ដោយៈ​មុនី​រ័ត្ន​/​ភ្នំពេញៈ មាន​បុគ្គល​មិន​ស្គាល់​អត្តសញ្ញាណ កំពុង​ក្លែងបន្លំ​ប្រើប្រាស់​ឈ្មោះ ឌី វិជ្ជា (Dy Vichea) ក្នុង​ប្រព័ន្ធ​តេ​ឡេ​ក្រាម (Telegram) ដោយ​អះអាងថា ជា​នាយទាហាន​ធ្វើការ​នៅ​ការិយាល័យ​ផែនការ នាយកដ្ឋាន​ទាក់ទង​អន្តរជាតិ នៃ​អគ្គនាយកដ្ឋាន​នយោបាយ​និង កិច្ចការបរទេស ក្រសួងការពារជាតិ ដើម្បី​ទំនាក់ទំនង​ទៅកាន់​ថ្នាក់ដឹកនាំ ក្រសួង​-​ស្ថាប័ន​នានា ក្នុង​គោលដៅ​ស្នើសុំ និង​សាកសួរ​អំពី​ព័ត៌មាន​សន្តិសុខ​ជាតិ​។ នេះ​បើ​យោងតាម​លិខិត​បដិសេធ​របស់​នាយក​ដ្ឋា​ន​កណ្តាល​សន្តិសុខ នៅ​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​

​នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ​បាន​សង្កត់ធ្ងន់ថា អំពើ​ក្លែងបន្លំ​ខាងលើ ធ្វើ​ឲ្យ​មានការ​ភ័ន្តច្រឡំ​ជាមួយ​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ឌី វិជ្ជា អគ្គ​ស្នងការរង​នគរបាលជាតិ និង​ជា​ប្រធាន​នាយកដ្ឋាន​កណ្តាល​សន្តិសុខ ដែល​ធ្វើឡើង​ដោយ​ជនអនាមិក ក្នុង​គោលដៅ​ដើម្បី​ចែកចាយ​នូវ​មេរោគ​កុំព្យូទ័រ​។ អាស្រ័យហេតុនេះ នាយកដ្ឋាន​កណ្តាល​សន្តិ​សុខ ជម្រាបជូន​ដល់ ឯកឧត្តម លោកជំទាវ លោក លោកស្រី សូម​មានការ​ប្រុងប្រយ័ត្ន​ចំពោះ​គណនី​តេ​ឡេ​ក្រាម (Telegram) ឈ្មោះ ឌី វិជ្ជា (Dy Vichea) ខាងលើ ហើយ​សមត្ថកិច្ច និង​ចាត់វិធាន​ការ​តាមផ្លូវ​ច្បាប់​ចំពោះ​ការ​ក្លែងបន្លំ​នេះ​៕​សរន​