Dortmund ចង់​ផ្ទេរ អូ​លី​វើ ហ្ស៊ី​រូ ខណៈ​ឆេ​ល​ស៊ី​ពិចារណា​ផ្ទេរ អូ​បា​ម៉េ​យ៉ាំ​ង​

1074
ចែករម្លែក

​ក្លឹប​អាល្លឺម៉ង់ Borussia Dortmund បាន​ត្រៀមខ្លួន​ដាក់សំណើ​ផ្ទេរ​ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រ៉ូ (Olivier Giroud) បន្ទាប់ពី​ខ្សែប្រយុទ្ធ​អា​សេណ​ល​រូបនេះ​សារភាពថា ខ្លួន​កំពុង​ពិចារណា​ចាកចេញ​ពី​ពហុកីឡាដ្ឋាន Emirates ។
​ ​
​ខ្សែប្រយុទ្ធ​សញ្ជាតិ​បារាំង​រូបនេះ​បារម្ភ​ចំពោះ​ការមកដល់​របស់​កីឡាករ អា ឡិ​កសាន​ដ្រេ ឡា​កា​ហ្សិត (Alexandre Lacazette) ក្នុងតម្លៃ​ខ្ពស់បំផុត​៥២​លាន ផោន​នឹងធ្វើ​ឲ្យ​អនាគត​របស់ខ្លួន​ស្ថិតក្នុង​ភាពមិនច្បាស់លាស់ ។
​ ​
Dortmund គឺជា​ក្លឹប​ធំ​មួយ​ដែល​កំពុង​ត្រៀម​ផ្ទេរ ហ្ស៊ី​រូ ខណៈ​ពួកគេ​ស្វែងរក​ខ្សែប្រយុទ្ធ​មក​ជំនួស ព្យែ​រ អេ​មេ​រិ​ក អូ​បា​ម៉េ​យុំ​ា​ង (Pierre Emerick Aubameyang) ដែល​គ្រោង​នឹងចូលរួម​ជាមួយ​ក្លឹប​ឆេ​ល​ស៊ី​។ ការផ្ទេរ ហ្ស៊ី​រូ មកកាន់​ក្លឹប Dortmund គឺ​អាស្រ័យ​លើ​ការចាកចេញ​របស់ អូ​បា​ម៉េ​យ៉ាំង​។
​ ​
​ក្លឹប Everton, West Ham, Marseille និង AC Milan សុទ្ធតែ​ចាប់អារម្មណ៍​លើ ហ្ស៊ី​រូ​។ ហ្ស៊ី​រូ ដឹងថា ខ្លួន​ត្រូវតែ​បង្ហាញមុខ​ជាប្រចាំ​នៅ​រដូវ​កាល​នេះ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការបាត់បង់​តំណែង​នៅក្នុង​ក្រុម​ជម្រើសជាតិ​សម្រាប់​ការប្រកួត World Cup នៅ​រដូវ​កាល​ក្រោយ​។​
​ ​
​កីឡាករ​វ័យ​៣០​ឆ្នាំ​ដែល​ចុះ​កិច្ចព្រមព្រៀង​ថ្មី​រយៈពេល​បី​ឆ្នាំ​កាលពី​ខែមករា​ធ្លាប់បាន​និយាយថា អាជីព​របស់ខ្លួន​នៅ​អា​សេណ​ល​នឹង​បញ្ចប់ បន្ទាប់ពី​ចូលរួម​ជាមួយ​ក្លឹប​នេះ​កាលពី​ឆ្នាំ​២០១២ មក​។​
​ ​
​ហ្ស៊ី​រូ បាន​និយាយថា “​ពិត​ជាមាន​ជម្រើស ប៉ុន្តែ​ខ្ញុំ​នៅទីនេះ​សម្រាប់​ការប្រកួត​កម្តៅ​សាច់ដុំ​មុន​ការប្រកួត​។ ខ្ញុំ​ចង់​ធ្វើដំណើរ​។ អ្នកខ្លះ​សួរ​ខ្ញុំ​ថា តើ​ខ្ញុំ​នឹង​រួម​ដំណើរ​មួយក្រុម​ឬ​អត់​។ ខ្ញុំ​គឺជា​កីឡាករ​របស់​អា​សេណ​ល​។ ខ្ញុំ​គ្រាន់តែ​ចង់​ត្រៀម​សម្រាប់​រដូវ​កាល​នេះ ហើយនឹង​រង់ចាំ​មើល​ពេល​បន្ទាប់​”​។​
​ ​
​ហ្ស៊ី​រូ បាន​និយាយថា “​ខ្ញុំ​ទទួលបាន​ការស្វាគមន៍​ដ៏​អស្ចារ្យ​ពី​អ្នកគាំទ្រ​និង​ក្លឹប ហើយ​រយៈពេល​៥​ឆ្នាំ​សម្រាប់​ខ្ញុំ​ពិតជា​អស្ចារ្យ​។ ខ្ញុំ​នឹងមិន​ភ្លេច​ទេ មិន​ថា​មានរឿង​អ្វី​កើតឡើង​ទេ​។ យើង​នឹង​រង់​ចាំមើល​អំពី​អនាគត​របស់ខ្ញុំ​”៕ ប្រែ​សម្រួល​:​ពិសិដ្ឋ​

ខ្សែប្រយុទ្ធ អូ​លី​វើ ហ្ស៊ី​រ៉ូ (Olivier Giroud)

ទីតាំងផ្សាយពាណិជ្ជកម្ម