ដោយ:រ៉ាម៉ន/ភ្នំពេញ: កម្លាំងនគរបាលនៃអធិការដ្ឋាននគរបាលខណ្ឌទួលគោក និងប៉ុស្តិ៍នគរបាលរដ្ឋបាលផ្សារដេប៉ូ២ បានដឹកនាំកម្លាំងចុះរៀបចំសណ្តាប់ធ្នាប់នៅតាមបណ្តោយ ផ្លូវលេខ ១៣៤ សង្កាត់ផ្សារដ៉េប៉ូទី២ ខណ្ឌទួលគោក ដែលមានយាន្តដ្ឋានជួសជុលរថយន្តឈ្មោះ ជាងហេង និងឈ្មោះ សំ អឿន បានយកផ្លូវសាធារណ:ជាកន្លែងសម្រាប់ជួសជុលរថយន្ត។
ជាមួយនឹងការរៀបចំសណ្តាប់ធ្នាប់នេះ ក៏បានការណែនាំអប់រំម្ចាស់អាជីវកម្មទាំងអស់ មិនត្រូវយកផ្លូវសាធារណៈមកធ្វើអាជីវកម្មដែលបង្កឲ្យបាត់បង់សណ្តាប់ធ្នាប់ និងបង្កឲ្យមានការកកស្ទះដល់ការធ្វើដំណើររបស់ប្រជាពលរដ្ឋនោះទេ។
ចំពោះវិធានការទាន់ពេលវេលាជូនប្រជាពលរដ្ឋ របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ខាងលើនេះ បន្ទាប់ពីបានទទួលសារ ពីប្រជាពលរដ្ឋក្នុងទំព័រហ្វេសប៊ុកស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ បានផ្តល់ព័ត៌មានបន្តទៅអធិការដ្ឋាននគរបាលខណ្ឌទួលគោក៕