ប្រែសម្រួល : កញ្ញាដាលីស/វ៉ាស៊ីនតោន ៖ វ៉ាក់សាំងកូវីដ១៩របស់ក្រុមហ៊ុន Pfizer ប្រឈមនឹងឧបសគ្គចុងក្រោយមួយ មុនពេលវាអាចទទួលបានភ្លើងខៀវលើកដំបូងនៅសហរដ្ឋអាម៉េរិក នោះគឺ ក្រុមអ្នកជំនាញដែលនឹងពិនិត្យទិន្នន័យរបស់ក្រុមហ៊ុននេះដើម្បីរកមើលសញ្ញាព្រមានពណ៌ក្រហម។
ការប្រជុំថ្ងៃព្រហស្បតិ៍នេះរបស់ក្រុមប្រឹក្សាវ៉ាក់សាំងនៃរដ្ឋបាលចំណីអាហារនិងឪសថ (FDA) ទំនងជាជំហានចុងក្រោយមុនពេលការសម្រេចចិត្តណាមួយរបស់សហរដ្ឋអាម៉េរិកក្នុងការចាប់ផ្តើមចែកចាយវ៉ាក់សាំងរាប់លានដូស ដែលបានបង្ហាញពីការការពារយ៉ាងខ្លាំងប្រឆាំងនឹងមេរោគកូរ៉ូណា។
ក្រុមប្រឹក្សាវ៉ាក់សាំងរបស់ FDA មានមុខងារដូចជាតុលាការវិទ្យាសាស្ត្រអ៊ីចឹងដែលនឹងទាញយកផ្នែកខ្លះនៃទិន្នន័យយកមកជជែកដេញដោលគ្នាជាសាធារណៈនិងផ្សាយផ្ទាល់ទៀតផងដើម្បីសម្រេចថាតើវ៉ាក់សាំងមានសុវត្ថិភាពនិងប្រសិទ្ធភាពគ្រប់គ្រាន់ដើម្បីប្រើប្រាស់បន្ទាន់ឬអត់។ អ្នកជំនាញមិនមែនរដ្ឋាភិបាលទាំងនោះមានឯកទេសខាងអភិវឌ្ឍវ៉ាក់សាំង ជំងឺឆ្លង និង ស្ថិតិវេជ្ជសាស្ត្រ។ រដ្ឋបាល FDA រំពឹងអនុវត្តតាមដំបូន្មានរបស់គណៈកម្មាធិការទោះបីជាគេមិនតម្រូវឱ្យធ្វើចឹងក៏ដោយ។
សេចក្តីសម្រេចរបស់ FDA នឹងធ្វើឡើង ខណៈពេលដែលមេរោគកូរ៉ូណាបន្តឆ្លងរាលដាលពាសពេញពិភពលោក ដោយឆក់យកជីវិតមនុស្សច្រើនជាង ១,៥ លាននាក់ ក្នុងនោះមានជាង ២៨៩.០០០ នាក់នៅសហរដ្ឋអាម៉េរិក។
ការប្រជុំនេះមានការពន្យារពេលបន្តិចពីព្រោះមានការព្រមានពីមន្ត្រីអង់គ្លេសថាមនុស្សដែលមានប្រវត្តិប្រតិកម្មអាឡែរស៊ីធ្ងន់ធ្ងរមិនគួរចាក់វ៉ាក់សាំងនេះទេ។ មន្ត្រីរដ្ឋាភិបាលនៅទីនោះកំពុងធ្វើការស៊ើបអង្កេតលើរបាយការណ៍ចំនួន ២ អំពីប្រតិកម្មធ្ងន់ធ្ងរ នៅពេលប្រទេសអង់់គ្លេសចាប់ផ្តើមចាក់វ៉ាក់សាំងទ្រង់ទ្រាយធំ។
ទោះយ៉ាងណា អនុសាសន៍វិជ្ជមាននិងការអនុម័តយ៉ាងលឿនរបស់សហរដ្ឋអាម៉រិកហាក់នឹងកើតឡើងយ៉ាងប្រាកដ បន្ទាប់ពីអ្នកវិទ្យាសាស្ត្ររបស់ FDAបានចេញការពិនិត្យវិជ្ជមានលើសលប់លើកដំបូងលើវ៉ាក់សាំងនេះកាលពីដើមសប្តាហ៍៕
ក្រុមប្រឹក្សាវ៉ាក់សាំងរបស់ FDA នឹងសម្រេចចិត្តចុងក្រោយថាតើវ៉ាក់សាំងរបស់ក្រុមហ៊ុន Pfizer គួរអនុញ្ញាតឱ្យប្រើបន្ទាន់ឬអត់