អូស្ត្រាលី​បោះបង់​ចោល​ការផលិត​វ៉ាក់សាំង​កូវី​ដ​១៩ ក្រោយ​លទ្ធផល​បង្ហាញ​វិជ្ជមាន​វីរុស​ហ៊ី​វ​ចំពោះ​អ្នកចូលរួម​សាកល្បង​

​ប្រែ​សម្រួល : កញ្ញា​ដា​លី​ស ៖ ការផលិត​វ៉ាក់សាំង​កូវី​ដ​១៩​នៅ​អូស្ត្រាលី​ត្រូវ​បាន​បោះបង់ចោល​នៅ​ថ្ងៃ​សុក្រ​ទី​១១​ធ្នូ​នេះ​បន្ទាប់​ពី​ការសាកល្បង​ព្យាបាល​បាន​បង្កើត​លទ្ធផល​វិជ្ជមាន​វីរុស​ហ៊ី​វ​មិន​ពិត​ក្នុង​​ចំណោម​អ្នក​ដែល​ចូលរួម​ក្នុង​ការសាកល្បង​ព្យាបាល​ដំណាក់កាល​ដំបូង​។​

​នាយករដ្ឋមន្ត្រី​ស្កុត ម៉ូ​រី​សុន​និយាយថា លទ្ធផល​នេះ​បាន​ជំរុញ​ឱ្យ​រដ្ឋាភិបាល​បញ្ឈប់​គម្រោង​ទិញ​វ៉ាក់សាំង​នេះ​រាប់​លាន​ដូស ហើយ​ជំនួស​មកវិញ​គឺ​បង្កើន​ការបញ្ជា​ទិញ​វ៉ាក់សាំង​ផ្សេង​ពី​ក្រុមហ៊ុន AstraZeneca និង Novax ។​

​លោក​ម៉ូ​រី​សុន​និយាយថា “​វ៉ាក់សាំង​របស់​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍លែ​ន​នឹង​មិន​អាច​បន្ត​ទៅមុខ​ទៀត​បានឡើយ ដោយ​ផ្អែក​លើ​ដំបូន្មាន​វិទ្យាសាស្ត្រ​ហើយ​វា​នឹង​លែង​ជា​ផ្នែក​មួយ​នៃ​ផែនកា​រទិញ​វ៉ាក់សាំង​​របស់​អូស្ត្រាលី​ទៀត​ដែរ​”​។​

​រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​លោក ហ្គ្រេ​ក ហា​ន់ និយាយថា បេក្ខជន​វ៉ាក់សាំង ដែល​កំពុង​ស្ថិត​ក្នុង​ដំណាក់កាល​ទី​១​នៃ​ការសាកល្បង​នៅ​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍លែ​ន​បាន​ប្រើប្រាស់​បរិមាណ​ប្រូតេអ៊ីន​​របស់​វីរុស​ហ៊ី​វ​តិចតួច​សម្រាប់​ជា “​ម៉ូលេគុល​បង្គំ​” ប៉ុន្តែ​បង្ក​ឱ្យ​មាន​ប្រតិកម្ម​អង្គ​បដិ​ប្រាណ ដែល​អាច​រំខាន​ដល់​ការតាមដាន​រក​មេរោគ​ហ៊ី​វ​។​

​មន្ត្រីជាន់ខ្ពស់​ក្រសួង​សុខាភិបាល​លោក ប្រេន​ដាន់ មឺ​ហ្វី និយាយថា ទោះបីជា​វ៉ាក់សាំង​នេះ​បាន​បង្ហាញ​ពី​ប្រសិទ្ធភាព​ក្នុង​ការបង្ក្រាប​កូវី​ដ​១៩​និង​គ្មាន​ឱកាស​ចម្លង​ហ៊ី​វ​ក៏ដោយ​ក៏ប៉ុន្តែ​ការអភិវឌ្ឍ​វ៉ាក់សាំង​​ត្រូវតែ​បោះបង់ចោល​ដោយសារ​ការបារម្ភ​ថា វា​អាច​ធ្វើឱ្យ​អន្តរាយ​ដល់​ទំនុកចិត្ត​សាធារណៈ​ក្នុង​ការចាក់​វ៉ាក់សាំង​៕

វ៉ាក់សាំង​កូវី​ដ​១៩​របស់​សាកលវិទ្យាល័យ​ឃ្វី​ន​ស៍លែ​ន​ត្រូវ​បោះបង់​ចោល​ព្រោះ​បង្កើត​លទ្ធផល​វិជ្ជមាន​វីរុស​ហ៊ី​វ​មិន​ពិត

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular