ប្រែសម្រួលៈវាសនា/បាងកក៖ ពួកអ្នកប្រឆាំងតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យថៃ កាលពីថ្ងៃព្រហស្បតិ៍បានទៅជួបជុំនៅក្រៅការិយាល័យអង្គការសហប្រជាជាតិនៅក្រុងបាងកកនិងបានស្នើសុំអង្គការនេះអោយដាក់សម្ពាធលើព្រះរាជាណាចក្រនេះ អោយលុបចោលច្បាប់ហាមប្រមាថស្តេច ដោយសារពួកគេមើលឃើញថាវាត្រូវបានគេយកមកប្រើដើម្បីគាបសង្កត់លើចលនារបស់គេ។
សូមបញ្ជាក់ថា មេដឹកនាំចលនានេះចំនួន២៣នាក់ប្រឈមការចោទប្រកាន់ពីបទប្រមាថស្តេច ដោយសារតែពួកគេដឹកនាំបាតុកររាប់ម៉ឺននាក់ទាមទារអោយកែទំរង់របបរាជានិយម និងមានការរឹតត្បិតឡើងលើការចាត់ចែងហិរញ្ញវត្ថុរបស់រាជវង្ស។
ច្បាប់នេះ ការពារស្តេចថៃ និងសមាជិករាជវង្សពីការរិះគន់ ហើយនរណាដែលត្រូវបានរកឃើញកំហុសថាបានប្រមាថស្តេច អាចជាប់គុកដល់ទៅ១៥ឆ្នាំ ចំពោះបទចោទប្រកាន់មួយៗ។
មេដឹកនាំបាតុកម្មលោក ផារីត ផេនគ្វីន ជីវ៉ារ៉ាក់ ដែលក៏ត្រូវបានចោទប្រកាន់ប្រមាថស្តេចដែរនោះ បាននិយាយថា លោកបារម្ភខ្លាចក្រែងការប្រើច្បាប់នេះនឹងនាំអោយមានការបែកបាក់នយោបាយខ្លាំងឡើង រវាងសកម្មជនប្រជាធិបតេយ្យក្មេងៗ និងពួកអ្នកគាំទ្ររបបស្តេចបែបអភិរក្ស។លោកថា «នៅក្នុងប្រព័ន្ធប្រជាធិបតេយ្យ មិនចាំបាច់មាន…ការវាយប្រហារតាមផ្លូវច្បាប់។យើងអាចមានទស្សនៈខុសគ្នា និងរស់នៅជាមួយគ្នា»។
កាលពីថ្ងៃព្រហស្បតិ៍ អ្នកប្រឆាំងតវ៉ារាប់រយនាក់ក៏ជួបជុំនៅស្តូបមួយក្នុងក្រុងបាងកក ដើម្បីឧទ្ទិសដល់ការបូជ្ញាជីវិតរបស់អ្នកគាំទ្រលទ្ធិប្រជាធិបតេយ្យក្នុងអំឡុងការសម្លាប់រង្គាលដោយយោធាថៃនៅឆ្នាំ១៩៧៣។
សូមបញ្ជាក់ថា ក្រៅពីទាមទារកែទំរង់របបរាជានិយម អ្នកអ្នកប្រឆាំងតវ៉ាក៏ទាមទារអោយសរសេររដ្ឋធម្មនុញ្ញឡើងវិញ និងនាយករដ្ឋមន្ត្រី ប្រាយុទ្ធ ចាន់អូចា ចុះចេញពីតំណែង៕