ដោយៈប.ខុន/ភ្នំពេញៈ ក្រសួងធនធានទឹក និងឧតុនិយម គ្រោងធ្វើការស្តារស្ទឹងជោរឡើងវិញ ព្រោះវាមានអត្ថប្រយោជន៍ជាលក្ខណៈពហុវិស័យទៅតាមការស្នើសុំរបស់ពលរដ្ឋ នៅមូលដ្ឋាននៃឃុំស្មោងជើងស្រុកកំចាយមារខេត្តព្រៃវែង ដើម្បីទាញយកទឹកពី ប្រព័ន្ធវ៉ៃកូ១មកប្រើប្រាស់ប្រចាំថ្ងៃ និងសម្រាប់ការងារបង្កបង្កើនផលស្រូវលើផ្ទៃដី ប្រមាណជា ២.០០០ហិកតា។
គម្រោងខាងលើនេះកើតមានឡើង បន្ទាប់ពីលោកលឹម គានហោ រដ្ឋមន្ត្រី ក្រសួងធនធានទឹក និងឧតុនិយម បានអញ្ជើញទៅពិនិត្យមើលស្ថានភាពទឹក នៅ ប្រព័ន្ធស្ទឹងជោរក្នុងឃុំក្រញូង កាលពីថ្ងៃទី២៧ ខែតុលា ឆ្នាំ២០២០ ដោយសម្រេច ឱ្យមន្ត្រីជំនាញធ្វើការសិក្សា ដើម្បីឈានទៅធ្វើការកែលម្អដល់ប្រព័ន្ធដែលមាន ការ ទ្រុឌទ្រោមនេះឡើងវិញសម្រាប់យកទឹកប្រើប្រាស់ផ្គត់ផ្គង់ដល់ផ្ទៃដីបង្កបង្កើនផល ស្រូវប្រមាណជា២.០០០ហិកតា។
លោកឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និង ឧតុនិយម ខេត្តព្រៃវែង បានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ថា ស្ទឹងជោរជាស្ទឹងមាន ទឹកហូរតែក្នុងរដូវវស្សាដល់រដូវប្រាំងជាស្ទឹងងាប់ (អត់ទឹកហូរ) ដាច់ទឹកដោយកន្លែង នៅក្នុងពោះស្ទឹងមានសល់ទឹកតិចតួចក្នុងរដូវប្រាំង។
ប្រធានមន្ទីរខាងលើបញ្ជាក់ថាស្ទឹងជោរមានប្រភពទឹកពីផ្ទៃរងទឹកភ្លៀងខ្លួនឯង និង មួយផ្នែកទទួលទឹកពីប្រព័ន្ធវ៉ៃកូ១ ហូរបន្តធ្លាក់ចូលទៅខេត្តស្វាយរៀង។ នៅ ក្នុងរដូវប្រាំងនៅកន្លែងខ្លះមានទឹកនៅសល់ជម្រៅប្រហែល១ម៉ែត្រ និងកន្លែងខ្លះ គោក ទំហំមាត់ស្ទឹងមានពី៥០ទៅ៣០០ម៉ែត្រ។ នៅពេលស្តាររួចតាមគម្រោង ស្ទឹងនេះមានសក្តានុពលខ្លាំង ដោយផ្តល់ទឹកសម្រាប់ប្រើប្រាស់សម្រាប់បនុស្ស – សត្វ (ទឹកស្អាត) ទឹកសម្រាប់ដាំដុះដំណាំនៅក្នុងរដូវប្រាំងលើតំបន់ក្បែរស្ទឹង និង ជាពិសេសទឹកសម្រាប់អន្តរាគមន៍ដល់ដំណាំស្រូវចុងរដូវវស្សាដោយទាញយកពី ប្រព័ន្ធវ៉ៃកូជំហាន១។
លោកចាន់ យុត្ថា អ្នកនាំពាក្យនិងជារដ្ឋលេខាធិការក្រសួងធនធានទឹក និង ឧតុនិយមបានប្រាប់ឱ្យរស្មីកម្ពុជាដឹងនៅថ្ងៃទី១០ខែធ្នូថា ស្ទឹងជោរជាស្ទឹងធម្មជាតិ ដែលបច្ចុប្បន្នមានការគោករាក់។ ស្ទឹងនេះ ស្ថិតនៅក្នុងភូមិសាស្ត្រឃុំស្មោងជើង ស្រុកកំចាយមារ ខេត្តព្រៃវែង។ ស្ទឹងនេះ គ្រោងស្តារឡើងវិញលើប្រវែងប្រមាណ ជា៧គីឡូម៉ែត្រ ដើម្បីទាញទឹកពីប្រព័ន្ធប្រឡាយមេវ៉ៃកូ១ ទៅស្រោចស្រពលើផ្ទៃដី ស្រែប្រមាណ ២.០០០ហិកតានៅក្នុងឃុំខាងលើ ។
គម្រោងស្តារស្ទឹងជោរនេះត្រូវបានលើកយកមកពិភាក្សាក្នុងកិច្ចប្រជុំកាល ពីថ្ងៃទី៣ ខែធ្នូឆ្នាំ២០២០ ដឹកនាំដោយលោកម៉ី លីហួត អនុរដ្ឋលេខាធិការក្រសួង ធនធានទឹកនិងឧតុនិយម, លោកឈា ប៊ុនរិទ្ធ អគ្គនាយកកិច្ចការបច្ចេកទេស, លោកហៀង ម៉េងប្រធាននាយកដ្ឋានវិស្វកម្មនៃក្រសួងធនធានទឹក និងឧតុនិយម , លោកឃុត សាឃឿន ប្រធានមន្ទីរធនធានទឹក និងឧតុនិយមខេត្តព្រៃវែង និងអាជ្ញាធរស្រុកកំចាយមារ ដោយពិនិត្យឃើញនូវសក្តានុពលនៃស្ទឹងនេះ ជាប្រភពទឹកដ៏សំខាន់ និងមានអត្ថប្រយោជន៍ជាលក្ខណៈពហុវិស័យ ដូចជាការស្រោចស្រពដំណាំកសិកម្មជម្រកមច្ឆា ផ្គត់ផ្គង់ទឹកសម្រាប់ប្រើប្រាស់ប្រចាំថ្ងៃដល់ប្រជាពលរដ្ឋ សិស្ស និស្សិតនៃសាកលវិទ្យាល័យជាស៊ីមកំចាយមារ រមណីយដ្ឋាន ព្រមទាំងអ្នកទទួល ផលនៅផ្នែកក្រោមខ្សែទឹកជាចាំបាច់ អង្គប្រជុំបានសម្រេចធ្វើការស្តារឡើង វិញនូវប្រភពទឹកស្ទឹង ព្រែកធម្មជាតិ ដែលបច្ចុប្បន្នមានសភាពកាន់តែគោក រាក់នេះ៕