ប្រែសម្រួលៈវាសនា/វ៉ាស៊ីនតោន៖ការព្រមានបានកើតឡើងក្រោយពីអាជ្ញាធរសុខាភិបាលអាម៉េរិកកាលពីថ្ងៃព្រហស្បតិ៍បានអះអាងរបាយការណ៍ដ៏សោកសៅមួយគឺមនុស្សជាង៣ពាន់នាក់បានស្លាប់ដោយជំងឺកូវីដ១៩នៅអាម៉េរិកនៅ២៤ម៉ោងកន្លងទៅ។
នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) លោករ៉ូប៊ឺត រេដហ្វៀល
នាយកមជ្ឈមណ្ឌលគ្រប់គ្រងនិងបង្ការជំងឺ(CDC) លោករ៉ូប៊ឺត រេដហ្វៀល បានចេញការប៉ាន់ស្មានដ៏សោកសៅមួយសំរាប់អាម៉េរិកដោយលោកលើកឡើងថា យោងតាមនិន្នាការបច្ចុប្បន្ន ការស្លាប់ដោយវីរុសកូរ៉ូណានៅអាម៉េរិកក្នុងមួយថ្ងៃ អាចកើនលើសការស្លាប់ក្នុងព្រឹត្តិការណ៍ភេរវកម្មថ្ងៃ១១កញ្ញា(9/11) ឬ ការវាយប្រហារនៅកំពង់ផែ ភៀល ហាប៊ឺរ(Pearl Harbor)។
ទើបតែថ្ងៃ១០ធ្នូម្សិលមិញ គណៈកម្មាធិការទីប្រឹក្សានៃរដ្ឋបាលចំណីអាហារនិងឱសថអាម៉េរិក(FDA) បានអនុម័តការប្រើវ៉ាក់សាំងPfizerលើពលរដ្ឋអាម៉េរិក ទោះជាយ៉ាងណាអ្នកជំនាញការព្យាករណ៍ថានឹងមិនរំពឹងថាការឆ្លងនឹងធ្លាក់ចុះទេរហូតដល់ខែកុម្ភៈ ទោះជាមានការចាក់វ៉ាក់សាំង។
លោករេដហ្វៀលបាននិយាយនៅក្នុងពិធីដែលរៀបចំឡើងដោយក្រុមប្រឹក្សាស្តីពីទំនាក់ទំនងការបរទេសកាលពីថ្ងៃព្រហស្បតិ៍ថា «យើងប្រហែលជាស្ថិតក្នុងរង្វង់ពេល៦០ទៅ៩០ថ្ងៃទៀត ដែលការស្លាប់ក្នុងមួយថ្ងៃៗ លើសចំនួនស្លាប់ក្នុងព្រឹត្តិការណ៍9/11 ឬPearl Harbor»។
សូមបញ្ជាក់ថា ប្រធានាធិបតី ដូណាល់ ត្រាំ បានចុះហត្ថលេខាលើបទបញ្ជាប្រតិបត្តិមួយដោយអោយអាទិភាពលើការផ្តល់វ៉ាក់សាំងប្រឆាំងកូវីដ១៩ដល់ពលរដ្ឋអាម៉េរិកមុនពេលបញ្ជូនវាទៅកាន់ប្រទេសផ្សេងទៀតដែលត្រូវការវាដែរ។ត្រាំបានអះអាងថា ពលរដ្ឋអាម៉េរិកនឹងទទួលបានវ៉ាក់សាំងនៅយ៉ាងយូរត្រឹមថ្ងៃបោះឆ្នោត០៣ វិច្ឆិកា ឆ្នាំ២០២០ តែការសន្យាមិនបានលេចចេញជារូបរាងទេហើយបានចោទប្រកាន់ក្រុមហ៊ុនផលិតPfizer ថាសមគំនិតជាមួយពួកបក្សប្រជាធិបតេយ្យនិងFDAដើម្បីពន្យឺតការអនុម័យប្រើវ៉ាក់សាំង ក្នុងបំណងរារាំងការជាប់ឆ្នោតឡើងវិញរបស់លោក។
ក្នុងពេលជាមួយគ្នា កិច្ចពិភាក្សាអំពីកញ្ចប់ថវិកាសង្គ្រោះក្នុងអំឡុងវិបត្តិកូវីដ១៩ នៅជាប់គាំងក្នុងសភា អស់ពេលជាង៩ខែមកហើយ ។ពួកសមាជិកសភាមកពីបក្សប្រជាធិបតេយ្យ និងពួកសាធារណរដ្ឋក្នុងព្រឹទ្ធសភា ខ្វែងគំនិតគ្នាខ្លាំងលើទំហំទឹកប្រាក់ជំរុញសេដ្ឋកិច្ចនាពេលខាងមុខ និងរបៀបចែកចាយជំនួយរវាងពលរដ្ឋនិងបណ្តាសហគ្រាសក្រុមហ៊ុន។
តាំងពីយូរមកហើយអាម៉េរិកនាំមុខគេខាងចំនួនឆ្លងនិងអ្នកស្លាប់ដោយកូវីដ១៩នៅលើលោក ។យោងតាមសកលវិទ្យាល័យJohns Hopkins University ប្រទេសនេះមានអ្នកឆ្លងកូវីដ១៩សរុប ជាង១៥,៥លាននាក់ និងយ៉ាងតិចអ្នកជំងឺកូវីដ១៩ចំនួន២៩២.០០០បានស្លាប់៕