ប្រែសម្រួល : កញ្ញាដាលីស/សេអ៊ូល ៖ កូរ៉េខាងត្បូងនឹងកេណ្ឌកម្លាំងយោធាចូលក្នុងរដ្ឋធានីសេអ៊ូលដើម្បីជួយបុគ្គលិកជួរមុខក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃវីរុសកូរ៉ូណាខណៈដែលករណីថ្មីចំនួន ៦៨៩ ត្រូវបានរាយការណ៍នៅថ្ងៃសុក្រនេះ និងចំនួនអ្នកស្លាប់និងចំនួនអ្នកជំងឺធ្ងន់ធ្ងរបន្តកើនឡើង។
ទីភ្នាក់ងារគ្រប់គ្រងនិងបង្ការជំងឺកូរ៉េ (KDCA)បាននិយាយថា ក្នុងចំណោមករណីថ្មីចំនួន ៦៧៣ គឺឆ្លងក្នុងស្រុក ដែលនាំឱ្យចំនួនឆ្លងសរុបកើនដល់ ៤០.៧៨៦ នាក់។ KDCA បានរាយការណ៍ថា ចំនួនអ្នកស្លាប់បានកើនឡើងថែម ៨ នាក់ទៀត ដែលសរុបមានចំនួន ៥៧២ នាក់។
ការកើនឡើងនូវករណីឆ្លងដ៏ច្រើននេះបានវាយសំពងយ៉ាងធ្ងន់លើប្រព័ន្ធប្រយុទ្ធនឹងជំងឺរាតត្បាតរបស់កូរ៉េខាងត្បូងដែលបានប្រើប្រាស់ដោយជោគជ័យនូវការតាមដានការធ្វើតេស្តិ៍និងការដាក់ឱ្យនៅដាច់ឆ្ងាយដើម្បីចៀសវាងការបិទប្រទេស និងរក្សាការឆ្លងនៅក្រោម ៥០ នាក់ក្នុងមួយថ្ងៃកាលពីរដូវក្តៅ។
អាជ្ញាធរកំពុងប្រញាប់ប្រញាល់សាងសង់គ្រែមន្ទីរពេទ្យនៅក្នុងទូកុងតេនឺរដឹកទំនិញនៅសប្តាហ៍នេះដើម្បីបន្ធូរបន្ថយភាពតានតឹងនៅតាមមណ្ឌលវេជ្ជសាស្ត្រដែលកំពុងចាល់ដោយរលកកូវីដចុងក្រោយនេះ។
ចំនួនអ្នកជំងឺស្ថិតក្នុងស្ថានភាពធ្ងន់ធ្ងរឬរ៉ាំរ៉ៃបានកើនឡើងជិត ១៧០ នាក់ ជាហេតុជំរុញឱ្យអាជ្ញាធរសុខាភិបាលស្វែងរកគ្រែបន្ថែមនៅទូទាំងប្រទេស។
ដោយហៅរលកបច្ចុប្បន្នថាជាវិបត្តិធ្ងន់ធ្ងរ លោកនាយករដ្ឋមន្ត្រី ជុង សេឃ្យុង បាននិយាយថា លោកនឹងបញ្ជូនកងកម្លាំងប៉ូលិសទាហាននិងបុគ្គលិករដ្ឋាភិបាលប្រមាណ ៨០០នាក់ទៅតាមសង្កាត់ទាំងអស់នៃទីក្រុងសេអ៊ូលឱ្យជួយតាមដានអ្នកដែលអាចកើតជំងឺកូវីដ១៩។
លោកជុងបានប្រាប់កិច្ចប្រជុំរដ្ឋាភិបាលនៅថ្ងៃសុក្រនេះថាបុគ្គលិកជួរមុខនិងបុគ្គលិកពេទ្យកំពុងតស៊ូរាល់ថ្ងៃដើម្បីស៊ើបអង្កេតគ្មានទីបញ្ចប់ទៅលើជំងឺរាតត្បាត ធ្វើតេស្ត និងធានាឱ្យមានគ្រែមិនគ្រប់គ្រាន់ ខណៈករណីដែលករណីឆ្លងបានបញ្ជាក់កើនឡើងនៅក្នុងតំបន់ផ្សេងៗរួមទាំងតំបន់ទីក្រុងសេអ៊ូល។
លោកជុងបាននិយាយថា “នៅចុងបញ្ចប់ដើម្បីរំងាប់រលកនេះបាន គឺត្រូវដណ្តើមយកជ័យជម្នះឱ្យបាននៅក្នុងកិច្ចប្រឹងប្រែងប្រឆាំងវីរុសនៅក្នុងតំបន់សេអ៊ូលឱ្យបានខ្លាំងជាងគេ”។
ភាគច្រើននៃករណីថ្មីៗត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីសេអ៊ូល ទីក្រុងកំពង់ផែជិតខាងអ៊ីនឈាន់ និង ខេត្តឃ្យឹងជី ដែលមានប្រជាជនរស់នៅ ១៣,៥ លាននាក់ និងមានទីតាំងស្ថិតនៅព័ទ្ធជុំវិញទីក្រុងទាំងពីរ៕
ទាហាននឹងចូលក្រុងសេអ៊ូលដើម្បីជួយបុគ្គលិកជួរមុខក្នុងការដោះស្រាយជាមួយនឹងការកើនឡើងនៃវីរុសកូរ៉ូណា