សម្ព័ន្ធ DGB Financial Group ផ្ដល់​ថវិកា ១ ម៉ឺន​ដុល្លារ សម្រាប់​ទិញ​ម៉ាស់ ជូន​កម្ពុជា និង​សម្រេច​បញ្ចុះ​អត្រា​ការប្រាក់​ឥណទាន សម្រាប់​ពលករ​ខ្មែរ នៅ​ប្រទេស​កូរ៉េ​

ដោយៈ រ៉ាម៉ន/ភ្នំពេញៈ  សម្ព័ន្ធ DGB Financial Group បានសម្រេចផ្ដល់អំណោយ ជាម៉ាស់ដល់កម្ពុជា តាមរយៈស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដែលគិតជាទឹកប្រាក់ប្រមាណ ១០.០០០ ដុល្លាអាមេរិក ខណៈកម្ពុជា កំពុងមានតម្រូវការ និងសម្រេចបញ្ចុះអត្រាការប្រាក់ឥណទាន សម្រាប់ពលករខ្មែរ នៅប្រទេសកូរ៉េ ឱ្យកាន់តែប្រសើរឡើងផងដែរ។

ការសម្រេចបែបនេះ បានធ្វើឡើង ក្នុងជំនួបពិភាក្សា រវាងប្រតិភូរបស់សម្ព័ន្ធ DGB Financial Group ដឹកនាំដោយលោក KIM TAE OH ប្រធានក្រុមប្រឹក្សាភិបាល និងក្រុមការងារស្ថានទូតកម្ពុជា ប្រចាំនៅប្រទេសកូរ៉េខាងត្បូង ដឹកនាំដោយលោក ឡុង ឌីម៉ង់ ឯកអគ្គរាជទូត កាលពីថ្ងៃទី១០ ធ្នូនេះ លើការពង្រឹង កិច្ចសហប្រតិបត្តិការ យោគយល់គ្នា និងការផ្ដល់ជំនួយ សប្បុរសធម៌ដល់កម្ពុជា ។

សូមបញ្ជាក់ថាៈ សម្ព័ន្ធ DGB Financial Group បានចាប់ផ្ដើមដំណើរការ វិនិយោគទុនរកស៊ី ក្នុងវិស័យធនាគារ នៅកម្ពុជា (DGB Bank) ចាប់តាំងពីឆ្នាំ២០១២ ហើយរហូតមកដល់បច្ចុប្បន្ន បានពង្រីកខ្លួនរហូត ៩ សាខា ជាមួយបុគ្គលិកប្រមាណជាង ៦០០ នាក់។ ជាមួយគ្នានេះ លោក KIM TAE OH បានស្នើដល់លោកឯកអគ្គរាជទូត ដើម្បីជួយសិក្សាណែនាំ អំពីទីតាំងដែលគ្រោងនឹងរៀបចំជាទីស្នាក់ការកណ្ដាល របស់ធនាគានៅកម្ពុជា ក៏ដូចជាជួយណែនាំធនធានមនុស្ស ដែលមានសមត្ថភាព ក្នុងការទទួលកិច្ចការសំខាន់ៗ របស់ធនាគារ DGB Bank នៅកម្ពុជាផងដែរ។

ក្នុងឱកាសនោះ លោក ឡុង ឌីម៉ង់ បានថ្លែងអំណរគុណ ដល់លោកប្រធានសម្ព័ន្ធ DGB ដែលមានទំនុកចិត្ត និងបានបណ្ដាក់ទុន វិនិយោគនៅកម្ពុជា ហើយសន្យាជួយ សហការបង្កលក្ខណៈ និងជម្រុញបន្ថែម អោយអស់ពីលទ្ធភាព របស់ស្ថានទូតកម្ពុជា ប្រចាំសាធារណរដ្ឋកូរ៉េ សំដៅឱ្យមានសុខដុមរមនា សម្រាប់ក្រុមហ៊ុន ដែលមានបំណង និងបានបណ្ដាក់ទុន វិនិយោគនៅកម្ពុជា៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular