ដោយ: ពៅ និមល/ភ្នំពេញ: បន្ទាប់ពីប្រមុខរដ្ឋាភិបាលនៃប្រទេសចំនួនបួនដែលមាន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម (CLMV)បានជួបពិភាក្សាគ្នាដើម្បីពិនិត្យមើលពីវឌ្ឍនភាពទៅលើកិច្ចសហប្រតិបត្តិការនិងការពង្រឹងការតភ្ជាប់ដោយប្រសិទ្ធភាពកម្មក្នុងតំបន់នោះ វិស័យឯកជនរំពឹងទុកថា វិស័យដឹកជញ្ជូននឹងមានសក្តានុពលកាន់តែខ្លាំងថែមទៀតទាំងនៅក្នុងស្រុក និងក្រៅស្រុក។
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា
លោក ស៊ិន ចន្ធី ប្រធានសមាគមភស្តុភាកម្មកម្ពុជា បានប្រាប់រស្មីកម្ពុជានៅថ្ងៃទី១០ ខែធ្នូ នេះថា សម្រាប់ស៊ីអិលអឹមវី (CLMV) គឺជាភូមិផងរបងជាមួយដែលយើងមិនអាចកាត់ផ្តាច់បាន ហើយយើងកំពុងធ្វើការយ៉ាងសកម្មជាមួយគ្នា ។លោកបន្តថាមែនទែនទៅការងាររវាងប្រទេសឡាវ ថៃ និងវៀតណាម គឺមានភាពរលូន ដោយមិនមានបញ្ហាកើតឡើងទេ មានន័យថាយើងនៅតែធ្វើបានយ៉ាងល្អទោះបីជាស្ថិតក្នុងវិបត្តិនេះក៏ដោយក្នុងពេលដែលកម្ពុជាមានតួនាទីសំខាន់ក្នុងបណ្តាញដឹកជញ្ជូននៅក្នុងតំបន់ ដែលកំពុងភ្ជាប់ខ្លួនទៅនឹងខ្សែចង្វាក់ផ្គត់ផ្គង់អន្តរជាតិ។
លោកបន្តថាទាក់ទិនវិស័យដឹកជញ្ជូនរបស់កម្ពុជាពិតជាមានសារសំខាន់ខ្លាំងណាស់ក្នុងការនាំជញ្ជូនទំនិញពីអ្នកផលិតទៅកាន់អតិថិជននៅគ្រប់ទិសទី ព្រោះថាវិស័យដឹកជញ្ជូនគ្របដណ្តប់ធំណាស់លើវិស័យផ្សេងៗ ជាពិសេសទំនាក់ទំនងពាណិជ្ជកម្មអន្តរជាតិ។
លោកប្រធានសមាគម បានបញ្ជាក់ទៀតថា វិស័យដឹកជញ្ជូនធ្វើឲ្យទំនិញទៅដល់ដៃអ្នកប្រើប្រាស់ ស្រូបយកកម្លាំងពលកម្មបានច្រើនទាក់ទងនឹងវិស័យពាក់ព័ន្ធ ដូចជារោងចក្រសហគ្រាសជាដើម។ លើសពីនេះទៀតធ្វើឲ្យមានទំនាក់ទំនងកាន់តែខ្លាំង រាប់ចាប់តាំងពីកសិដ្ឋាន រោងចក្រ និងរហូតដល់ពិភពលោកទាំងមូល។ លោកទទួលស្គាល់ថាវិស័យដឹកជញ្ជូនកំពុងមានការរីកចម្រើនខ្លាំងដោយក្នុងរយៈពេលប្រមាណ៥ឆ្នាំចុងក្រោយនេះមានក្រុមហ៊ុនដឹកជញ្ជូនជិត៥០០ក្រុមហ៊ុនបានចុះបញ្ជី ដែលស្រូបយកកម្លាំងពលកម្មបានប្រមាណ១៣.៥០០ នាក់។
កិច្ចប្រជុំកំពូល CLMV កាលពីព្រឹកថ្ងៃទី៩ ខែធ្នូកន្លងទៅនេះ តាមប្រព័ន្ធវីដេអូ ប្រមុខរដ្ឋាភិបាលប្រទេសទាំងបួន កម្ពុជា ឡាវ មីយ៉ាន់ម៉ា និងវៀតណាម បានអនុម័តទៅលើផែនការសកម្មភាព ដោយផ្អែកទៅលើកិច្ចសហប្រតិបត្តិការ៥វិស័យ ដូចជា៖ ពាណិជ្ជកម្មនិងវិនិយោគ, ការអនុវត្តនៃឆន្ទៈសម្រាប់តំបន់, ផែនការសម្រាប់ធ្វើឱ្យប្រសើរឡើងវិញក្រោយជំងឺកូវីដ១៩, ការអភិវឌ្ឍន៍កម្មវិធីនៅក្នុងប្រទេសទាំង៤ និងការអភិវឌ្ឍន៍ធនធានមនុស្ស។ ក្នុងនោះ ថ្នាក់ដឹកនាំ CLMV ក៏បានជំរុញក្នុងក្របខ័ណ្ឌអភិវឌ្ឍន៍ ជំរុញការតភ្ជាប់គ្រប់ទាំងអស់ ទាំងប្រព័ន្ធដឹកជញ្ជូន ការសម្រួលពាណិជ្ជកម្មប្រព័ន្ធអ៊ីនធឺណិត និងប្រព័ន្ធឌីជីថល ការគាំទ្រការតភ្ជាប់តាមរយៈស្ថាប័នច្បាប់ និងកម្លាំងពលកម្មជាដើម ក្នុងការទាញយកអត្ថប្រយោជន៍ក្នុងកិច្ចសហប្រតិបត្តិការលើវិស័យកសិកម្ម ស្បៀងអាហារ និងទេសចរណ៍៕សរន