Home ព័ត៌មានជាតិ សន្តិសុខ តុលាការ​កំពុង...

តុលាការ​កំពុង​សាកសួរ បុរស​ជនជាតិ​ថៃ​ម្នាក់​ពាក់ព័ន្ធ​គ្រឿងញៀន​ឆ្លងដែន​ជាង​៥០​គីឡូក្រាម​

ដោយៈ ស​រិ​ទ្ធ​,​មុនី​រ័ត្ន / ភ្នំពេញៈ បុរស​ជនជាតិ​ថៃ​ម្នាក់ ដែល​ដឹកជញ្ជូន​គ្រឿងញៀន​ជាង​៥០​គីឡូក្រាម ឆ្លងដែន​ចូលមក​កម្ពុជា​ត្រូវបាន​សមត្ថកិច្ច​នគរ​បាល​មន្ទីរ​ប្រឆាំង​គ្រឿងញៀន​បញ្ជូនមក​តុលាការ​នៅ​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ដើម្បី​ចាត់ការ​តាមច្បាប់​។​រហូតមកដល់​រសៀល​ថ្ងៃ​ដដែល​នេះ​លោក​ប្លង់ សុផល​រាជអាជ្ញា​រង​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​កំពុងធ្វើការ​សាកសួរ​។​

​បុរស​ជនជាតិ​ថៃ​រូបនេះ​ឈ្មោះ ស៊ុ​រ​:​ឆ័យ ខាំ​កែវ (SURA-CHAI KHAMKAEW) អាយុ ៣៣​ឆ្នាំ កាន់​អត្តសញ្ញាណប័ណ្ណ​លេខ ១ ៥៧៩៩ ៥៤៣២៨ ៩៣ ២ ។​ការបង្ក្រាប​បានធ្វើ​ឡើង​កាលពី​ថ្ងៃទី​៦ ខែធ្នូ វេលា​ម៉ោង ២:៤០ ជិត​ភ្លឺ កម្លាំង​ជំនាញ​នៅ​ចំណុច​ក្បែរ វិមាន​ឈ្នះ​ឈ្នះ ស្ថិតក្នុង​សង្កាត់​ព្រែក​តាសេក ខណ្ឌ​ជ្រោយចង្វារ រាជធានី​ភ្នំពេញ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឡឹ​ក វណ្ណៈ នាយក​មន្ទីរ​ប្រឆាំង​គ្រឿង ញៀន​បាន​ឲ្យ​ដឹងថា កម្លាំង​ជំនាញ បាន​ដំណើរការ ស៊ើបអង្កេត​ស្រាវជ្រាវ និង​ឈានទៅ​បង្ក្រាបបាន​ករណី​ជួញដូរ​គ្រឿងញៀន ដោយបាន​ឃាត់ខ្លួន​ជនសង្ស័យ​ម្នាក់​ជា​ជនជាតិ​ថៃ​ម្នាក់ និង​ចាប់យក​វត្ថុតាង​សារធាតុ​ញៀន ប្រភេទ​មេ​តំ​ហ្វេ​តា​មីន​(ICE)​ទម្ងន់​សុទ្ធ​៥០​គីឡូ និង​៨០.២៤.​ក្រាម ។ លោក បន្តថា ជនសង្ស័យ​បាន​នាំសារ​ធាតុ​ញៀន​ជាង​៥០ គីឡូក្រាម​នេះ ឆ្លងដែន​តាម​ច្រករបៀង​ពី​ប្រទេស​ថៃ​ចូលមក​កម្ពុជា​។​

​សូម​រំលឹក​ដែរ​ថា នៅ​រសៀល ថ្ងៃទី​៦ ខែធ្នូ កន្លងទៅនេះ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់ ដែល​ជាប់​ពាក់ព័ន្ធ​ករណី​ជួញដូរ​គ្រឿងញៀន ៣០ គីឡូក្រាម បាន​ត្រូវ​លោកស្រី ហុង​ទិ​ត មល្លិកា ចៅក្រម​ស៊ើបសួរ​សាលាដំបូង ខេត្តបាត់ដំបង សម្រេច​ឃុំខ្លួន​ដាក់ពន្ធនាគារ ដើម្បី​រង់ចាំ​ការស៊ើបអង្កេត ជា​បន្តទៀត ក្រោយពេល​នគរបាល នៃ​មន្ទីរ​ប្រឆាំង​បទល្មើស​គ្រឿងញៀន បាន​ឃាត់ខ្លួន នៅពេល​ស្ត្រី​នោះ បាន​ជួញដូរ​គ្រឿងញៀន ឆ្លងដែន​ចូល​ពី​ថៃ មក​កម្ពុជា នៅ​ចំណុច​ច្រក​អន្តរជាតិ​ដូង ភូមិ​ស្វាយ​ធំ ឃុំ​បឹងរាំង ស្រុក​កំរៀង ខេត្តបាត់ដំបង កាលពី​ថ្ងៃទី​៥ ខែធ្នូ ។ ស្ត្រី​ជនជាតិ​ថៃ​ម្នាក់​នោះ ឈ្មោះ ផាន​ភុំ រតនា (PHANPHOM RATTANA) ហៅ​ហ្វា អាយុ​៣២​ឆ្នាំ មាន​ទីលំនៅ នៅ​ឃុំ​ណង​ប៊ុន ស្រុក​បរៃ ខេត្ត​ត្រាត ប្រទេស​ថៃ កាន់​លិខិតឆ្លងដែន​លេខ AB 42743737 ៕/V

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular