Home ព័ត៌មានជាតិ សង្គម ​ជំរុញ​ព​ន្លឿ...

​ជំរុញ​ព​ន្លឿ​ន​ការស្ថាបនា ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្ត​កម្ម​សម្អាត​ទឹក​កខ្វក់​

ដោយៈ បូកគោ / កំ​ពតៈ អភិបាល​ខេត្តកំពត អមដោយ​មន្ត្រី​ជំនាញ​ពាក់ព័ន្ធ កាលពី​ព្រឹក​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០ បាន​ចុះ​ពិនិត្យ ការដ្ឋាន​ចំនួន ៣ ទីតាំង នា​សង្កាត់​ក្រាំង​អំពិល ក្រុង​កំពត ទីលាន​ថ្មី សម្រាប់​ចាក់សំរាម នៅ​ឃុំ​ថ្មី និង​អាង​ប្រព្រឹត្តិកម្ម​សម្អាត​ទឹក​កខ្វក់ ក្នុង​ឃុំ​កំពង់​សំរោង ស្រុក​ទឹកឈូ ដើម្បី​ជំរុញ​ផ្នែក​ពាក់ព័ន្ធ ត្រូវ​ព​ន្លឿ​ន​គម្រោង​សាងសង់ ប្រព័ន្ធ​ប្រមូល និង​ប្រព្រឹត្ត​កម្ម សម្អាត​ទឹក​កខ្វក់ ព្រមទាំង​ស្ថាបនា​លូបង្ហូរទឹក ចេញពី​ក្រុង​កំពត ឱ្យបាន​ឆាប់រហ័ស ។​

​ក្នុង​ដំណើរ​នៃ​ការចុះពិនិត្យ​នោះ លោក ជាវ តា​យ អភិបាល​ខេត្តកំពត បាន​មានប្រសាសន៍ថាៈ រាល់​ដំណោះស្រាយ បញ្ហា​ទាមទារ​ឱ្យមាន ការចូលរួម​ពី​គ្រប់ភាគី ពាក់ព័ន្ធ​ទាំងអស់ ទើប​ទទួលបាន​លទ្ធផល​វិជ្ជមាន​។ ដូច្នេះ អាជ្ញាធរ​ពាក់ព័ន្ធ ត្រូវ​សហការគ្នា​ជាប្រចាំ ក្នុងការ​អនុវត្ត​គម្រោង​ទាំង ៣ ពិសេស​មន្ទីរ​រៀបចំ​ដែនដី ត្រូវ​ព​ន្លឿ​ន​ការរៀបចំ​ឯកសារ ប្លង់ដី​កម្មសិទ្ធិ​របស់​រដ្ឋ ឱ្យបាន​ជាក់លាក់ ដើម្បី​ងាយស្រួល​ឱ្យ​ជំនាញ ចាប់ផ្តើម​ដំណើរការ នៅតាម​ទីតាំង​នីមួយៗ​។​

​លោក​អភិបាលខេត្ត បានបញ្ជាក់​ថាៈ រដ្ឋបាលខេត្ត មាន​ជំនឿ​ជាក់​ថា នៅ​ថ្ងៃ​ខាងមុខ គម្រោង​ទាំងនេះ នឹង​សម្រេច​ជា​ស្ថាពរ ដែល​អាច​ឆ្លើយតបបាន ចំពោះ​ក្ដី​ព្រួយបារម្ភ របស់​ប្រជាពលរដ្ឋ អំពី​បញ្ហា​ជំនន់​លិច​ក្រុង ពេល​ភ្លៀង​ម្ដងៗ​។ គម្រោង​នេះដែរ​នឹងធ្វើ​ឱ្យ​ក្រុង​កំពត​មាន​អនាម័យ​បរិស្ថាន​ល្អ ព្រមទាំង​សោភ័ណភាព បាន​ប្រសើរ​ទៀតផង​។​

​សូមបញ្ជាក់ថា គម្រោង​ទាំង ៣ ត្រូវ​ប្រើប្រាស់​ឥណទាន របស់​ធនាគារអភិវឌ្ឍន៍អាស៊ី មានតម្លៃ​ជិត ១០ លាន​ដុល្លារ ដោយ​ចាប់ផ្តើម​អនុវត្ត តាំងពី​ខែតុលា ឆ្នាំ​២០១៩ ដែល​បច្ចុប្បន្ន ទើបតែ​សម្រេចបាន​ប្រមាណ​ជិត ៣០ ភាគរយ​ប៉ុណ្ណោះ​។ ក្នុងនោះ​មាន​ប្រព័ន្ធ​ប្រមូល និង​អាង​ប្រព្រឹត្ត​កម្ម​សម្អាត​ទឹក​កខ្វក់ ស្ថានីយ​បូមទឹក​កខ្វក់ នៅ​ឃុំ​កំពង់​សំរោង ទីលាន​ចាក់សំរាម ដែលមាន​ផ្ទៃដី​ប្រមាណ ១០ ហិកតា ក្នុង​ឃុំ​ថ្មី ស្រុក​ទឹកឈូ និង​ប្រព័ន្ធ​លូ​រំដោះ​ទឹក​នា​ក្រុង​កំពត​៕/V​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular