ដោយ: គូលែន / សៀមរាប: បុរសម្នាក់បានរងរបួសធ្ងន់ ហើយត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប ដើម្បីសង្គ្រោះ បន្ទាប់ពីរូបគាត់ជួបគ្រោះថ្នាក់ចរាចរណ៍ដែលបង្កឡើងដោយខ្លួនឯង។
ករណីគ្រោះថ្នាក់ចរាចរណ៍ ដែលបង្កឡើងដោយខ្លួនឯងខាងលើនេះ បានកើតឡើងនៅវេលាម៉ោង ២១យប់ ថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ស្ថិតនៅចំណុចអន្លង់អាដូង ក្នុងភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។
សមត្ថកិច្ចនគរបាលស្រុកអង្គរធំ បានបញ្ជាក់ថា ជនរងគ្រោះមានឈ្មោះ ម៉ៅ វ៉ាន់ ភេទប្រុស អាយុ ២៤ឆ្នាំ រស់នៅភូមិភ្លង់ ឃុំលាងដៃ ស្រុកអង្គរធំ ខេត្តសៀមរាប។ នៅមុនពេលកើតហេតុ ជនរងគ្រោះបានជិះម៉ូតូតែម្នាក់ឯងក្នុងល្បឿនលឿន លុះមកដល់ចំណុចកើតហេតុ បានរេចង្កូតម៉ូតូដួលបោកក្បាល បណ្តាលឲ្យរងរបួសធ្ងន់។
ជនរងគ្រោះត្រូវបានបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យបង្អែកខេត្តសៀមរាប៕