Home ព័ត៌មានជាតិ សង្គម ​ក្រសួង​ប្រៃស...

​ក្រសួង​ប្រៃសណីយ៍​ប្រកាស​ឱ្យប្រើ​លេខ​កូដ *1200# ដើម្បី​ផ្តាច់​សេវាកម្ម​ទូរ​សព្ទ​បន្ថែម ដែល​មិនត្រូវ​ការប្រើ

ដោយ​៖ ម៉ា​ដេប៉ូ / រាជធានី​ភ្នំពេញ​៖ ក្រសួង​ប្រៃសណីយ៍ និង​ទូរគមនាគមន៍ បានចេញ​សេចក្តីជូនដំណឹង​មួយ​ស្តីពី​ការដាក់​ឱ្យប្រើ​លេខ​កូដ *1200# ដើម្បី​ផ្តាច់​សេវាកម្ម​ទូរ​សព្ទ​បន្ថែម ដែល​មិនត្រូវ​ការប្រើ គ្រប់​ប្រព័ន្ធ​ទាំងអស់​ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ តទៅ​។​

​ក្នុង​សេចក្តីជូនដំណឹង​របស់​ក្រសួង​ប្រៃសណីយ៍​ដែល​ចេញផ្សាយ​នៅ​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០​នេះ​បាន​បញ្ជាក់ថា​បន្ទាប់ពី​មានការ​ត្អូញត្អែរ​ពី​អ្នកប្រើប្រាស់ អំពី​បញ្ហា​កាត់ទឹក​ប្រាក់​ទូរ​សព្ទ ពី​ប្រតិបត្តិ​ករ​ដោយ​ពុំ​ដឹង​មូលហេតុ ឬ​ការភ្ជាប់​សេវាកម្ម​ផ្សេងៗ ដោយ​មិន​បានដឹង ក្រសួង​បាន​ណែនាំ ដល់​និយ័ត​ករ​ទូរគមនាគមន៍​កម្ពុជា ឱ្យ​សហការ​ជាមួយ​ប្រតិបត្តិ​ករ​ទូរ​សព្ទ​ចល័ត​ទាំងអស់ រៀបចំ​យន្តការ​ដាក់ឱ្យ​ដំណើរការ​លេខ​កូដ​*1200# ដើម្បីឱ្យ​អ្នកប្រើប្រាស់​អាច​ពិនិត្យ​និង​ផ្តាច់​រាល់​សេវា​បន្ថែម​ដែល​មិនមាន​តម្រូវការ​ប្រើប្រាស់ ចាប់ពី​ថ្ងៃទី​១១ ខែធ្នូ ឆ្នាំ​២០២០ តទៅ​។​

​ក្នុង​សេចក្តីជូនដំណឹង​នេះ​ក្រសួង​ប្រៃសណីយ៍​បានបញ្ជាក់​ថា បច្ចុប្បន្ន​ប្រតិបត្តិ​ករ​ទូរ​សព្ទ​បាន​បែងចែក​សេវាកម្ម​ទូរ​សព្ទ​ជា​ពីរ​ប្រភេទ​គឺ​៖
– សេវា​ទូរ​សព្ទ​ចល័ត (Mobile Service) សំដៅ​ដល់​សេវា​ដែល​ប្រើប្រាស់​ជាប្រចាំ សម្រាប់​ការហៅ​ទូរ​សព្ទ និង​ការប្រើ​អ៊ីនធឺណិត រួមទាំង​គម្រោង​ប្តូរប្រាក់​ប្រចាំ​សប្តាហ៍ ឬ​ប្រចាំខែ ជាដើម​។​
– សេវា​ឌីជីថល (Digital Service) សំដៅ​ដល់​សេវា​បន្ថែម​នានា ឬ​សេវាកម្ម​កំសាន្ត មាន​ជាអាទិ៍ សេវា​ហោរាសាស្ត្រ​សេវា​ស្វែងរក​ការងារ សេវា​បណ្តាញ​ទំនាក់ទំនង​សង្គម សេវា​ហ្គេម សេវា Missed Call Alert និង សេវា CallTune ជាដើម​។​
​អ្នកប្រើប្រាស់​ទូរ​សព្ទ​ភាគច្រើន អាចមាន​ជួបប្រទះ​បញ្ហា​កាត់ទឹក​ប្រាក់ ដោយសារ «​សេវា​ឌីជីថល​»​។​

​ទន្ទឹមនឹងនេះ អ្នកប្រើប្រាស់​គួរ​យល់ដឹង​អំពី ទំហំ​កញ្ចប់​សេវាកម្ម​ដែល​ខ្លួន​កំពុង​ប្រើ សុពលភាព និង​សេវា​បន្ថែម​របស់​ក្រុមហ៊ុន​នីមួយៗ ឱ្យបាន​ច្បាស់លាស់​នៅពេល​មានការ​ភ្ជាប់​គម្រោង​ទាំងនោះ​។​

​សូមបញ្ជាក់​ផងដែរ​ថា មុនពេល​បញ្ចូល​ទឹកប្រាក់​ដើម្បី​ភ្ជាប់​គម្រោង ឬ សេវាកម្ម​ណាមួយ អ្នកប្រើប្រាស់​គួរ​បិទ​អ៉ី​ន​ធឺ​ណិ​ត​ជាមុន ដើម្បី​ជៀសវាង​ការ​កាត់ទឹក​ប្រាក់​ដោយសា​រ​ការប្រើ​សេវា​អ៉ី​ន​ធឺ​ណិ​ត​ជាដើម​។ សម្រាប់​ព័ត៌មាន​បន្ថែម សូម​ទំនាក់ទំនង​ផ្នែក​សេវា​អតិថិជន របស់​ក្រុមហ៊ុន​ទូរ​សព្ទ ដែល​លោកអ្នក​កំពុង​ប្រើប្រាស់​ដូចជា ក្រុមហ៊ុន​ស្មា​ត​តាម​លេខ ៨៨៨ ក្រុមហ៊ុន​មិត្ត​ហ្វូ​ន​តាម​លេខ ១៧៧៧ និង​ក្រុមហ៊ុន​សែ​ល​កាត​តាម​លេខ ៨១២៕

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular