Home ព័ត៌មានជាតិ នយោបាយ លទ្ធផលនៃការសង...

លទ្ធផលនៃការសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ នៅឥណ្ឌូណេស៊ី ដោយ គ.ជ.ប កម្ពុជា

ដោយៈ មុនី រ័ត្ន / ភ្នំពេញៈ តបតាមលិខិតអញ្ជើញជាផ្លូវការ របស់ប្រធាន គ.ជ.ប ឥណ្ឌូណេស៊ី ចុះថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២០ លោក ស៊ិក ប៊ុនហុក ប្រធានគណៈកម្មាធិការជាតិ រៀបចំការបោះឆ្នោត ( គ.ជ.ប ) កម្ពុជា បានចាត់តាំងមន្រ្តីជាន់ខ្ពស់ គ.ជ.ប ១៥រូប ឱ្យចូលរួមកម្មវិធីសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ សម្រាប់ការបោះឆ្នោត ជ្រើសរើសអភិបាលខេត្ត អភិបាលរងខេត្ត អភិបាលក្រុង អភិបាលរងក្រុង អភិបាលស្រុក និងអភិបាលរងស្រុក តាមតំបន់នៃ ប្រទេសឥណ្ឌូណេស៊ី ក្នុងអំឡុងពេលមានវិបត្តិកូវីដ-១៩ ។

ក្នុងរយៈពេល ២ថ្ងៃ នៃការសង្កេតការណ៍ ពីទីស្តីការ គ.ជ.ប កម្ពុជា ចាប់ពីថ្ងៃទី៨ ដល់ថ្ងៃទី៩ ខែធ្នូ ឆ្នាំ២០២០ លោក ម៉ុក ដារ៉ា អគ្គលេខាធិការរង គ.ជ.ប និងជាប្រធានដឹកនាំ ក្រុមអ្នកសង្កេតការណ៍ យល់ឃើញថាៈ ការចូលរួមសង្កេតការណ៍ តាមប្រព័ន្ធអនឡាញ គឺជាឱកាស នៃការសង្កេតមើល និងស្វែងយល់ អំពីការអនុវត្តល្អៗ ក្នុងការបោះឆ្នោត ក្នុងសម័យកូវីដ-១៩ និងការប្រើប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ដ៏គួរឱ្យចាប់អារម្មណ៍។

លោកបានបន្តថាៈ គ.ជ.ប ឥណ្ឌូណេស៊ី បានប្រើប្រាស់កម្មវិធីមួយ ដែលគេឱ្យឈ្មោះថា “SIREKAP”សម្រាប់ធ្វើការបូកសរុបលទ្ធផល និងការប្រកាសលទ្ធផល បណ្តោះអាសន្ន នៃការបោះឆ្នោត បានឆាប់រហ័ស។ ប្រទេសឥណ្ឌូណេស៊ី គឺជាប្រទេសមួយ ដែលបានរៀបចំ ការសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ មុនគេក្នុងតំបន់អាស៊ាន។ ការបោះឆ្នោត ក្នុងបរិបទ នៃជំងឺកូវីដ-១៩ បានធ្វើឱ្យ គ.ជ.ប ឥណ្ឌូណេស៊ី យកចិត្តទុកដាក់យ៉ាងខ្លាំង លើវិធានការការពារ និងទប់ស្កាត់ ការរាតត្បាត តាមរយៈ ការលាងសម្អាតដៃ ការរក្សាគម្លាតសង្គម ការពាក់ម៉ាស ការរៀបចំបន្ទប់សម្ងាត់ពិសេស សម្រាប់អ្នកបោះឆ្នោត ដែលមានសីតុណ្ហភាព ៣៧,៣ oC និងការបន្តក់ទឹកខ្មៅលុបមិនជ្រះ លើម្រាមកូនដៃ ជាដើម។

លោកបានលើកឡើង នូវតួលេខសំខាន់ៗ មួយចំនួន ទាក់ទងនឹងការបោះឆ្នោតនេះ មានដូចខាងក្រោម៖

  អាសនៈអភិបាលខេត្ត ក្រុង ស្រុក ដែលត្រូវជ្រើសរើសមានចំនួន ២៧០ អាសនៈ
–  អ្នកបោះឆ្នោត  មានចំនួន ១00.៣៥៩.១៥២ នាក់
–  មន្ត្រីការិយាល័យបោះឆ្នោត  មានចំនួន ២.០៩២.៥៦៦ នាក់
–  បេក្ខជនឈរឈ្មោះ  មានចំនួន ៧៣៩ នាក់
–  ការិយាល័យបោះឆ្នោត  មានចំនួន ២៩៨.៩៣៨ ការិយាល័យ។

សូមជម្រាបជូនថា នេះគឺជាលើកទី២ ហើយ ដែល គ.ជ.ប កម្ពុជា បានចូលរួមសង្កេតការណ៍បោះឆ្នោត តាមប្រព័ន្ធអនឡាញ បន្ទាប់ពីចូលរួម សង្កេតការណ៍បោះឆ្នោត នៅរដ្ឋប៊ីហា នៃប្រទេសឥណ្ឌា។ កម្មវិធីសង្កេតការណ៍អន្តរជាតិ តាមប្រព័ន្ធអនឡាញនេះ ក្រៅពីមានការចូលរួមពី គ.ជ.ប កម្ពុជា ក៏មានការចូលរួម សង្កេតការណ៍ ពីប្រទេសជាសមាជិក សមាគមនៃស្ថាប័នរៀបចំ ការបោះឆ្នោតពិភពលោក (A-WEB) និង អង្គការមូលនិធិអន្តរជាតិ ដើម្បីប្រព័ន្ធបោះឆ្នោត (IFES) ផងដែរ៕PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular