ដោយ: សុខុម / ស្ទឹងត្រែង: ទីតាំងសិប្បកម្មឈើទ្រង់ទ្រាយធំចំនួន២ នៅក្នុងស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង គ្មានសមត្ថកិច្ចណាហ៊ានបង្ក្រាបឡើយ។ ក្រៅពីសកម្មទាំងពីរនោះ ក៏មានសិប្បកម្មតូចៗជាច្រើនកន្លែងផ្សេងទៀត។
នៅព្រឹកថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០ គេឃើញសិប្បកម្មធំមួយនៅក្នុងភូមិឆ្វាំង ឃុំសំអាង និងចំណុចស្ពានទី៨ ភូមិវាលដេញឃុំអន្លង់ជ្រៃ។ សិប្បកម្មទាំងពីរនោះ ត្រូវបានគេឲ្យដឹងថា ដាក់កម្លាំងកម្មករជាច្រើននាក់ដំឡើងរណារយន្តអាជ្រៀកកែច្នៃឈើ រួចដឹកចេញ ដើម្បីបំភ័ន្តភ្នែកសមត្ថកិច្ច។ សកម្មភាពនោះ ធ្វើទាំងយប់ទាំងថ្ងៃដោយមិនខ្លាចញញើតសមត្ថកិច្ចនិងជំនាញរដ្ឋបាលព្រៃឈើ។
លោក អឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលនិងអន្លង់ជ្រៃដែលគ្រប់គ្រងតំបន់នោះ និងលោកវ៉ាសុខា នាយផ្នែករដ្ឋបាលព្រៃឈើប្រចាំស្រុកថាឡាបរិវ៉ាត់ មិនបានបកស្រាយជាមួយអ្នកសារព័ត៌មានទេ ពីព្រោះថាទូរស័ព្ទចូលច្រើនដងមិនមានអ្នកទទួល។
ប្រភពដោយឡែកមួយបានបង្ហើបឲ្យដឹងថា សិប្បកម្មធំៗចំនួនពីរ៖ ទី១.ឈ្មោះស៊ីននៅភូមិឆ្វាំងឃុំសំអាង និងទី២.ឈ្មោះ ញ៉ា នៅចំណុចស្ពានទី៨ ភូមិវាលដេញឃុំអន្លង់ជ្រៃ។ ម្ចាស់សិប្បកម្មទាំងពីរខាងលើនេះ អួតអាងថា គ្មានអ្នកណាហ៊ានចុះបង្ក្រាបទេ ព្រោះទទួលផលអស់ហើយ។ ជាពិសេសជំនាញរដ្ឋបាលព្រៃឈើដែលគ្រប់គ្រងតំបន់នោះតែម្តង៕