ដោយៈ បញ្ញាសាស្ត្រ / ភ្នំពេញៈ លោកឧកញ៉ា ឡេង ណាវ៉ាត្រា អគ្គនាយកក្រុមហ៊ុន បុរីឡេងណាវ៉ាត្រា គ្រុប បាននាំទឹកប្រាក់ ចំនួន ១ លានដុល្លារ យកទៅ ប្រគល់ជូនលោក សេង ទៀង ដោយផ្ទាល់តែម្ដង ដើម្បីចូលរួមទិញវ៉ាក់សាំង ចាក់ជូនពលរដ្ឋ ដោយឥតគិតថ្លៃ ជាមួយសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី នៃកម្ពុជា រួចរាល់ហើយ កាលពីររសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ។
សូមរំលឹកថា កាលពីពេលថ្មីៗនេះ លោក ឧកញ៉ា ទើបតែបានបរិច្ចាគ ចំនួន ៦០ ម៉ឺនដុល្លារ ព្រមទាំងអង្ករ ៥០ តោន ចូលរួមជាមួយសម្ដេចតេជោ ជួយដល់ពលរដ្ឋ រងគ្រោះ ដោយទឹកជំនន់ ។ នេះជាកាយវិការសប្បុរសដ៏ធំធេង ដែលមិនមាន អាចបំភ្លេចបាន ក្នុងការចូលរួមជួយ ដល់សង្គមរបស់ ឧកញ៉ា ឡេង ណាវ៉ាត្រា ជានិច្ចកាលលោក ឧកញ៉ា វ័យក្មេង ដែលធ្លាប់មានប្រវត្តិ ជាពលករ ធ្វើការនៅ ប្រទេសកូរ៉េ រូបនេះ តែងតែជួយដល់សង្គមជានិច្ច។
ផ្អែកតាមទំព័រហ្វេសប៊ុកផ្លូវការ របស់សម្ដេចតេជោ គិតមកដល់ល្ងាច ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ ថវិកាដែលសប្បុរសជន ចូលតាមតិច តាមច្រើន តាមសទ្ធាជ្រះថ្លា មានប្រមាណជាង ៣៦ លានដុល្លារ ក្រោយពីសម្តេចតេជោ បានប្រកាសនៅល្ងាច ថ្ងៃទី៨ ធ្នូ ពីការត្រៀមបម្រុងថវិកា សម្រាប់ទិញវ៉ាក់សាំង យកមកចាក់ ជូនប្រជាជន ដោយឥតគិតថ្លៃ ជាជំហានដំបូង ចំនួន ១ លានដូស ដើម្បីចាក់ប្រជាពលរដ្ឋ ប្រមាណ ៥០ ម៉ឺននាក់៕/V