បែកធ្លាយ​អំពើហិង្សា​តាម​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ក សមត្ថកិច្ច​ឃាត់ខ្លួន​មក​សាកសួរ​

1066
ចែករម្លែក

ដោយ​: គូលែន / សៀមរាប​: បន្ទាប់ពី​មាន​ករណី​ចែកចាយ វិ​ដេ​អូ​ឃ្លី​ប នៅលើ​បណ្តាញ​សង្គម ហ្វេ​ស​ប៊ុ​ក (Facebook) ករណី​ហិង្សា​មួយ ដែល​សង្ស័យ កើតមានឡើង កាលពី​ថ្ងៃទី​១៦ ខែមេសា ឆ្នាំ​២០១៨ វេលា​ម៉ោង ២៣​និង​០០​នាទី​យប់ នៅ​ចំណុច ផ្សារ​កុង​ទី​ន័​រ តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គូ​ល ខាងកើត​ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ក្រុង​សៀមរាប ខេត្តសៀមរាប នោះ។

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ អធិការរង​ទទួល​ព្រហ្មទណ្ឌ បាន​បញ្ជាក់ថា ជា​លទ្ធផល យើង​បានធ្វើការ​ស្រាវជ្រាវ​រក​ឃើញ កន្លែងកើតហេតុ​និង​កោះហៅ ជន​ដែលមាន​ការសង្ស័យ​ពាក់ព័ន្ធ មក​បំភ្លឺ​នៅ​ថ្ងៃទី​២១ ខែមេសា ឆ្នាំ​២០១៨ នៅ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប ដែល​ដំណើររឿង​មាន​ដូចតទៅ​៖ មុនពេល​កើតហេតុ នៅ​ចំណុច ផ្សារ​កុង​ទី​ន័​រ តាម​បណ្តោយ​ផ្លូវ​ហ្សា​ដឺ​ហ្គូ​ល ខាងកើត​ស្តា​ត​ចាស់ ជាប់​សណ្ឋាគារ​សូ​ហ្វី​ថែ​ល​អង្គរ ទល់មុខ​សណ្ឋាគារ​តារា​អង្គរ ស្ថិត​ក្នុងភូមិ​សាលាកន្សែង ក្រុង​សៀមរាប បុរស​ម្នាក់​ឈ្មោះ ណាំ ហោ ភេទ​ប្រុស អាយុ​៦០​ឆ្នាំ មុខរបរ​ដើរ​រើស​អេតចាយ មាន​ទីលំនៅ នៅ​ភូមិ​គោក​ត្នោត សង្កាត់​គោកចក ក្រុង​សៀមរាប បាន​ជិះ​កង់​ទាំង​ស្រវឹងស្រា ហើយ​ចូលទៅ​អង្គុយ​បន្ទរ​បង់​(​បត់ជើងធំ​)​នៅខាងមុខ​ការិយាល័យ ធ្វើការ​បុគ្គលិក​ផ្សារ​សៀមរាប ខន​ធែ​នន​រ័ ណាយ​ម៉ាក​ឃី​ត​។​

