ដោយ: សុផានីតា / កោះកុង: តបនឹងបញ្ជារបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី លើវិធានការដ៏ម៉ឹងម៉ាត់ចំពោះការទប់ស្កាត់ជំងឺកូវីដក្នុងសហគន៍ អាជ្ញាធរ មន្ត្រីសុខាភិបាល និងកម្លាំងសមត្ថកិច្ចស្រុកគិរីសាគរ បានដាក់ប៉ុស្តិ៍ប្រចាំការ២៤ម៉ោងលើ២៤ម៉ោងពិនិត្យវាស់កំដៅរាល់អ្នកធ្វើដំណើរទៅមកឆ្លងកាត់ ឬស្នាក់នៅកម្សាន្តក្នុងមូលដ្ឋាន។
វិធានការដាក់ប៉ុស្តិពិនិត្យសុខភាពធ្វើឡើងនៅចំណុចតំបន់កូនកុក ឃុំភ្ញីមាស តាំងពីកើតមានព្រឹត្តការណ៍២៨ វិច្ឆិកា មកម្ល៉េះ យោងតាមបទបញ្ជារបស់លោកស្រី មិថុនា ភូថង ប្រធានគណៈបញ្ជាការឯកភាពរដ្ឋបាលខេត្តកោះកុង និងលោក ចេង មុន្នីរិទ្ធិ អភិបាលស្រុកគិរីសាគរ ក្នុងគោលបំណងដើម្បីសំដៅធ្វើយ៉ាងណាទប់ស្កាត់ និងបង្ការជំងឺកូវីដបានល្អប្រសើរ ជៀសវាងចន្លោះប្រហោណាមួយនាំកើតមានក្នុងសហគមន៍។
លោក ទួន ឪទី អភិបាលរងស្រុកគិរីសាគរ លើកឡើងកាលពីរសៀលថ្ងៃទី១១ ខែធ្នូថា ជាង១០ថ្ងៃទៅហើយដែលអាជ្ញាធរស្រុកគិរីសាគរ បានដាក់ប៉ុស្តិត្រួតពិនិត្យសុខភាពរាល់អ្នកដំណើរទៅមកចំណូលថ្មី ដែលឆ្លងកាត់មូលដ្ឋានមកស្នាក់ ឬទេសចរណ៍កម្សាន្តនៅតាមរមណីយដ្ឋានកោះនានា ដោយសួរនាំពីគោលដៅធ្វើដំណើរ និងប្រវត្តិ នៃការផ្តើមចេញដំណើររហូតដល់មូលដ្ឋានស្រុក។
ប្រសិនបើរកឃើញប្រភពមនុស្សមកពីតំបន់ផ្ទុះជំងឺកូវីដពីខាងក្រៅមកស្នាក់នៅ ឬទេសចរលេងកម្សាន្តបណ្តោះអាសន្ន អាជ្ញាធរស្រុក ធ្វើកំណត់ហេតុរាយការណ៍បញ្ចូនមកកាន់មន្ទីរសុខាភិបាល ដើម្បីធ្វើចត្តាឡីស័ក្ក និងណែនាំពលរដ្ឋប្រុងប្រយ័ត្នខ្ពស់។
លទ្ធផលនៃការអនុវត្តពិនិត្យសុខភាពអ្នកដំណើរតាមដងផ្លូវក្នុងមូលដ្ឋាន លោកអភិបាលរងស្រុកគិរីសាគរ អះអាងថាពុំរកឃើញមានករណីសង្ស័យណាចំពោះអ្នកដំណើរ ឬទេសចរណ៍ដែលមកស្នាក់នៅលេងកម្សាន្តនោះទេ។ ជាក់ស្តែងប្រជាពលរដ្ឋ និងអ្នកដំណើរចំណូលថ្មីបានសហការជាមួយយ៉ាងល្អប្រសើរលើវិធានការទប់ស្កាត់ជំងឺកូវីដ១៩របស់អាជ្ញាធរ។
ក្រៅពីវិធានការពិនិត្យសុខភាពតាមដងផ្លូវ ក៏មានដែលអាជ្ញាធរឃុំនីមួយៗក្នុងស្រុកគិរីសាគរយកចិត្តទុកដាក់ខ្ពស់លើការងារផ្សព្វផ្សាយអប់រំណែនាំពលរដ្ឋអំពីការធ្វើអនាម័យសុខភាពតាមរយៈឧង្ឃោសនស័ព្ទ ដើម្បីជ្រាបជាព័ត៌មាន និងជៀសវាងការឆ្លងជំងឺកូវីដ១៩។
សម្រាប់ក្រុមអ្នកធ្វើដំណើរតាមរថយន្ត និងម៉ូតូ ពីរាជធានីភ្នំពេញ និងបណ្តាខេត្តផ្សងទៀត យល់ថា វិធានការវាស់កំដៅ បាញ់អាល់កុលដៃ និងតម្រូវឱ្យពាក់ម៉ាស់ពេលធ្វើដំណើរនេះជារឿងដ៏សំខាន់សម្រាប់ការពារឆ្លងជំងឺកូវីដ ខណៈរាជរដ្ឋាភិបាលកម្ពុជា ក្រសួងសុខាភិបាល មន្ទីរជំនាញ និងរដ្ឋបាលស្រុក កំពុងផ្តោតយកចិត្តទុកដាក់យ៉ាងម៉ត់ច្មត់ខ្ពស់ ជាពិសេសអ្នកដំណើរតែម្តង ដោយពន្យល់ណែនាំអប់រំចូលរួមទប់ស្កាត់រួមគ្នាជាមួយអាជ្ញាធរ។
ទោះបែបនេះក្តី ពលរដ្ឋអ្នកដំណើរស្នើសុំដល់ពលរដ្ឋកម្ពុជាគ្រប់គ្នាបន្តចូលរួមគោរពអនុវត្តវិធានការអនាម័យអោយបានទាំងអស់គ្នាជាមួយរាជរដ្ឋាភិបាល ក្នុងន័យយកជោគជ័យលើការការពារជំងឺកូវីដ១៩។
គិតចាប់ពីថ្ងៃទី៤ ខែធ្នូ មកដល់ថ្ងៃទី១២ ខែធ្នូ អាជ្ញាធរ និងសមត្ថកិច្ចស្រុកគិរីសាគរ បានពិនិត្យសុខភាពចំពោះអ្នកធ្វើដំណើរចំណូលថ្មីចូលមកកាន់មូលដ្ឋានស្រុកបានជិត៣ពាន់នាក់ហើយ ក្នុងនោះមានជនបរទេសចំនួន៧៧នាក់ និងយានយន្តជាច្រើនរយគ្រឿងផងដែរ៕