ដោយៈ ជា សីហៈ/ភ្នំពេញៈ លោក វេង សាខុន រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និង នេសាទ បានចែករំលែកអំពីបច្ចុប្បន្នភាពនៃការអនុវត្តកម្ម វិធីមួយឈ្មោះថា “ការប្រើប្រាស់បច្ចេកវិទ្យាកសិកម្មថ្មីដែលធន់នឹងការប្រែប្រួលអាកាសធាតុ ហៅកាត់ថា អាស្ប៉ាយ ( ASPIRE)។
លោកបានចែករំលែកតាមបណ្តាញសង្គមថា តាំងពីឆ្នាំ២០១៥ រហូតមកដល់បច្ចុប្បន្ន ក្រោមការឧបត្ថម្ភគាទ្រថវិកា ពីរាជរដ្ឋាភិបាលតាមរយ:ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ និងមូលនិធិអន្តរជាតិ ដើម្បីអភិវឌ្ឍន៍វិស័យកសិកម្ម ហៅកាត់ថា IFAD បច្ចុប្បន្នកម្មវិធីនេះបានគ្របដណ្តប់នៅ ២៤ រាជធានី-ខេត្ត និងមានប្រជាកសិករចំនួន ១៤៤.០០០ គ្រួសារ កំពុងទទួលបានប្រយោជន៍ពីកម្មវិធី។
លោកបានបន្តថា គោលបំណងសំខាន់ៗនៃកម្មវិធីនេះគឺ ធ្វើឲ្យប្រសើរឡើងនូវការផ្តល់សេវាធាតុចូលកសិកម្មសម្រាប់គាំទ្រកសិករដែលមានទំហំផ្ទៃដីបង្កបង្កើនផលតូច និងងាយរងគ្រោះ, រួមចំណែករក្សានិរន្តរភាពសេដ្ឋកិច្ចគ្រួសារតាមរយ:ការធ្វើអាជីវកម្មមានចំណេញ និងធន់នឹងការប្រែប្រួលអាកាសធាតុ, ទទួលយកបច្ចេកទេសថ្មីទៅអនុវត្តន៍ កែលម្អ ច្នៃប្រឌិត និងធ្វើនវានុវត្តន៍, មានភាពជាម្ចាស់ និងផ្លាស់ប្តូរគំនិតពីត្រឹមផលិតសម្រាប់ចិញ្ចឹមជីវិត ទៅជាសហគ្រិនភាព, បង្កើតបរិយាកាសអំណោយផលដល់ការធ្វើអាជីវកម្មជាលក្ខណប្រកួតប្រជែងក្នុងរង្វង់បណ្តុំ សហគមន៍ តំបន់ និងនៅទូទាំងប្រទេស, បង្កើនភាពជាដៃគូជាមួយវិស័យឯកជន និងដៃគូអភិវឌ្ឍន៍តាមរយ:ការធ្វើផលិតកម្មកសិកម្មតាមកិច្ចសន្យា។
លោកបានបន្តថា យោងតាមរបាយការណ៍របស់ នាយកកម្មវិធីបានឲ្យដឹងអំពីវឌ្ឍភាព នៃកម្មវិធី ថា កម្មវិធីនេះបាននិងកំពុងបន្តផ្តល់សេវាកម្មគ្រប់គ្រាន់ជូនដល់បណ្តុំអាជីវកម្មចំនួន ១ .៩២០ បណ្តុំនៅ ២៤ រាជធានី-ខេត្ត ។
លោកបានបន្តថា ក្នុងចំណោមបណ្តុំអាជីវកម្មសំខាន់ចំនួន ៤០ប្រភេទ មានបណ្តុំអាជីវកម្មធំៗចំនួន ៤ គឺ៖ ទី១- បណ្តុំអាជីវកម្មមាន់ស្រែមានចំនួន ៦៦១បណ្តុំ ខេត្តដែលមានច្រើនជាងគេគឺខេត្តក្រចេះ ចំនួន ២២៧បណ្តុំ បន្ទាប់មកគឺខេត្តកណ្តាលមានចំនួន ៥០បណ្តុំ។ ទី២- បណ្តុំអាជីវកម្មបន្លែមានចំនួន ៤៨៧បណ្តុំ ខេត្តដែលមានច្រើនជាងគេគឺខេត្តក្រចេះចំនួន ៧៨បណ្តុំ បន្ទាប់មកគឺខេត្តកណ្តាលមានចំនួន ៥៩បណ្តុំ។ ទី៣- បណ្តុំអាជីវកម្មដំណាំស្រូវមានចំនួន ១៩៣បណ្តុំ ខេត្តដែលមានច្រើនជាងគេគឺខេត្តក្រចេះ ចំនួន ៤០បណ្តុំ និង ទី៤- បណ្តុំអាជីវកម្មចិញ្ចឹមត្រីមានចំនួន ១៦៨បណ្តុំ ហើយខេត្តដែលមានច្រើនជាងគេគឺខេត្ត សៀមរាបមានចំនួន ៣២បណ្តុំ។
លោកបានបន្តថា កម្មវិធីក៏បានសាងសង់ផ្ទះសំណាញ់សម្រាប់ដាំបន្លែជូនប្រជាកសិករបានចំនួន ៣២៣ ក្នុងនោះខេត្តដែលលេចធ្លោជាងគេគឺខេត្តតាកែវមាន ២៩រោង កណ្តាល ២៩ ព្រៃវែង ២៨ បាត់ដំបង ២៨ សៀមរាប ២៨ កំពង់ឆ្នាំ ២៦ ពោធិ៍សាត់ ២៦ បន្ទាយមានជ័យ ២៦ និងខេត្តស្វាយរៀងចំនួន ២៦រោង៕