Home ព័ត៌មានជាតិ នយោបាយ គ​.​ជ​.​ប អនុ...

គ​.​ជ​.​ប អនុញ្ញាតឱ្យ​អង្គការ​ខុមហ្វ្រែល ធ្វើ​សវនកម្ម​លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០

ដោយៈ មុនី​រ័ត្ន​/​ភ្នំពេញៈ តាម​សំណើ​របស់ អង្គការ​ខុមហ្វ្រែល (COMFREL) ចុះ​ថ្ងៃទី​៦ ខែវិច្ឆិកា ឆ្នាំ​២០២០ ដែល​បានស្នើ​ដល់ គ​.​ជ​.​ប សុំ​បញ្ជី​ឈ្មោះ បោះឆ្នោត​ដំបូង ឆ្នាំ​២០២០ និង​សុំ​កិច្ចសម្របសម្រួល ជាមួយ​ថ្នាក់ក្រោម​ជាតិ ដើម្បី​ធ្វើ​សវនកម្ម​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ គ​.​ជ​.​ប បានសម្រេច​អនុញ្ញាត ឱ្យ​អង្គការ​ខុមហ្វ្រែល (COMFREL) បន្តធ្វើ​សវនកម្ម លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ ទៀត​។​

​ឆ្នាំមុន អង្គការ​ខុមហ្វ្រែល (COMFREL) បានធ្វើ​សវនកម្ម លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០១៩ ហើយ​បាន​វាយតម្លៃថា បញ្ជី​បោះឆ្នោត គ​.​ជ​.​ប ឆ្នាំ​២០១៩ មាន​ភាពល្អប្រសើរ រហូតដល់ ៩៩,៧% ដោយបាន​រកឃើញ​ឈ្មោះ​ស្ទួន តែ ៤៤ ឈ្មោះ​ប៉ុណ្ណោះ ហើយ គ​.​ជ​.​ប ក៏បាន ដោះស្រាយ​ឈ្មោះ ស្ទួន​ទាំងនោះ រួចរាល់​ហើយ ទៅតាម​ករណី​នីមួយៗ​។ ចំពោះ​ការ ធ្វើ​សវនកម្ម លើ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ នេះ អង្គការ​ខុមហ្វ្រែល (COMFREL) នឹង​ចាប់ ផ្ដើម​ដំណើរការ នៅ​ចន្លោះ ខែធ្នូ ឆ្នាំ​២០២០ ដល់​ខែមករា ឆ្នាំ​២០២១​។​

​គ​.​ជ​.​ប តែងតែ​សហការ ជាមួយ​គ្រប់ភាគី ពាក់ព័ន្ធ​នឹង​ការបោះឆ្នោត ហើយ​នេះ គឺជា​ការ បើកទូលាយ ប្រកបដោយ​តម្លាភាព ក្នុងការ​វាយតម្លៃ ទៅលើ​គុណភាព និង​ប្រសិទ្ធភាព នៃ​បញ្ជី​បោះឆ្នោត ដើម្បីឱ្យ​បញ្ជី​បោះឆ្នោត ឆ្នាំ​២០២០ កាន់តែ​មាន​ភាព​ពេញលេញ ត្រឹមត្រូវ និង​មាន​បច្ចុប្បន្នភាព​។​

​ជាមួយគ្នានេះ គ​.​ជ​.​ប បានស្នើ​សុំឱ្យ តំណាង​អង្គការ​ខុមហ្វ្រែល (COMFREL) និង​មន្ត្រី​នៃ លេខាធិការដ្ឋាន រាជធានី ខេត្ត រៀបចំ​ការបោះឆ្នោត​ទាំងអស់ ចូលរួម​សហការ និង​អនុវត្ត វិធានការ​នានា ស្របតាម​គោលការណ៍ របស់​ក្រសួងសុខាភិបាល ក្នុងការ​ទប់ស្កាត់ ជំងឺ​កូ​វីដ​-១៩ ដែល​កំពុងតែ​រីក​រាលដាល ក្នុងប្រទេស​កម្ពុជា ក៏ដូចជា ទូទាំង​ពិភពលោក​។​

​សូម​ជម្រាបជូន​ថា បញ្ជី​បោះឆ្នោត​ផ្លូវការ សម្រាប់​ការពិនិត្យ​បញ្ជី​ឈ្មោះ និង​ការចុះឈ្មោះ បោះឆ្នោត ឆ្នាំ​២០២០ នឹងត្រូវ​ធ្វើការ​បិទ​ផ្សាយ នៅ ថ្ងៃទី​៣១ ខែធ្នូ ឆ្នាំ​២០២០ ខាងមុខនេះ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -



Most Popular