ដោយៈ កាំពី / ក្រចេះ : នៅព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០នេះ ក្រុមគ្រូពេទ្យ នៃមន្ទីរសុខាភិបាល ខេត្តក្រចេះ និងអាជ្ញាធរស្រុកស្នួល បានចុះស្រង់ស្ថិតិ ចំនួនបុគ្គលិក នៅសណ្ឋាគារ និងភោជនីយដ្ឋាន ចម្ប៉ា ពេជ្រ សរុបមានចំនួន ៧១នាក់ និងបានយកសំណាក ទៅធ្វើតេស្តលើកទី១ រួចហើយ ក្រោយពីអាជ្ញាធរ ខេត្ត បានសម្រេចបិទសណ្ឋាគារ និងភោជនីយដ្ឋានមួយកន្លែងនេះ។ សណ្ឋាគារ និងភោជនីយដ្ឋាន យីហោ «ចម្ប៉ាពេជ្រ» ស្ថិតនៅឃុំស្នួល ស្រុកស្នួល។
តាមការបញ្ជាក់ពី លោក ឈុន មករា អនុប្រធានផ្នែកបង្ការ និងគ្រប់គ្រង់ជំងឺ នៃមន្ទីរសុខាភិបាល ខេត្តក្រចេះ បានអោយដឹងថា សម្រាប់ក្រុមគ្រួសារ និងបុគ្គលិកសណ្ឋាគារ មួយនេះ សរុបមានចំនួន ៧១ នាក់ ហើយថ្ងៃនេះ ក្រុមការងារ បានយកសំណាក ទៅធ្វើតេស្ត លើកទី១ ហើយលទ្ធផល នឹងទទួលបាន នៅថ្ងៃស្អែក។
ដោយឡែក សម្រាប់ម្ចាស់ និងបុគ្គលិកទាំង ៧១នាក់ គឺក្រុមការងារ តម្រូវឲ្យធ្វើចក្តាឡីស័ក្ត ឬស្នាក់នៅខាងក្នុង សណ្ឋាគារនេះ ក្នុងរយៈពេល ១៤ ថ្ងៃ។ តាមគោលការណ៍របស់ ប្រធានមណ្ឌលចក្តាឡីស័ក្ត គឺតម្រូវឱ្យអ្នកទាំង ៧១ នាក់ ស្នាក់នៅក្នុងសណ្ឋាគារ ទាំងអស់គ្នា ប៉ុន្តែត្រូវរក្សាគម្លាតសុវត្ថិភាពពីគ្នា យ៉ាងតិច ២ ម៉ែត្រ មិនត្រូវរស់នៅប្រមូលផ្តុំគ្នាឡើយ។ សម្រាប់ការទំនាក់ទំនងជាមួយ សាច់ញាតិ បងប្អូន មិត្តភក្តិ ឬទិញម្ហូបអាហារ ត្រូវទាក់ទងគ្នា តាមរយៈទូរស័ព្ទ ជាមួយគ្នា នៅខាងក្រៅ មិនអាចទាក់ទងគ្នាផ្ទាល់បានឡើយ ដើម្បីរក្សាសុវត្ដិភាព និងជាការអនុវត្តន៍ តាមសេចក្តីណែនាំរបស់ ក្រសួងសុខាភិបាល។
សូមបញ្ជាក់ថា ការបិទសណ្ឋាគារ និងភោជនីយដ្ឋាន មួយកន្លែង ខាងលើនេះ បានធ្វើឡើងនៅល្ងាច ថ្ងៃទី៩ ធ្នូ ម្សិលមិញ បន្ទាប់ពីរកឃើញថាៈ បុរសឈ្មោះ អិត កុម៉ាល អាយុ ៣៥ឆ្នាំ ស្នាក់នៅសង្កាត់បឹងកេងកង៣ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ដែលត្រូវបានក្រសួងសុខាភិបាល បញ្ជាក់ពីវិជ្ជមានកូវីដនោះ បានទៅស្នាក់នៅមួយយប់ កាលពីថ្ងៃទី១ ខែធ្នូ កន្លងទៅ៕/V