Home ព័ត៌មានជាតិ សេដ្ឋកិច្ច ​មួយ​លាន​ហត្ថ...

​មួយ​លាន​ហត្ថលេខា​ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា​នៅ​តំបន់​អាស៊ីអាគ្នេយ៍​

ដោយ​: ពៅ និមល​/​ភ្នំពេញ​: FOUR PAWS ជា​អង្គ​ការមិន​រកប្រាក់​ចំណេញ ដែលមាន​មូលដ្ឋាន​នៅ​អូទ្រីស បាន​រាយការណ៍​ថា មកដល់ពេលនេះ​ចំនួន​ប្រជាជន​មួយ​លាន​នាក់​នៅ​ទូទាំង​ពិភពលោក​បាន​ចុះហត្ថលេខា​លើ​ញត្តិ ដែល​អំពាវនាវ​ឱ្យ​បញ្ឈប់​ជំនួញ​សាច់​ឆ្កែ​និង​ឆ្មា​ដ៏​ឃោ​ឃៅ​នៅ​អាស៊ីអាគ្នេយ៍​។​

​យោងតាម​សំណើរ​ញត្តិ​មួយ​លាន​ហត្ថលេខា ដើម្បី​បញ្ឈប់​ការជួញដូរ​សាច់​ឆ្កែ​នៅ​អាស៊ីអាគ្នេយ៍​ដាក់ជូន​សម្តេច​តេ​ជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី​នៃ​កម្ពុជា ដែល​រស្មី​កម្ពុជា​ទទួលបាន​នៅ​រសៀល​ថ្ងៃទី​១០ ខែធ្នូ​នេះ អង្គការ FOUR PAWS បាន​លើកឡើងថា នៅ​កម្ពុជា វៀតណាម និង​ឥណ្ឌូណេស៊ី មាន​សត្វ​ឆ្កែ​និង​ឆ្មា​ជាង​១០​លាន​ក្បាល ត្រូវបាន​សម្លាប់​ជា​រៀងរាល់ឆ្នាំ​ដើម្បី​យក​សាច់​។ ការជួញដូរ​នេះ មិន​ត្រឹមតែ​ជា​អំពើ​សាហាវព្រៃផ្សៃ​ប៉ុណ្ណោះ​ទេ​ថែមទាំង​បង្ក​ហានិភ័យ​ដល់​ការកើតមាន​ជំងឺឆ្លង​ពីស​ត្វ​មក​មនុស្ស​ថ្មីៗ​ជាច្រើន​ដូចជា​កូ​វីដ​១៩​ជាដើម ហើយ​អាច​បណ្ដាល​ឲ្យ​មានការ​គំរាមកំហែង​សុខភាព​សាធារណៈ​ផ្សេងទៀត​ដូចជា​ជំងឺ​ឆ្កែឆ្កួត​។​

ទាក់ទង​នឹង​ការស្នើសុំ​ខាងលើនេះ FOUR PAWS បញ្ជាក់ថា បាន​ផ្ញើលិខិត​បើកចំហ​ទៅកាន់​រដ្ឋាភិបាល​កម្ពុជា -​វៀតណាម និង​ឥណ្ឌូនេស៊ី ដោយ​ជូនដំណឹង​អំពី​ការយល់ឃើញ​ជា​សកល​និង​ក្នុង​តំបន់​ពាក់ព័ន្ធ​នឹង​ការប្រឆាំង​នឹង​ការជួញដូរ​សាច់​ឆ្កែ​និង​ឆ្មា និង​អំពាវនាវ​ឱ្យ​ចាត់វិធានការ​ជំនួសមុខ​ឲ្យ​ប្រជាជន​មួយ​លាន​នាក់​ទូទាំង​ពិភពលោក​រួមទាំង​ប្រជាពលរដ្ឋ​នៅ​អាស៊ីអាគ្នេយ៍​រាប់សែន​នាក់​ដែល​បាន​ចុះហត្ថលេខា​លើ​ញត្តិ​នេះ​ផងដែរ​។

​លោកស្រី​វេជ្ជបណ្ឌិត ខេ​ត​ធឺ​រី​ន ភូ​លាក់ ពេទ្យសត្វ និង​ជា​ប្រធាន​ទទួលបន្ទុក​សុខ​មាល​សត្វ​អនាថា​ប្រចាំ​តំបន់​អាស៊ីអាគ្នេយ៍ បាន​លើកឡើងថា សត្វ​ដែល​ពាក់ព័ន្ធ​នឹង​ការជួញដូរ ច្រើនតែ​ជាស​ត្វ​ចិញ្ចឹម​ដែល​ត្រូវបាន​គេ​លួច ឬ​សត្វ​អនាថា​តាមផ្លូវ​ដែល​ត្រូវបាន​គេ​ចាប់​ដាក់​ក្នុង​ទ្រុង​តូចៗ​ហើយ​ត្រូវបាន​សម្លាប់​យ៉ាង​សាហាវ​នៅតាម​ភោជនីយដ្ឋាន ផ្សារ និង កន្លែង​សម្លាប់សត្វ​ទូទាំង​អាស៊ីអាគ្នេយ៍​។ លក្ខខណ្ឌ​មិនមាន​អនាម័យ​នៅក្នុង​ទីសត្តឃាត និង​តាម​ទីផ្សារ​សត្វ​រស់ អាច​បង្កឱ្យមាន​ការឆ្លង​ជំងឺ​ពីស​ត្វ​មក​មនុស្ស និង​ជា​កន្លែង​សម្រាប់​បង្កាត់​ជំងឺ​ថ្មីៗ​ដែលមាន​លទ្ធផល​ក្នុងការ​បង្កើត​ភាព​មហន្តរាយ​យ៉ាងខ្លាំង​សម្រាប់​សុខភាព​សាធារណៈ​ពិភពលោក​ទាំងមូល​។

ដោយឡែក លោក​បណ្ឌិត កា​រ៉ា​ន់​វី គុ​គ្រេ​ចា ជា​ពេទ្យសត្វ និង​ជា​អ្នកគ្រប់គ្រង​គម្រោង​នៃ​យុទ្ធនាការ​ការបញ្ចប់​ការជួញដូរ​សត្វ​ឆ្កែ​និង​ឆ្មា ឱ្យដឹងថា តាមរយៈ​ការងារ​និង​កិច្ចសហប្រតិបត្តិការ​អប់រំ​ជាមួយ​អាជ្ញាធរ សហគមន៍​មូលដ្ឋាន និង​ភាគី​ពាក់ព័ន្ធ​ផ្នែក​ទេសចរណ៍ គោលដៅ​របស់​អង្គការ គឺ​ចង់​ឲ្យ​រដ្ឋាភិបាល​នៅ​អាស៊ីអាគ្នេយ៍​ដើម្បី​ណែនាំ ពង្រឹង និង​អនុវត្ត​ច្បាប់​ការពារ​សត្វ ដើម្បី​បញ្ចប់​ការចាប់យក​សំលាប់​និង​បរិភោគ​សាច់​ឆ្កែ​និង​ឆ្មា​។​នេះ​មិន​ត្រឹមតែ​អាច​ការពារ​សត្វ​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ថែមទាំង​ការពារ​មនុស្ស​ផងដែរ​ពី​ហានិភ័យ​សុខភាព​សាធារណៈ ៕​

សូមចុចទីនេះ https://www.facebook.com/365192500178872/posts/3917118984986188/?d=n

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular