ដោយៈ សរិទ្ធ/ភ្នំពេញៈ រថយន្តមួយគ្រឿង បានបុកម៉ូតូ បណ្ដាលឲ្យមនុស្ស ពីរនាក់បាន រងរបួស កាលពីម៉ោង ១២ រំលងអធ្រាត្រ ឈានចូលថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នៅតាម បណ្ដោយផ្លូវ២០៥ កែងផ្លូវ៣៨៤ ស្ថិតក្នុងសង្កាត់ទួលស្វាយព្រៃ២ ខណ្ឌបឹងកេងកង រាជធានីភ្នំពេញ ។
តាមប្រភពព័ត៌មាន ពីកន្លែងកើតហេតុ បានឲ្យដឹងថាៈ មុនពេលកើតហេតុ គេឃើញ បុរសម្នាក់ និងនារីម្នាក់ ជិះម៉ូតូឌុបគ្នា ម៉ាកហុងដា ឌ្រីម ស៊េរី២០១៥ ពណ៌ខ្មៅ ពាក់ស្លាក លេខ ភ្នំពេញ 1FO-0824 ធ្វើដំណើរតាមបណ្ដោយផ្លូវ២០៥ ទិសដៅពីខាងលិច ទៅខាងកើត មកដល់ផ្លូវកែងលេខ៣៨៤ ក៏ត្រូវរថយន្តឡិចស៊ីស RX300 ពណ៌ស្ករ ពាក់ស្លាកលេខ កណ្ដាល 2A-7717 បើកបរដោយបុរសម្នាក់ រួមនឹងមិត្តភក្តិម្នាក់ទៀត ធ្វើដំណើរតាម បណ្ដោយផ្លូវ៣៨៤ ទិសដៅពីខាងត្បូង មកខាងជើង ហើយបានបុកម៉ូតូចំពីចំហៀងពេញ ទំហឹង បណ្ដាលឲ្យដួលអូសជិត ១០ ម៉ែត្រ និងធ្វើឲ្យនារីម្នាក់ រងរបួសត្រូវបញ្ជូនទៅកាន់ មន្ទីរពេទ្យ និងបុរស ជាអ្នកបើកម៉ូតូ រងរបួសស្រាល។
ក្រោយកើតហេតុ ភាគីទាំងពីរ បាននិយាយចរចាគ្នា អស់រយៈពេលយ៉ាងយូរនៅតែមិន ត្រូវគ្នា ទើបសមត្ថកិច្ចមូលដ្ឋាន ទាក់ទងទៅជំនាញនគរបាលចរាចរណ៍ ខណ្ឌបឹងកេងកង ឲ្យចុះមកវាស់វែង យករថយន្ត និងម៉ូតូ ទៅរក្សាទុក រង់ចាំដោះស្រាយ តាមក្រោយ៕PC