ប្រែសម្រួល៖វាសនា/បាងកក៖ រដ្ឋាភិបាលថៃកាលពីថ្ងៃព្រហស្បតិ៍បានរកឃើញអ្នកឆ្លងកូវីដ១៩ចំនួន១៨នាក់ថ្មី ក្នុងនេះមានម្នាក់ជាគ្រូពេទ្យដែលឆ្លងវីរុសនៅក្នុងក្រុងបាងកក ហើយ១៧នាក់ទៀតជាអ្នកដំណើរចូលមកពីក្រៅប្រទេសដែលធ្វើចត្តាឡីស័កនៅតាមមណ្ឌលក្នុងប្រទេសថៃ។
ចំនួននេះធ្វើថៃមានអ្នកឆ្លងតាំងពីដើមទីមកឡើងដល់៤.១៦៩នាក់ តែ៣.៨៨៨នាក់បានជាចេញពីពេទ្យអស់ហើយ និង៦០នាក់ស្លាប់ហើយ២២១នាក់កំពុងដេកព្យាបាលក្នុងមន្ទីរពេទ្យ។
អ្នកនាំពាក្យនៅមជ្ឈមណ្ឌលគ្រប់គ្រងសភាពការណ៍កូវីដ១៩ បាននិយាយថា អ្នកឆ្លងក្នុងស្រុកថ្មីគឺជាពេទ្យមធ្យមអាយុ២៩ឆ្នាំ នៅមន្ទីរពេទ្យ BNH Hospital។ការឆ្លងម្នាក់នេះទៀតនាំអោយគ្រូពេទ្យនៅមន្ទីរពេទ្យនេះឆ្លងកូវីដ១៩កើនដល់៦នាក់។មន្ត្រីសុខាភិបាលបានធ្វើតេស្តិ៍រកកូវីដ១៩លើមនុស្ស៨៥១នាក់ដែលបានប៉ះពាល់ឬនៅជិតគ្រូពេទ្យទាំង៦នាក់និងលទ្ធផលទាំង៧៤៥ករណីតាំងពីមុនមកបង្ហាញអវិជ្ជមានទាំងអស់។
បើតាមរបាយការណ៍សារព័ត៌មាន គ្រូពេទ្យម្នាក់ឆ្លងដំបូងមកពីមិនបានពាក់ម៉ាសនិងខោអាវការពារប្រឆាំងនឹងវីរុសអោយមានគ្រប់គ្រាន់ក្នុងពេលពិនិត្យអ្នកដំណើរមកពីក្រៅប្រទេសនៅមណ្ឌលធ្វើចត្តាឡីស័ក។អ្នកគ្រូពេទ្យនេះ ក្រោយមកបានចម្លងទៅកាន់គ្រូពេទ្យដទៃទៀត ក្នុងពេលទទួលទានអាហារ។
ពិភពលោកឥឡូវមានអ្នកឆ្លងកូវីដ១៩៦៩,២៣លាននាក់ ក្រោយកើន៦៤៣.៤៧២នាក់ទៀតនៅ២៤ម៉ោងកន្លងមក។នៅទូទាំងពិភពលោក ក៏មានអ្នកជំងឺកូវីដ១៩ស្លាប់ប្រមាណ ១,៥៧លាននាក់បន្ទាប់ពីបន្ថែមចំនួនជនរងគ្រោះ១២.២៦០នាក់ទៀត៕
គិលានុបដ្ឋាកយិការថៃនៅមន្ទីរពេទ្យមួយ