ដោយៈ សរិទ្ធ/ក្រចេះ ៖ របាយការណ៍របស់ មន្ទីរសុខាភិបាលខេត្តក្រចេះ នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ បានអះអាងថា វិទ្យាស្ថានប៉ាស្ទ័រកម្ពុជា បានធ្វើតេស្ដលើកទី១ លើអ្នកពាក់ ព័ន្ធនៅសណ្ឋាគារ «ចម្ប៉ាពេជ្រ» ដែលមានទីតាំងនៅស្រុកស្នួល ខេត្តក្រចេះ ចំនួន ៧៣ នាក់ គឺអវិជ្ជមានជំងឺកូវីដ-១៩ ទាំងអស់គ្នា។
អ្នកពាក់ព័ន្ធទាំង ៧៣ នាក់នេះ ត្រូវបានមន្ទីរសុខាភិបាល ខេត្តក្រចេះ យកសំណាកទៅ ធ្វើតេស្ដ កាលពីល្ងាចថ្ងៃទី៩ និងព្រឹកថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ បន្ទាប់ពីអ្នកមានជំងឺកូវីដម្នាក់ ឈ្មោះ អិត កុម៉ាល បានទៅស្នាក់នៅមួយយប់ ហើយបានបន្ដដំណើរ ទៅខេត្តមណ្ឌលគិរី។
បើទោះបីលទ្ធផល បង្ហាញថា អវិជ្ជមានជំងឺកូវីដ-១៩ ក៏ពិតមែន ប៉ុន្ដែបច្ចុប្បន្ន សណ្ឋាគារ «ចម្ប៉ាពេជ្រ» ត្រូវផ្អាកអាជីវកម្ម ជាបណ្ដោះអាសន្ន តាមការណែនាំរបស់ក្រសួងសុខាភិបាល រយៈពេល ១៤ ថ្ងៃ ហើយបុគ្គលិក និងអ្នកពាក់ព័ន្ធ ក៏ត្រូវធ្វើចត្តាឡីស័ក តាមការកំណត់ ផងដែរ។ បន្ថែមពីនេះ អ្នកដែលពាក់ព័ន្ធ ក៏ត្រូវធ្វើតេស្ដ ទៅតាមចំនួនកំណត់ ដូចគ្នាដែរ។
ជាមួយគ្នានេះ មន្ទីរសុខាភិបាល ខេត្តក្រចេះ បានអំពាវនាវដល់ ប្រជាពលរដ្ឋរស់នៅស្រុក ស្នូល និងប្រជាពលរដ្ឋ រស់នៅខេត្តក្រចេះទាំងអស់ កុំមានការភិតភ័យ ឬជ្រួលច្របល់ ព្រោះស្ថានការណ៍នេះ រាជរដ្ឋាភិបាល អាចគ្រប់គ្រងបាន ហើយណាមួយ នៅស្រុកស្នួល មិនទាន់មានអ្នកឆ្លងនោះទេ។
មន្ទីរសុខាភិបាល ខេត្តក្រចេះ ក៏បានណែនាំដល់ ប្រជាពលរដ្ឋ ត្រូវតែបន្ដការប្រុងប្រយ័ត្ន រក្សាអនាម័យ ពាក់ម៉ាស ឧស្សាហ៍លាងដៃ ជាមួយអាល់កុល ឬជែល និងរក្សាគម្លាត សុវត្ថិភាពសាធារណៈ ហើយមិនចាំបាច់ សូមកុំចេញក្រៅផ្ទះ។
គួរបញ្ជាក់ថា គិតត្រឹមព្រឹក ថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ នេះ ក្រសួងសុខាភិបាលរកឃើញអ្នក ឆ្លងជំងឺកូវីដ-១៩ ពីព្រឹត្តិការណ៍ «សហគមន៍ ២៨ វិច្ឆិកា» មានចំនួនសរុប ៤០ នាក់ ៕PC