ដោយ: សុខុម / ស្ទឹងត្រែង: រថយន្តយីឌុបមួយគ្រឿងបានបុកជាមួយហាយឡិនឌ័រ បណ្ដាលឱ្យធ្លាក់ប្រឡាយ ហើយរថយន្តហាយឡិនឌ័រខូចខាតផ្នែកខាងមុខ។ ហេតុការណ៍បានកើតឡើងនៅលើកំណាត់ផ្លូវជាតិលេខ៩ ទល់មុខបន្ទាយយោធាក្បែរផ្លូវចូលទៅតំបន់ទេសចរណ៍ឃុំព្រះរំកិល ស្ថិតក្នុងភូមិសំអាង ឃុំសំអាង ស្រុកថាឡាបរិវ៉ាត់ ខេត្តស្ទឹងត្រែង កាលពីវេលាទៀបភ្លឺថ្ងៃទី១១ ខែធ្នូ ឆ្នាំ២០២០។
ប្រភពព័ត៌មានបានឲ្យដឹងថា រថយន្តទាំងពីរបើកស្របទិសគ្នាក្នុងទិសដៅពីលិចមកកើត។ ពេលនោះ រថយន្ត Highlander បត់ទៅឆ្វេងបម្រុងចូលក្នុងបន្ទាយ ក៏ស្រាប់តែរថយន្តយីឌុបបុករុញផ្ទុបខូចអស់មួយចំហៀងមុខ។ រីឯរថយន្តយីឌុបបានរេចង្កូតក្បាលធ្លាក់ទៅក្នុងប្រឡាយកន្ទុយនៅលើផ្លូវជាតិ តាំងពីងងឹតរហូតដល់ព្រឹក ទើបអូសចេញបានដោយប្រើរថយន្តស្ទូចយ៉ាងធំ។
ប្រភពពីយោធាបានប្រាប់ថា រថយន្តយីឌុប គឺជារបស់ឧកញ៉ាម្នាក់បានដឹកឈើមូលពេលជួបគ្រោះថ្នាក់ អ្នកបើកបរបានយករថយន្តមួយធំស្ទូចអូសចេញនៅពេលព្រឹក។ ករណីគ្រោះថ្នាក់ចរាចរណ៍នោះ មិនបានយកមកកន្លែងជំនាញនគរបាលចរាចរណ៍ នៃស្នងការដ្ឋានខេត្តស្ទឹងត្រែងឡើយ ហើយក៏មិនមាននរណាម្នាក់គ្រោះថ្នាក់ដែរ។
ប្រភពបានបន្ថែមទៀតថា ភាគីរថយន្តទាំងពីរបានបញ្ចប់រឿងដោយសម្រុះសម្រួលគ្នាជាលុយកាក់មិនចង់វែងឆ្ងាយ ដោយសារតែរថយន្តមានដឹកបទល្មើស។ ហេតុការណ៍នោះ មិនឆ្ងាយពីស្នាក់ការសង្កាត់រដ្ឋបាលព្រៃឈើព្រះរំកិលអន្លុងជ្រៃគ្រប់គ្រងដោយលោក អឿ គឹមហេង ឡើយ។
លោក អឿ គឹមហេង នាយសង្កាត់រដ្ឋបាលព្រៃឈើ មិនលើកទូរសព្ទពេលអ្នកសារព័ត៌មានខលចូល។ លោក គង់ សេនា មេប៉ុស្តិ៍រដ្ឋបាលនគរបាលឃុំសំអាង ក៏មិនអាចទាក់ទងបានជុំវិញហេតុការណ៍ដែលបានកើតឡើងនោះ៕