Home ព័ត៌មានជាតិ សង្គម សន វិ​ជ្ជ​បុត...

សន វិ​ជ្ជ​បុត្រ បន្តសកម្មភាព​សប្បុរ​ស​ធម៌​ជាថ្មី បើទោះបី​ស្ថានភាព​កូ​វិដ​១៩​ក៏ដោយ​

ដោយ :​បូ​រិ​ន​/​ភ្នំពេញ​៖ តារាចម្រៀង ដែលមាន​ងារ​ជា​ឯកឧត្តម គឺ​លោក សន វិ​ជ្ជ​បុត្រ ក្រោយពី​បាន​បាត់​មុខ​ពី​ការងារ​សិល្បៈ​ជាច្រើន​ខែ​កន្លងមក​ហើយក៏​ស្រាប់តែ​បង្ហាញមុខ​លើ ការងារ​មនុស្សធម៌​បើទោះបី​ជាមាន​បន្ទុក​លើ​ការ​ទប់ទល់​នឹង​មុខ​ជំនួញ​ក្នុងដំណាក់កាល​ការរីក​រាលដាល​នៃ​ជំងឺ​កូ​វីដ​១៩​ក្តី ។​

​កាលពីពេល​ថ្មីៗ​នេះ​លោក សន វុ​ជ្ជ​បុត្រ បានធ្វើ​ដំណើរ​ផ្ទាល់​ទៅកាន់​ទឹកដី​នៃ​ខេត្ត ស្វាយរៀង ដើម្បី​សួរសុខទុក្ខ​សិល្បករ​ជើងចាស់​ផ្នែក​ចាប៉ីដងវែង​លោកតា អ៊ិន សារុន ថែមទាំង​បាន​នាំយក​នូវ​អំណោយ​ជា​សម្ភារៈ​គ្រឿងឧបភោគ​បរិភោគ​រួមទាំង​ថវិកា​មួយចំនួន​ទៅ​ឧបត្ថម្ភ​ជូន​ដល់​គាត់​ផងដែរ​។​

​លោក​បញ្ជាក់ថា លោកតា អ៊ិន សារុន ជា​មរតក​មនុ​ស្សរស់ ដែល​បច្ចុប្បន្ន​លោកតា​កំពុង​រស់ នៅ​យ៉ាង​កម្សត់​នៅ​ភូមិ​ត្រពាំងរុន​២ ស្រុក​រមាសហែក ខេត្តស្វាយរៀង ដែល​លំនៅដ្ឋាន គាត់​ឆ្ងាយ​ពី​ទីប្រជុំជន​មានការ​លំបាក​ខ្លាំង​។

​ការចុះ​សួរសុខទុក្ខរ​បស់​តារាចម្រៀង​រូបនេះ​ក៏បាន លើកទឹកចិត្ត និង​បាន​នាំយក​អំណោយ ខ្លះៗ​ជួយ​ដល់​គាត់​គ្រាន់​សម្រាល​ការលំបាក​បាន​មួយគ្រា ហើយ​បើទោះបី​មិន​ច្រើន​ប៉ុន្តែ ជា​ទឹកចិត្ត​ដែល​លោក​អាចជួយ​បាន បើទោះបីជា​ពេលនេះ​មុខ​ជំនួញ​របស់លោក​ក៏ដូចជា ប្រជាពលរដ្ឋ​ជាច្រើន​មាន​បញ្ហា​ប្រឈម​ផ្ទាល់​និង​ប្រយោល​ដោយ​ជំងឺ​កូ​វីដ​១៩​ក៏ដោយ​។

​ក្រោយពី​ជួប​សួរសុខទុក្ខ​វីរ​សិល្បករ​ខាងលើ​លោក​ក៏​បន្តដំណើរ​ទៅ​ចែក​កង់​ចំនួន​៦​គ្រឿង​ចែកជូន​ដល់​សិស្ស​ក្រីក្រ​ដែល​គ្មាន​លទ្ធភាព​ទិញ​កង់​ធ្វើដំណើរ​ទៅ​សិក្សា ក្នុងនោះ​ក៏មាន​ទាំង សម្ភារៈ​សិក្សា​ដល់​សិស្ស​រៀន​នៅ​សាលាបឋមសិក្សា​ភូមិធំ​ថ្មី ក្នុង​ទឹកដី​ភូមិ​ព្រះ​ធាតុ ស្រុក​កំពង់ត្របែក ខេត្តព្រៃវែង​ផងដែរ​៕​PC

ទីតាំងផ្សាយពាណិជ្ជកម្ម

- Advertisment -

Most Popular