​ដោយ​:​រ៉ា​ម៉ន​/​ព្រះវិហារ​: លោក សំ លាង​ទ្រី ប្រធាន​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន​ខេត្តព្រះវិហារ បាន​អំពាវនាវ​ដល់​ប្រជាពលរដ្ឋ​ឲ្យ ត្រូវមាន​ស្មារតី​ទទួលខុសត្រូវ​ក្នុងការ​វេច​ខ្ចប់​សំរាម​របស់ខ្លួន ទុកដាក់​ឱ្យបាន​ត្រឹមត្រូវ ចៀសវាង​យកទៅ​បោះចោល តាម​ទីសាធារណៈ​ផ្សេងៗ ។​

​ការអំពាវនាវ​នេះ​ខណៈដែល​គំនរ​សំរាម​ជាច្រើន​ក​ន្លែ ង​នៅ​ចំណុច​ស្ពាន​ដងស្ទឹង​ស្រអែម ស្ថិតក្នុង ឃុំ​ស្រអែម ស្រុក​ជាំ​ក្សាន្ត ត្រូវបាន​ក្រុមការងារ​ថែទាំ​ផ្លូវថ្នល់ របស់​មន្ទីរ​ធ្វើការ​សម្អាត​រួចរាល់​។​

​លោក សំ លាង​ទ្រី បាន​និយាយ​កាលពី​រសៀល​ថ្ងៃទី​១០ ខែធ្នូ​ថា ការ​ចោល​សំរាម​នៅតាម​ទីសាធារណៈ​ផ្សេងៗ ក្រៅពី​ធ្វើឱ្យប៉ះពាល់​ដល់​សណ្តាប់ធ្នាប់ គឺ​ធ្វើឱ្យប៉ះពាល់​ដល់​បរិស្ថាន​យ៉ាងធ្ងន់ធ្ងរ ជាងនេះទៅទៀត​ធ្វើឱ្យប៉ះពាល់​ដល់​សុខភាព​អ្នកធ្វើដំណើរ ក៏ដូចជា​សុខភាព​ប្រជាពលរដ្ឋ ដែល​រស់នៅ​ក្បែរ​គំនរ សំរាម​នោះ​ផងដែរ​។

​ជាមួយគ្នា​នោះ​លោក សំ លាង​ទ្រី ក៏បាន​អរគុណ​ដល់​ក្រុមការងារ​ថែទាំ និង​ជួសជុល​ផ្លូវថ្នល់​នៃ​មន្ទីរ​សាធារណការ ព្រះវិហារ ប្រចាំ​ផ្លូវជាតិ​លេខ​៦២ ដែល​បាន​រួមគ្នា​សម្អាត​សំរាម នៅ​ចំណុច​ខាងលើ​បាន​យ៉ាង​ស្អាត​៕​