ដោយៈ កាំពី / ក្រចេះ ៖ ដោយមានការចង្អុលបង្ហាញពីលោក ប្រធានមន្ទីរកសិកម្ម ខេត្តក្រចេះ លោក ម៉ុក ពន្លក នាយរងខ័ណ្ឌជលផលខេត្ត បានសហការ ជាមួយកម្លាំង កងរាជអាវុធហត្ថ ស្រុកចិត្របុរី គណៈកម្មការសហគមន៍នេសាទ ថ្មគ្រែ ក្រគរ និងរកាកណ្តាល បានចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងទ្រនូលឆ្នាំង ស្ថិតនៅភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី កាលពីរសៀល ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ នេះ ។
លោក ម៉ុក ពន្លក បានបញ្ជាក់ថាៈ កាចុះបង្ក្រាបបទល្មើសនេសាទនេះ កម្លាំងសមត្ថកិច្ចជំនាញ រឹបអូសបានវត្ថុតាង រួមមាន របាំងសាច់អួនស្បៃមុង ចំនួន ៣៥ខ្សែ ប្រវែង ១០៥ ០ម៉ែត្រ, លូសាច់ស្បៃមុងចំនួន ៣៥ ម៉ាត់ល, បង្គោលឫស្សីឃ្លៃ ចំនួន ៤៥០ដើម និងចាក់លែងត្រីចម្រុះ ចូលបឹងធម្មជាតិ ប្រមាណជា ៥ គ.ក្រ។
នៅថ្ងៃទី១០ ធ្នូ នេះដែរ ផ្នែករដ្ឋបាលជលផល ព្រែកប្រសព្វ ក៏បានសហការជាមួយ ក្រុមប្រឹក្សាឃុំ កម្លាំងនគរបាលប៉ុស្តិ៍រដ្ឋបាល និងសហគមន៍នេសាទ កំពង់គរ ចុះត្រួតពិនិត្យ និងបង្ក្រាបបទល្មើសជលផល នៅចំណុចបឹងធំ ស្ថិតក្នុងឃុំកំពង់គរ ស្រុកព្រែកប្រសព្វ ហើយរឹបអូសបានវត្ថុតាង រួមមាន របាំងស្បៃមុងចំនួន៣ខ្សែ ប្រវែង ១៥០ម៉ែត្រ, លូស្បៃមុងចំនួន ៣មាត់លូ, របាំងសាច់អួនក្រឡាញឹក ចំនួន ១៤ខ្សែ ប្រវែង ៦៤០ ម. , លបសាច់អួនក្រឡាញឹក ១៤ គ្រឿង, បង្គោលចម្រឹងឫស្សីឃ្លៃ ៤២៥ ដើម និងចាក់លែងត្រីចម្រុះ ចូលបឹង ៣៥ គ.ក្រ ។
លោកបានបញ្ជាក់ទៀតថាៈ វត្ថុតាងដែលដកហូតបាន ក្មុងថ្ងៃនេះគឺ របាំងស្បៃមុង និងរបាំងសាច់អួន ដឹកយកមករក្សាទុក នៅខណ្ឌជលផលក្រចេះ ដោយឡែក លូស្បៃមុង និងលបសាច់អួនក្រឡាញឹក គឺត្រូវបានកម្លាំងសមត្ថកិច្ចចម្រុះ សម្រេចបំផ្លាញចោល នៅហ្នឹងកន្លែង៕/V