ដោយ៖ដេប៉ូ/ភ្នំពេញ៖ សិក្ខាសាលាស្ដីពី STEM និង EdTechមួយត្រូវបានរៀបចំឡើង តាមរយៈប្រព័ន្ធអនឡាញដើម្បីបង្ហាញពីការអនុវត្តល្អៗពីអន្តរជាតិលើការអប់រំ; ការសិក្សា វាយតម្លៃ STEM និង EdTech និងដើម្បីពិភាក្សាអំពីអាទិភាពដែលជាមធ្យោបាយឆ្ពោះទៅមុខ សម្រាប់ក្រសួងអប់រំ យុវជន និងកីឡា។
ការរៀបចំអង្គសិក្ខាសាលានេះដែរធ្វើឡើងរវាងធនាគារអភិវឌ្ឍន៍អាស៊ី ជាមួយក្រសួងអប់រំ យុវជន និងកីឡា នៅថ្ងៃទី១១ខែធ្នូឆ្នាំ២០២០នេះ។
ក្នុងពិធីនេះមានការចូលរួមពី លោក ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំង គណៈគ្រប់គ្រងធនាគារអភិវឌ្ឍន៍អាស៊ី ប្រធានអង្គភាព និងគ្រូបង្រៀនសរុប ប្រមាណជាង១ពាន់នាក់ នៅតាមវិទ្យាល័យធនធាន និងវិទ្យាល័យនានាទូទាំងប្រទេស តាមរយៈកម្មវិធី ZOOM ។
ក្រសួងអប់រំបានបញ្ជាក់ថានៅក្នុងសិក្ខាសាលានេះ រួមមានការធ្វើបទបង្ហាញដោយវាគ្មិន មកពីធនាគារ អភិវឌ្ឍន៍អាស៊ី (ADB) លើប្រធានបទផ្សេងៗជាច្រើនដូចជា (១) ទិដ្ឋភាពទូទៅ នៃការសិក្សាស្រាវជ្រាវប្រទេសដែលអនុវត្តកម្មវិធី STEM (២) ការអនុវត្តល្អៗលើជាសកល និងករណីសិក្សានៅប្រទេសសិង្ហបុរី (៣) ការរកឃើញបឋមពីការសិក្សាស្ទែមនៅកម្ពុជា (៤) គម្រោងសង្ខេបអំពីការសិក្សា EduTech នៅកម្ពុជា (៥) និន្នាការសកលលើ EduTech (៦) ការរកឃើញបឋមលើការវាយតម្លៃ EduTech នៅកម្ពុជា។
លោក ហង់ជួន ណារ៉ុន បានថ្លែងអំណរគុណដល់ធនាគារអភិវឌ្ឍន៍អាស៊ីដែលបានគាំទ្រការ អភិវឌ្ឍន៍វិស័យអប់រំនៅកម្ពុជា តាមរយៈគម្រោងជាច្រើនដែលបាននឹងកំពុងអនុវត្តនៅ តាមគ្រឹះស្ថានសិក្សាសាធារណៈនានានៅកម្ពុជា។
ព្រមជាមួយគ្នាលោករដ្ឋមន្ត្រីក៏បានថ្លែងអំណរគុណដល់ ADB ដែលបានធ្វើការសិក្សា ស្រាវជ្រាវលើការអនុវត្តកម្មវិធី STEM នៅកម្ពុជាដើម្បីផ្ដល់ជាអនុសាសន៍ត្រឡប់មកកាន់ ក្រសួងវិញ។
ទន្ទឹមជាមួយគ្នានេះលោករដ្ឋមន្ត្រីបានផ្ដល់មតិត្រឡប់អំពីវឌ្ឍនភាពនៃការសិក្សាស្ទែម នៅតាមវិទ្យាល័យធនធានដែលជាគម្រោងគាំទ្រដោយធនាគារអភិវឌ្ឍន៍អាស៊ីដែលបញ្ជាក់ ថាយើងអាចអនុវត្តកម្មវិធីស្ទែមបានតាមលទ្ធភាព និងធនធានសម្ភារៈដែលយើងកំពុងមាន ហើយមូលដ្ឋានចាំបាច់ដែលធ្វើឱ្យការសិក្សាស្ទែមមានភាពទាក់ទាញនៅកម្ពុជាបាន គឺត្រូវមានអគ្គិសនី និងការបង្កើនល្បឿនអ៊ីនធឺណិតនៅតាមសាលារៀនឱ្យកាន់តែប្រសើរ៕PC