ដោយ: រ៉ាម៉ន / ភ្នំពេញ: មហាសន្និបាតលើកទី៤០ និងកិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៏លើកទី៩២ នៃសមាគមគមអន្តរជាតិអភិបាលក្រុងប្រើប្រាស់ភាសាបារាំង (AIMF) ដែលបានធ្វើឡើងតាមរយៈការបញ្ជូនរូបភាព និងសំឡេងពីទីក្រុងទុយនីស ប្រទេសទុយនេស៊ី រយៈពេល២ថ្ងៃ ត្រូវបានបញ្ចប់កាលពីរាត្រីថ្ងៃទី១០ធ្នូនេះ។
រាជធានីភ្នំពេញគឺជាសមាជិកអចិន្ត្រៃយ៏នៃសមាគមអន្តរជាតិអភិបាលក្រុង ប្រើប្រាស់ភាសាបារាំង(AIMF) បានចូលរួមប្រជុំនិងអនុមត័តាមរយះប្រពន្ធ័បញ្ជូន រូបភាពនិងសំឡេងពីទីក្រុងទុយនីស នៅភ្នំពេញក្រោមអធិបតីភាពលោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ។
អង្គសន្និបាតបានបោះឆ្នោតសំម្រេចជ្រើសរើសយកទីក្រុងបរ័ដូ នៃប្រទេសបារាំង ធ្វើជាកន្លែងប្រជុំការិយាល័យអចិន្ត្រៃយ៍នៅខែមីនា និងជ្រើសរើសទីក្រុងគីហ្គាលី ប្រទេសរវ៉ាន់ដា (RWonda) ធ្វើជាម្ចាស់ផ្ទះនៃមហាសន្និបាត AIMF លើកក្រោយនៅក្នុងខែកក្ដដា ឆ្នាំ២០២១។
កិច្ចប្រជុំដែលទើបបានបញ្ចប់ទៅនេះ បានបែងចែកជា៣ផ្នែកធំៗគឺ៖ សន្និសិទស្តីទីក្រុងកំពុងមានការអភិវឌ្ឍន៍ និងឌីជីថល, កិច្ចប្រជុំការិយាល័យអចិន្ត្រៃយ៍លើកទី៩២ របស់សមាគម AIMF, កម្មវិធីបើកមហាសន្និបាតលើកទី៤០ របស់សមាគម AIMF ដែលមាន២ផ្នែក។ កិច្ចប្រជុំនេះ មានការចូលរួមពីប្រតិភូនៃសមាគម AIMF ចំនួន១៣០ ទីក្រុងក្រោមការសម្រប សម្រួលពីលោកស្រី Anne Hidalgo អភិបាលក្រុងប៉ារីស និងជាប្រធានសមាគម AIMF ផងដែរ។ របៀបវារៈជាច្រើន ត្រូវបានលើកយកមកពិនិត្យពិភាក្សានិងអនុម័ត ក្នុងនោះមានការធ្វើបច្ចុប្បន្នភាពនៃបញ្ជីសមាជិក, ការអនុម័តលើកំណត់ហេតុ មហាសន្និបាតរបស់សមាគមលើកទី៣៩ ដែលបានធ្វើឡើងនៅរាជធានីភ្នំពេញកាលពីថ្ងៃទី៤ធ្នូ ឆ្នាំ២០១៩។
ក្នុងនោះមានឆ្លងរបាយការណ៍សកម្មភាពឆ្នាំ២០១៩, របាយការណ៍នៃការអនុវត្តថវិកាឆ្នាំ២០១៩ និងសេចក្តីថ្លែងការរបស់លោករតនាគារឹក, ការអនុម័តលើគណនីឆ្នាំសារពើព័ន្ធ និងរបាយការណ៍ចំណាយឆ្នាំ២០១៩, ការអនុម័តលើបញ្ជីសមាជិកភាពការិយាល័យអចិន្ត្រៃយ៍សំរាប់ឆ្នាំ២០២១.២០២២, ការទទួលសមាជិកថ្មីក៏ដូចជាការកំណត់កាលបរិច្ឆេទ, ទីតាំង និងប្រធានបទមហាសន្និបាតសម្រាប់ឆ្នាំបន្ទាប់ផងដែរ៕