Home ព័ត៌មានអន្តរជាតិ អាម៉េរិក​ផ្ញើ...

អាម៉េរិក​ផ្ញើ​សារ​ព្រមាន​ទៅ​អ៊ីរ៉ង់​ដោយ​ការបញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ហោះ​រំលង​ឈូង​សមុទ្រ​ពែ​ក្ស​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ សហរដ្ឋ​អាម៉េរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក​រយៈ​ចម្ងាយ​ឆ្ងាយ​ប្រភេទ B-52​ចំនួន​ពីរ​គ្រឿង​ហោះ​រំលង​លើ​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​ទី​១០​ធ្នូ​ក្នុង​ការបង្ហាញ​​កម្លាំង​ដាក់​អ៊ីរ៉ង់ ខណៈ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ត្រៀម​កាត់បន្ថយ​វត្តមាន​យោធា​នៅលើ​ដី​គោក​នៅក្នុង​តំបន់​។​

​ក្រុម​មន្ត្រី​ការពារ​ជាតិ​អាម៉េរិក​និយាយថា យន្តហោះ​ទម្លាក់​គ្រាប់បែក​ទាំង​២ ហោះ​ចេញពី​មូលដ្ឋាន​ទ័ពអាកាស​បាក​ដាល់​ក្នុង​រដ្ឋ​ល្វីស​សៀ​ណា​សម្រាប់​បេសកកម្ម​ឥត​ឈប់​រយៈពេល ៣៦​ម៉ោង​ដើម្បី​ឆ្លង​​ទៅ​ទ្វីប​អ៊ឺរ៉ុប​ហើយ​បន្ទាប់​មក​ឧបទ្វីប​អារ៉ាប់​ឆ្ពោះទៅ​ឈូង​សមុទ្រ​ពែ​ក្ស​នៅ​ជិត​ប្រទេស​កាតា ខណៈ​រក្សា​ចម្ងាយ​សុវត្ថិភាព​ពី​ឆ្នេរសមុទ្រ​អ៊ីរ៉ង់​។​

​យោង​តាម​មេ​បញ្ជាការ​នៃ​ទីបញ្ជាការ​កណ្តាល​អាម៉េរិក​លោក​ឧត្តមសេនីយ៍ ហ្វ្រែង ម៉ាក​ខេន​ហ្ស៊ី បានបញ្ជាក់​ថា បេសកកម្ម ដែល​ធ្វើ​ជា​លើក​ទី ២ ក្នុង​រយៈពេល​ពីរ​ខែ​នេះ​ត្រូវបាន​រៀបចំឡើង​ដើម្បី​​បញ្ជាក់​ពី​ការប្តេជ្ញា​ចិត្ត​របស់​យោធា​អាម៉េរិក​ចំពោះ​ដៃគូ​ក្នុង​តំបន់​របស់​ខ្លួន​។​

​ខណៈ​លោក​ម៉ាក​ខេន​ហ្ស៊ី​មិន​និយាយចំ​ឈ្មោះ​អ៊ីរ៉ង់​ជា​ការផ្តោត​សំខាន់​នៃ​បេសកកម្ម​ហោះហើរ​នេះ​សហរដ្ឋ​អាម៉េរិក​បាន​ប្រើ​ការបង្ហាញ​កម្លាំង​នៅលើ​អា​កាស​និង​នៅលើ​សមុទ្រ​ដើម្បី​រារាំង​រដ្ឋាភិបាល​​ក្រុងតេអេ​រ៉ង់​កុំអោយ​បញ្ចេញ​អាកប្បកិរិយា​គឃ្លើ​ន​ដាក់​កងកម្លាំង​អាម៉េរិក​និង​សម្ព័ន្ធមិត្ត​នៅ​ឈូង​សមុទ្រ​ពែ​ក្ស​។​

​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ លោក​ម៉ាក​ខេន​ហ្ស៊ី​និយាយថា “​ពួក​សត្រូវ​គួរតែ​យល់​ហើយ​ថា​គ្មាន​ប្រទេស​ណាមួយ​នៅ​លើ​ផែនដី​អាច​ត្រៀមខ្លួន​និង​មាន​សមត្ថភាព​ក្នុងការ​ដាក់ពង្រាយ​កម្លាំង​​ប្រយុទ្ធ​បន្ថែម​យ៉ាង​រហ័ស​នៅ​ចំពោះមុខ​ការឈ្លានពាន​ណាមួយ​នោះ​ឡើយ​”​។​

​យោង​តាម​មន្ត្រី​អាម៉េរិក ការហោះហើរ​នេះ​ត្រូវបាន​សម្របសម្រួល​ជាមួយ​សម្ព័ន្ធមិត្ត​អាម៉េរិក​ហើយ​យន្តហោះ​ចម្បាំង​ពី​អា​រ៉ាប៊ីសាអូឌីត បា​រ៉ែ​ន​និង​កាតា​បាន​ហោះ​អម​ជាមួយ​យន្តហោះ​ទម្លាក់​គ្រាប់បែក នៅ​ពេល​ពួក​វា​ហោះ​ឆ្លងកាត់​ដែន​អាកាស​។​

​កាលពី​ឆ្នាំមុន​ប្រធានាធិបតី​ដូណាល់ ត្រាំ​បាន​បញ្ជា​ឱ្យ​មន្ទីរ​បញ្ច​កោណ​កាត់បន្ថយ​ចំនួន​កងទ័ព​អាម៉េរិក​នៅ​អ៊ីរ៉ាក់​ឱ្យមក​ត្រឹមតែ ២.៥០០ នាក់​នៅ​ពាក់កណ្តាល​ខែ​មករា​ដែល​ជា​កម្រិត​ទាប​បំផុត​​ចាប់តាំងពី​ឆ្នាំ ២០០៣ ។​

​ដូចគ្នានេះដែរ លោក​ក៏​កំពុង​កាត់បន្ថយ​ចំនួន​កងទ័ពជើងគោក​ក្នុងប្រទេស​អា​ហ្វ​ហ្គានី​ស្ថាននិង​សូ​ម៉ាលី​ផងដែរ​៕

អាម៉េរិក​បញ្ជូន​យន្តហោះ​ទម្លាក់​គ្រាប់បែក B-52 ហោះ​រំលង​ឈូង​សមុទ្រ​ពែ​ក្ស​កាលពី​ថ្ងៃ​ព្រហស្បតិ៍​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular