ដោយៈ សរិទ្ធ/ភ្នំពេញៈ មន្ត្រីរដ្ឋបាលខណ្ឌព្រែកព្នៅមួយរូប បានថ្លែងប្រាប់ នៅថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្នុងលក្ខខណ្ឌសុំមិនបញ្ចេញឈ្មោះថាៈ កាលពីរសៀលថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ លោក ហួត លាភពិសិដ្ឋ អភិបាលរងខណ្ឌព្រែកព្នៅ បានដឹកនាំកម្លាំងគណៈ បញ្ជាការឯកភាព ចុះទៅទីតាំងផ្ទះ ៦ ល្វែង ជាទីតាំងល្បែងដ៏ធំ របស់ឈ្មោះ សូ សំឡូត ។
មន្ត្រីដដែល បានបន្តថាៈ អាជ្ញាធរ បានអោយម្ចាស់ផ្ទះធ្វើកិច្ចសន្យា បញ្ឈប់ការលេង ល្បែងស៊ីសង ជាបន្ទាន់ ចាប់ពីពេលនេះតទៅ ។ ទីតាំងផ្ទះជួល ដល់ទៅ ៦ ល្វែង នេះ ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅ របស់ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ ។
ទីតាំងមួយនេះ ត្រូវបានប្រភពព័ត៌មាន បង្ហើបប្រាប់ថា មានធ្វើរបងដែក ពីខាងក្រៅ ដោយអនុញ្ញាតអោយ អ្នកលេងចូលដាក់ឡាន និងម៉ូតូ នៅខាងក្នុង ដោយបន្លំភ្នែកសមត្ថកិច្ច ធ្វើដូចជាស្ងប់ស្ងាត់ណាស់ ។ ប៉ុន្តែ ខាងក្នុងវិញ គឺកំពុងលេងល្បែង យ៉ាងគគ្រឹកគ្រេង ។ ជាមួយគ្នានេះ ក៏មានការបែកធ្លាយ រូបភាពលេងល្បែងស៊ីសង ពីខាងក្នុងនោះ ផងដែរ ។
ឈ្មោះ សូ សំឡូត ជាមេល្បែងដ៏ល្បីល្បាញ លើកមុនធ្លាប់បើកទីតាំងល្បែង នៅចំណុច ក្នុងបុរី មង្គលភ្នំពេញ ព្រែកលាភ ខណ្ឌជ្រោយចង្វារ ផ្ទះលេខ១៥ ។ តែក្រោយមកបានប្តូរ ទីតាំងមកផ្ទះជួល ដល់ទៅ ៦ល្វែង ស្ថិតនៅតាមផ្លូវបេតុង ភូមិខ្មែរលើ សង្កាត់គោករកា ខណ្ឌព្រែកព្នៅវិញ ៕PC