ដោយៈ សរិទ្ធ-ទេព មង្គល/ភ្នំពេញៈ លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងសុខាភិបាល បានចេញមុខបកស្រាយជាបន្ទាន់ ចំពោះករណី ពលករខ្មែរម្នាក់ ដែលទើបមកពី ប្រទេសម៉ាឡេស៊ី បានរងរបួសធ្ងន់ ដោយសារលោត ពីលើអគារសណ្ឋាគារ ឡង លីវ ក្នុងពេលធ្វើចត្តាឡីស័ក ដោយលោកស្រី បានអះអាងថា បុគ្គលនេះ ភ្លាត់ជើងធ្លាក់ ដោយសារភាពរវើរវាយ នៃឥទ្ធិពលថ្នាំញៀន បញ្ហាជំពាក់លុយ គេច្រើន ដែលពាក់ព័ន្ធនឹង គ្រឿងញៀននេះ ។
លោកស្រី វេជ្ជបណ្ឌិត ឱ វណ្ណឌីន បានមានប្រសាសន៍ បកស្រាយ តាមប្រព័ន្ធតេឡេក្រាម នៅព្រឹកថ្ងៃទី១១ខែធ្នូនេះថាៈ ” ដោយសារមានការសាកសួរ ច្រើនលើក ករណីបុរស ធ្វើចត្តាឡីស័ក នៅសណ្ឋាគារ ឡង លីវ លោតពីជាន់ទី៥ ( នៃអគារសណ្ឋាគារ ឡង លីវ ) នៅថ្ងៃទី១០ ខែធ្នូ ឆ្នាំ២០២០ ហើយកំពុងតែសង្គ្រោះ នៅមន្ទីរពេទ្យមិត្តភាព ខ្មែរ-សូវៀត ខ្ញុំសូមជម្រាបជូនសាធារណជន ឲ្យបានជ្រាបថាៈ បុគ្គលនេះ កំពុងតែសង្គ្រោះ នៅមន្ទីរ ពេទ្យមិត្តភាព ខ្មែរ-សូវៀត ដែលបច្ចុប្បន្ន បានដឹងខ្លួន និងនិយាយបានខ្លះៗហើយ តែស្ថិតនៅក្នុងសភាពធ្ងន់ធ្ងរនៅឡើយទេ “។
លោកស្រី បានបញ្ជាក់ថាៈ ” តាមការសាកសួរ បុគ្គលនេះផ្ទាល់ គឺគាត់ភ្លាត់ជើងធ្លាក់មក ដោយសារភាពរវើរវាយ របស់គាត់ ដែលជាឥទ្ធិពល នៃការប្រើប្រាស់ ថ្នាំញៀនម្យ៉ាងក៏មាន ការពាក់ព័ន្ធនឹងបញ្ហា ជំពាក់លុយគេច្រើន ដែលពាក់ព័ន្ធនឹងគ្រឿងញៀននេះ ។ ការធ្វើតេស្ត ទឹកនោមគាត់ គឺឃើញមានសារធាតុញៀន ប្រភេទអំហ្វេតាមីន។ គាត់មានលទ្ធផល តេស្តអវិជ្ជមាន វីរុសកូវីដ-១៩ តែតម្រូវឲ្យធ្វើចត្តាឡីស័កបន្ត នៅសណ្ឋាគារ ឡង លីវ តាំងពីថ្ងៃទី២ ខែធ្នូ មកម្ល៉េះ។ ដូច្នេះ ជារឿងផ្ទាល់ខ្លួនគាត់ មិនមានពាក់ព័ន្ធនឹងបញ្ហាកូវីដ-១៩ នោះឡើយ ។ សូមអរគុណ ” ។
សូមរំលឹកថា ពលករខ្មែរម្នាក់ ដែលទើបមកពី ប្រទេសម៉ាឡេស៊ីនោះ ឈ្មោះ សួន វាសនា អាយុ២៣ឆ្នាំ ហើយក្រសួងសុខាភិបាល តម្រូវឲ្យធ្វើចត្តាឡីស័ក ស្នាក់ក្នុងបន្ទប់ ៥១១ នៅសណ្ឋាគារ ឡង លីវ ស្ថិតនៅតាមផ្លូវសុធារស សង្កាត់ទន្លេបាសាក់ ខណ្ឌចំការមន ។ ក្នុងពេលធ្វើចត្តាឡីស័ក ពលករខ្មែរម្នាក់នេះ បានលោតពីលើ អគារសណ្ឋាគារ ក្នុងគោល បំណងធ្វើអត្តឃាត បណ្តាលអោយធ្លាយដំបូល សាលារៀនសុធារស និងរងរបួសធ្ងន់ កាលពីម៉ោងប្រហែល ១០ ព្រឹក ថ្ងៃទី១០ ខែធ្នូ ៕PC