ដោយ: សរិទ្ធ / ស្វាយរៀង: យុវជនម្នាក់រអិលជើងធ្លាក់ទឹកលង់ស្លាប់ក្នុងទឹកបៀក្រោយផ្ទះកាលពីម៉ោង៧និង៣០នាទីព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នៅក្នុងភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល។ សមត្ថកិច្ចនគរបាលស្រុករំដួលបានឱ្យដឹងថា យុវជននេះឈ្មោះ ស៊ន សារ៉ន អាយុ១៩ឆ្នាំ រស់នៅភូមិគោកស្រម៉ ឃុំសង្កែ ស្រុករំដួល ខេត្តស្វាយរៀង។
ប្រភពដដែលបានបន្តថា បន្ទាប់ពីមានសេចក្ដីរាយការណ៍ពីអ្នកភូមិម្នាក់បានរាយការណ៍ថា មានករណីមនុស្សលង់ទឹកបៀស្លាប់ទើបកម្លាំងនគរបវាលបច្ចេកទេសស្រុក បានសហការជាមួយគ្រូពេទ្យមណ្ឌលសុខភាពកំពង់ចក ចុះដល់កន្លែងកើតហេតុត្រួតពិនិត្យសាកសព ដោយឃើញនៅលើផ្ទៃមុខមានឈាមច្រមុះហូរចេញមកក្រៅ។ ប៉ុន្តែពុំមានស្លាកស្នាមអ្វីដែលសម្គាល់ថាជារឿងឃាតកម្មនោះទេ គឺសាកសពពិតជាស្លាប់ដោយសារលង់ទឹកប្រាកដមែន។
អ្នកភូមិបានឲ្យដឹងថា យុវជនខាងលើនេះមានជំងឺសរសៃប្រសាទប្រមាណជាង៣ឆ្នាំមកហើយ ខណៈក្រុមគ្រួសារបានយកទៅព្យាបាល និងបានឱ្យផឹកថ្នាំសង្កូវជាប្រចាំដែរ ប៉ុន្តែអាការៈរបស់គេមិនបានធូរស្បើយនោះទេ។ លុះនៅថ្ងៃកើតហេតុយុវជនខាងលើ បានដើរទៅលេងទឹកបៀខាងក្រោយផ្ទះប្រមាណ ៥០ម៉ែត្រ សង្ស័យររអិលជើងធ្លាក់ក្នុងទឹកក៏លង់ស្លាប់តែម្ដង។
ក្រោយពីពិនិត្យសពរួចសមត្ថកិច្ចនគរបាលក៏បានប្រគល់មកឱ្យក្រុមគ្រួសារធ្វើបុណ្យតាមប្រពៃណី៕