​លោក​បន្តថា ពេលនោះ​ឈ្មោះ សយ សោ​ភ័​ណ្ឌ ហៅ​ប៊ី អាយុ​៣៨​ឆ្នាំ មុខរបរ ជា​ប្រធាន​គ្រប់គ្រង​ផ្សារ បានឃើញ​ហើយ​ស្រែកជេរ ឈ្មោះ ណាំ ហោ ដោយ​ខឹង​ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏បាន​រើសយក​កំណាត់ឈើ ដែល​នៅក្បែរ​កន្លែងកើតហេតុ វ៉ៃ​ទៅលើ​ឈ្មោះ​សយ សោ​ភ័​ណ្ឌ ត្រូវ​ផ្នែក​ខ្នង​មួយ​ដំបង ឈ្មោះ​សយ សោ​ភ័​ណ្ឌ ក៏បាន​វ៉ៃ​តបត និង​ស្រែកជេរ ទៅលើ​ឈ្មោះ ណាំ ហោ ដោយ​ឲ្យ​បុរស​ម្នាក់ទៀត​ឈ្មោះ ស៊ី សាវឿន ភេទ​ប្រុស អាយុ​២៧​ឆ្នាំ ជា​សន្តិសុខ ឈរ​កាន់​ទូរស័ព្ទ​របស់ខ្លួន ថត​ជា​វិ​ដេ​អូ​ឃ្លី​ប ទុក​ផងដែរ​។ ដោយ​ឈឺ​បត់ជើងធំ ហើយ​ស្រវឹងស្រា​ផង នឹងត្រូវ​គេ​វាយ​ទាត់​ធាក់​ទៀតផង​នោះ ឈ្មោះ ណាំ ហោ បាន​ដួល​ដេក​ទៅលើ​ដី ដោយ​ឃើញ​ដូច​ច្នោះ ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏បាន​ឲ្យ​លុយ​ចំនួន​៥​ម៉ឺន​រៀល​ទៅ​ឈ្មោះ ស៊ី សាវឿន និង​សន្តិសុខ​ម្នាក់ទៀត ដើម្បី​ហៅ រ៉ឺម៉ក​ម៉ូតូ​មួយគ្រឿង ដឹក​ឈ្មោះ ណាំ ហោ នឹង​កង់​មួយគ្រឿង ទៅ​មន្ទីរពេទ្យ ក៏ប៉ុន្តែ​ពេលទៅដល់​ចំណុច​រង្វង់​មូល​ព្រះរាជដំណាក់ ឈ្មោះ​ណាំ ហោ ក៏បាន​ស្រែកប្រាប់​អ្នកបើក​រ៉ឺម៉ក​ម៉ូតូ ឲ្យ​ឈប់ ហើយ​គាត់​ក៏បាន​លើក​កង់​ដែល​នៅលើ​រ៉ឺម៉ក​ចុះ ហើយ​ឡើង​ជិះ​កង់ ចេញទៅ​បាត់ទៅ​។

​លោក​វរសេនីយ៍ត្រី នួន សក្តិ​ចំរើន​រិ​ទ្ធ បាន​ឲ្យ​ដឹងថា នៅ​ចំពោះមុខ​មន្ត្រីនគរបាល​ផ្នែក​ព្រហ្មទណ្ឌ នៃ​អធិការដ្ឋាន​នគរបាល​ក្រុង​សៀមរាប អ្នក​ដែលមាន​វត្តមាន នៅក្នុង​ហេតុការណ៍​នេះ បាន​ឆ្លើយបំភ្លឺ​ដំណើររឿង មាន​ភាពស្រប ប្រហាក់ប្រហែលគ្នា​ដូច​បាន​រៀបរាប់​ខាងលើ ដោយឡែក ឈ្មោះ ណាំ ហោ និង​ឈ្មោះ សយ សោ​ភ័​ណ្ឌ ក៏​មិន​ព្រម​ដាក់​ពាក្យបណ្តឹង ប្តឹង​គ្នា​ទៅវិញទៅមក​នោះទេ​។

​ពាក់​ព​ន្ធ័​នឹង​ករណី​ហិង្សារ​នេះដែរ លោក​ព្រះរាជអាជ្ញារ​អម​សាលាដំបូង​ខេត្តសៀមរាប ក៏បាន​ណែនាំ និង​អនុញ្ញាត ឲ្យ​មាន​ការធានា ភាគី​ទាំងសងខាង ត្រឡប់​ទៅ​លំនៅស្ថាន​វិញ​ជា​បណ្តោះអាសន្ន​។ ចំណែកឯ​សំណុំរឿង ត្រូវបាន​នគរបាល​ផ្នែក​ព្រហ្មទណ្ឌ​ក្រុង​សៀមរាប កសាង​និង​បញ្ជូនទៅ​ការិយាល័យ​ជំនាញ ដើម្បី​ចាត់ការ​បន្ត​តាម​នីតិវិធី​៕ ល​