Home ព័ត៌មានជាតិ សង្គម មេបញ្ជាការ​កា...

មេបញ្ជាការ​កាំភ្លើង​ធំ​ចុះ​ត្រួតពិនិត្យ​ការប្រឡង​បាញ់​គ្រាប់​កៀប របស់​សិក្ខាកាម​

ដោយ​: មុនី​រ័ត្ន / ភ្នំពេញ​: មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ សុខា បាន​អញ្ជើញ​ត្រួតពិនិត្យ​ការហ្វឹកហ្វឺន​ប្រឡង​បាញ់​គ្រាប់​កៀប របស់​សិក្ខាកាម​វគ្គ​ហ្វឹកហ្វឺន​ប្រើប្រាស់​កាំភ្លើង​ធំ​ប្រភេទ​អូស​សណ្តោង ១២២D៣០ និង ៧៦​មី​លី​ម៉ែត្រ នៅ​ទីលាន​បាញ់​គ្រាប់​គៀប ទីបញ្ជាការ​ស្រាល បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ខេត្តកំពង់ឆ្នាំង កាលពី​ថ្ងៃទី​១០ ខែធ្នូ ឆ្នាំ​២០២០​។​

​លោក​វរសេនីយ៍ត្រី ប៉ែន ខែ​ន នាយផ្នែក​ហ្វឹកហ្វឺន បាន​រាយការណ៍​ស្តីពី​ការបណ្តុះបណ្តាល​នាយទាហាន នាយទាហានរង ពលទាហាន ដែល​បាន​ដំណើរ​ការបើក​វគ្គ​តាម​ផែនការ​ហ្វឹក​ហ្វឹកហ្វឺន​រយៈពេល​៩១​ថ្ងៃ ចាប់ពី​ថ្ងៃទី​០១ ខែតុលា ដល់​ថ្ងៃ​៣០ ខែធ្នូ ឆ្នាំ​២០២០ មាន​សិក្ខាកាម​សរុប​១៤០​នាក់ ចែកចេញជា​២០​ក្រុម ហើយ​ការប្រឡង​នៅថ្ងៃនេះ​គឺ​ទទួលបាន​លទ្ធផល​ល្អ​។

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ សុខា ក៏បាន​ពាំ​នាំនូវ​ប្រសាសន៍​ផ្ដាំផ្ញើ​សួរសុខទុក្ខ ការ​នឹករឭក​ពី​សំណាក់​ថ្នាក់ដឹកនាំ​ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក ដែលជា​និច្ចកាល​តែងតែ​យកចិត្តទុកដាក់​ដល់​នាយទាហាន នាយទាហានរង និង​ពលទាហាន នៃ​កងយោធពល​ខេមរភូមិន្ទ ដែលជា​ប្រភព​បន្តវេន​ទៅ​ថ្ងៃ​អនាគត ជាពិសេស​ចំពោះ​នាយទាហាន នាយទាហានរង ពលទាហាន និង​កម្មសិក្សាការី​ទាំងអស់​នាពេលនេះ ដែល​កន្លងមក​បាន​ចូលរួម​យ៉ាងសកម្ម​ក្នុង​ការកសាង​ស្នារ​ដៃ​ជូន​ជាតិ​មាតុភូមិ​។​

​លោក​ឧ​ត្ត​ម​សេនីយ៍​ឯក ពៅ សុខា បាន​បន្តថា វគ្គ​ហ្វឹកហ្វឺន​ទាំងនេះ​ពិតជា​បានផ្ដល់​នូវ​ការយល់ដឹង និង​បទពិសោធន៍​ល្អៗ ដែល​អាច​ធានាបាន​អំពី​សមត្ថភាព ជំនាញ វិជ្ជាជីវៈ​របស់​យោធិន​យើង​បានល្អ​បន្ថែមទៀត ទាំង​ក្នុង​ការងារ​ប្រយុទ្ធ និង​ត្រៀមប្រយុទ្ធ ដោយ​ដើរ​ទន្ទឹមគ្នា​នឹង​ការងារ​អប់រំ​ចិត្តសាស្ត្រ​ដល់​យោធិន​គ្រប់រូប​ឲ្យ​មាន​មនសិការ​វិជ្ជាជីវៈ​គោរព​ច្បាប់​វិន័យ​កងទ័ព ជាពិសេស​បំពេញភារកិច្ច​តួនាទី​របស់ខ្លួន​បម្រើ​ជាតិ​មាតុភូមិ ដោយស្មោះ​ត្រង់​ដាច់ខាត​ចំពោះ ជាតិ សាសនា ព្រះមហាក្សត្រ ក៏ដូចជា​ការធានា​នូវ​ការអនុវត្ត​យ៉ាង​ម៉ឺងម៉ាត់​នូវ​បទបញ្ជា​របស់​រាជរដ្ឋាភិបាល ក្រសួងការពារជាតិ អគ្គបញ្ជាការ បញ្ជាការដ្ឋាន​កងទ័ព​ជើងគោក​។​

​មេបញ្ជាការរង​កងទ័ព​ជើងគោក មេបញ្ជាការ​បញ្ជាការដ្ឋាន​កាំភ្លើង​ធំ ក៏បាន​ថ្លែង​កោតសរសើរ​ដល់​សិក្ខាកាម​ទាំងអស់​ដែល​បាន​ខិតខំ​រៀនសូត្រ​រហូត​ទទួលបាន​លទ្ធផល​ល្អ និង​បានស្នើ​ឲ្យ​យកចំណេះ​វិជ្ជា​ទាំងនេះ​ទៅ​បម្រើការ​នៅតាម​អង្គភាព​វិញ​អោយមាន​ប្រសិទ្ធភាព​ខ្ពស់ និង​បន្ត​ចែករំលែក​ចំណេះ​ជំនាញ​នេះ​ដល់​យោធិន​ផ្សេងទៀត​នៅតាម​កង​ឯ​ភាព​របស់ខ្លួន​៕​

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular