡូត៍ជាង ១០០ ឡូត៍ តែគ្មានដី ប្រគល់ជូនអតិថិជននោះទេ ហើយបានរត់គេចខ្លួន បាត់ស្រមោល ។
មេខ្លោងធំៗ បីនាក់ នៃក្រុមហ៊ុនដីឡូត៍ខ្យល់ B.I.D ទី១. ឈ្មោះ បាន បញ្ញា ភេទប្រុស អាយុ២៨ឆ្នាំ ជាអគ្គនាយកក្រុមហ៊ុន ដីឡូត៍ខ្យល់ B.I.D , ទី២.ឈ្មោះ ភន ទីគា ភេទប្រុស អាយុ២០ឆ្នាំ ជាអគ្គនាយករង ក្រុមហ៊ុនដីឡូត៍ខ្យល់ B.I.D និង ទី៣ ឈ្មោះ លី ប៊ុនរដ្ឋថី ភេទប្រុស អាយុ២៨ឆ្នាំ ។ មេខ្លោងធំៗ បីនាក់នេះ ត្រូវបានលោក អ៊ុន សុវណ្ណធានី ព្រះរាជអាជ្ញារង អមសាលាដំបូង ខេត្តកោះកុង កាលពីថ្ងៃទី២ ខែធ្នូ កន្លងទៅ បានចេញដីកាបញ្ជាឲ្យចូលខ្លួន នៅអយ្យការអម សាលាដំបូងខេត្តឲ្យបានមុនថ្ងៃទី២០ ខែធ្នូ ឆ្នាំ២០២០ ពាក់ព័ន្ធករណីឆបោក និង រំលោភលើទំនុកចិត្ត ប្រព្រឹត្តនៅចំណុចដីឡូតិ៍ ស្ថិតនៅភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ កាលពីអំឡុង ខែកុម្ភៈ ឆ្នាំ២០២០ ។
ជាមួយគ្នានេះតុលាការ បានអនុញ្ញាតឲ្យមន្ត្រីនគរបាលយុត្តិធម៌ ប្រើប្រាស់កងកម្លាំងសាធារណៈ ដើម្បីបង្ខំឲ្យបុគ្គលខាងលើនេះ ចូលមកបង្ហាញខ្លួន ផងដែរ ។ ទន្ទឹមគ្នានេះ កាលពីថ្ងៃទី៩ ខែធ្នូ កន្លងទៅ អ្នកនាំពាក្យអយ្យការ អមសាលាដំបូង ខេត្តកោះកុង បានចេញសេចក្តីថ្លែងការណ៍មួយ ជុំវិញបញ្ហានេះ ។
អ្នកនាំពាក្យអយ្យការ អមសាលាដំបូង ខេត្តកោះកុង បានថ្លែងថាៈ តំណាងអយ្យការ បានបំពេញមុខងារ របស់ខ្លួន ស្របតាមនីតិវិធីព្រហ្មទណ្ឌ យ៉ាងខ្ជាប់ខ្ជួន ប្រកបដោយភាពឆាប់រហ័ស ត្រឹមត្រូវ គ្មានការលំអៀង និង មិនប្រព្រឹត្តអំពើពុករលួយទេ ។
គួររំលឹកថា លោក ហេង ភារក្ស បានថ្លែងថាៈ ក្រុមហ៊ុន B.I.D ជាក្រុមហ៊ុនបោកប្រាស់ ដោយអះអាងថា បានពុះដីឡូតិ៍លក់ នៅចំណុចភូមិបឹងឃុនឆាង សង្កាត់ស្មាច់មានជ័យ ក្រុងខេមរភូមិន្ទ ខេត្តកោះកុង លើទំហំដីជិត ៥ ម៉ឺនម៉ែត្រការ៉េ។ ប៉ុន្តែក្រោយដំណើរការលក់ បានប៉ុន្មានខែប៉ុណ្ណោះ ពោលគឺ ចាប់ពីខែកុម្ភៈ ឆ្នាំ២០២០ និងប្រមូលលុយ បានច្រើន រាប់ម៉ឺនដុល្លារនោះ ទើបដឹងថា ក្រុមហ៊ុន B.I.D គ្មានដីឡូត៍ពិតប្រាកដ ប្រគល់ជូនអតិថិជននោះទេ ហើយលោក បាន បញ្ញា ជាអគ្គនាយកក្រុមហ៊ុន ក៏បានរត់គេចខ្លួនតែម្តង ៕/V