ដោយៈ ភ្នំស្វាយ / បន្ទាយមានជ័យៈ សមត្ថកិច្ចនគរបាល កាលពីថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ បានចាប់ខ្លួនគ្រូបង្រៀនម្នាក់ នៅវិទ្យាល័យថ្មពួក ស្រុកថ្មពួក ដែលក៏ជាអតីតសកម្មជន នៃអតីតគណបក្សសង្គ្រោះជាតិ ពាក់ព័ន្ធករណីរិះគន់រដ្ឋាភិបាល និងរួមគំនិតក្បត់ ។
លោកវរសេនីយ៍ ឈឿង គឹមឈុន អធិការនគរបាល ស្រុកថ្មពួក បានប្រាប់កាសែតរស្មីកម្ពុជា ថ្ងៃទី១០ ខែធ្នូ នេះថាៈ កម្លាំងនគរបាលសន្តិសុខខេត្ត បានចាប់ខ្លួនលោកគ្រូ រ័ត្ន សុធី មែន ។ ប៉ុន្តែលោកអធិការ បានបង្វែរសំណួរអោយទៅសួរ លោកឧត្តមសេនីយ៍ត្រី វង្ស ប្រាថ្នា ស្នងការរង ទទួលផែនសន្តិសុខ វិញ ព្រោះលោក បានដឹកនាំកម្លាំងរួម ។
លោក វង្ស ប្រាថ្នា មិនអាចទាក់ទងបំភ្លឺបានទេ នៅថ្ងៃទី១០ ខែធ្នូ ។ ប៉ុន្តែ លោក អែម សុខា អភិបាលស្រុកថ្មពួក ក៏ដូចមិត្តភក្តិរួមអាជីព នៅវិទ្យាល័យថ្មពួក បានប្រាប់កាសែតរស្មីកម្ពុជា នាថ្ងៃដដែលថាៈ ពិតជាមានការចាប់ខ្លួន លោក រ័ត្ន សុធី គ្រូបង្រៀន មុខវិជ្ជាភាសាអង់គ្លេស ដែលជាសកម្មជន អតីតគណបក្សសង្គ្រោះជាតិ នៅផ្ទះរបស់នោះមែន ។
ការចាប់ខ្លួន លោក រ័ត្ន សុធី បានត្រូវគេដាក់ការសង្ស័យថា មានជាប់ពាក់ព័ន្ធនឹងការបង្ហោះសារ រិះគន់រាជរដ្ឋាភិបាល និងរួមគំនិតក្បត់ ជាមួយអតីតមេដឹកនាំ អតីតគណបក្សសង្គ្រោះជាតិ ជាគណបក្ស ដែលត្រូវតុលាការកំពូល បានរំលាយ ។
លោកអភិបាលស្រុក បានបន្តថាៈ ជននេះ វាសមតែនឹងត្រូវចាប់ខ្លួនហើយ ព្រោះនៅមិនស្ងៀម បំផុសបង្ហោះព័ត៌មានបំផ្លើស រិះគន់គ្មានមូលដ្ឋាន លើរាជរដ្ឋាភិបាល និងអាជ្ញាធរ ។
ក៏ប៉ុន្តែនៅល្ងាច ថ្ងៃទី១០ ខែធ្នូនេះ ប្រភពព័ត៌មាននានា បានឱ្យដឹងថា បន្ទាប់ពីបញ្ជូនខ្លួន ទៅរាជធានីភ្នំពេញ ដើម្បីសួរនាំ និងធ្វើកិច្ចសន្យា លោកគ្រូ រ័ត្ន សុធី ត្រូវបានសមត្ថកិច្ច ដោះលែងមកវិញហើយ ។
សូមរំលឹកថា លោក រ័ត្ន សុធី ក៏មានឈ្មោះ ក្នុងបញ្ជីសកម្មជន អតីតគណបក្សប្រឆាំង ជាង ១០ រូប នៅខេត្តបន្ទាយមានជ័យ របស់ដីកាបង្គាប់អោយចាប់ខ្លួន របស់ព្រះរាជអាជ្ញា នៃអយ្យការ អមសាលាដំបូង ខេត្តបន្ទាយមានជ័យ តាំងពីមុនព្រឹត្តិការណ៍ គម្រោងមាតុភូមិនិវត្តន៍ មេខ្លោងឧទ្ទាម សម រង្សី និង គូកន កាលថ្ងៃទី៩ ខែវិច្ឆិកា ឆ្នាំ២០១៩ កន្លងទៅ ។ ប៉ុន្តែ ក្រោយផែនការ មេឧទ្ទាមនោះ បរាជ័យ អាជ្ញាធរ រដ្ឋាភិបាល ក៏បានប្រកាសអត់ឱន ត្រាប្រណី ដល់អតីតសកម្មជនទាំងអស់ ដោយចាត់ទុកថា ជាការចាញ់បោក មេខ្លោងរបស់ខ្លួនប៉ុណ្ណោះ បន្ថែមលើនោះ ក៏បានអំពាវនាវអោយពួកគេ វិលពីទីនិរទេស មកផ្ទះសម្បែងវិញ ហើយរស់នៅ ប្រកបរបររកស៊ី ធ្វើការដោយសុខសន្តិភាព គ្មានការធ្វើទុក្ខបុកម្នេញ ទៀតឡើយ៕/V