ដោយៈប.ខុន/ភ្នំពេញៈសម្ពាធទាបកម្រិតខ្សោយរុញមកពីសមុទ្រចិនខាងត្បូងភាគអគ្នេយ៍នៃ ប្រទេសកម្ពុជានឹងបង្កឱ្យមានភ្លៀងធ្លាក់ រាយប៉ាយតិចតួចនៅលើខេត្តស្វាយរៀង តាកែវ កំពង់ស្ពឺ…នៅយប់ថ្ងៃទី១០និងថ្ងៃទី១១ខែធ្នូព្រមពេលសីតុណ្ហភាពអប្បបរ មាជាទូទៅបានកើនឡើងលើសពី២០ អង្សាសេ។
លោកចាន់យុត្ថាអ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹកនិងឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជានៅព្រលប់ថ្ងៃទី១០ខែធ្នូថាយប់នេះ(១០ធ្នូ)និងថ្ងៃស្អែកមានធ្លាក់រាយប៉ាយតិចលើខេត្តជាប់ព្រំដែនវៀតណាមដូចជាខេត្តស្វាយរៀង ព្រៃវែង តាកែវកំពង់ស្ពឺនិង អាចទៅដល់ខេត្តកំពង់ឆ្នាំង។
អ្នកនាំពាក្យដដែលបញ្ជាក់ថាភ្លៀងតិចតួចនិងផ្ទៃមេឃអាប់អួនេះកើតឡើងដោយសារឥទ្ធិពលសម្ពាធទាបកម្រិតខ្សោយរុញមកពីសមុទ្រចិនខាងត្បូងភាគអគ្នេយ៍នៃប្រទេសកម្ពុជា។ព្រមពេលជាមួយនឹងសម្ពាធទាបកម្រិតខ្សោយនេះកើតឡើង ខ្យល់មូសុងឦ សាននិងជ្រលងសម្ពាធខ្ពស់ឥទ្ធិពលធ្វើឱ្យសីតុណ្ហភាពអប្បបរមាជាទូទៅកើនឡើងលើសពី២០អង្សាសេវិញ។
ក្រសួងធនធានទឹកនិងឧតុនិយមកាលពីថ្ងៃទី៨ខែធ្នូបានជូនដំណឹងស្តីពីការព្យាករអាកាសធាតុ សម្រាប់ពីថ្ងៃទី៩ដល់ថ្ងៃទី ១៥ខែធ្នូថាជ្រលងសម្ពាធខ្ពស់ពីប្រទេសចិនបានរំកិលឡើងទៅលើ(ជើង)វិញជាមួយនិងខ្យល់មូសុងឦសានបក់ខ្សោយមកលើប្រទេសកម្ពុជាធ្វើឱ្យសីតុណ្ហភាព ងើបឡើងបន្តិចមកវិញបើធៀបទៅនឹងសប្តាហ៍មុន។
នៅក្នុងសេចក្តីជូនដំណឹងបានសរសេរទៀតថាសម្រាប់ថ្ងៃទី ១១១៥ខែធ្នូប្រទេសកម្ពុជានឹងទទួលរងឥទ្ធិពលពីសម្ពាធទាប កម្រិតខ្សោយ ដែលស្ថាន ភាពបែបនេះនឹងធ្វើឲ្យ បណ្តាខេត្តនៅតំបន់វាលទំនាបកណ្តាលមានសីតុណ្ហ ភាពអប្បបរមា ពី ២២-២៥ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨អង្សាសេ។
សម្រាប់បណ្តាខេត្ត ជាប់ជួរភ្នំដងរែក និងខ្ពង់រាបឦសានមានសីតុណ្ហភាពអប្បបរមា មានពី ២០-២២អង្សាសេ សីតុណ្ហភាពអតិបរមាមានពី ២៨-៣០ អង្សាសេ។សម្រាប់បណ្តាខេត្តនៅតំបន់មាត់សមុទ្រ សីតុណ្ហភាព អប្បបរមា មានពី ២៤-២៦ អង្សាសេ សីតុណ្ហភាពអតិបរមា មានពី ២៨-៣០ អង្សាសេ៕srn